ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត—ការនិមិត្ត​របស់​យ៉ូហាន​អំពី​សេចក្តី​សង្ឃឹម​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ


វិវរណៈ

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត

ការនិមិត្ត​របស់​យ៉ូហាន​អំពី​សេចក្តី​សង្ឃឹម​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ

យ៉ូហាន​ឈរ​នៅក្បែរ​ព្រះយេស៊ូវ​គ្រីស្ទ ។

សាវក​យ៉ូហាន​បាន​មាន​ការនិមិត្ត​មួយ​ដ៏​ពិសេស ។ លោក​បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​បង្ហាញ​យ៉ូហាន​នូវ​រឿង​ជាច្រើន​អំពី​អតីតកាល និង​អនាគតកាល ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​យ៉ូហាន​ឲ្យ​កត់ត្រា​អ្វី​ដែល​លោក​បាន​ឃើញ ។ ព្រះយេស៊ូវ​បាន​ជ្រាប​ថា ពួកបរិសុទ្ធ​បាន​ព្យាយាម​អស់ពី​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ធ្វើតាម​ទ្រង់ ។ ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​មាន​សេចក្តី​សង្ឃឹម​ថា ទ្រង់​មាន​ព្រះចេស្ដា​ខ្លាំង​ជាង​អារក្ស​នៅក្នុង​ពិភពលោក​នេះ ។

វិវរណៈ ១:១–២, ៩–១១, ១៣–១៥, ១៩; ២–៣

ព្រះវរបិតា​សួគ៌​ដាក់​ព្រះហស្ដ​របស់​ទ្រង់​នៅលើ​ស្មា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង​ការនិមិត្ដ​របស់​លោក យ៉ូហាន​បាន​មើល​ឃើញ​ក្រាំង​មួយ ដែល​គ្មាន​នរណា​អាច​បើក​បាន ។ បន្ទាប់មក យ៉ូហាន​បាន​ឃើញ​កូនចៀម​មួយ​ដែល​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទ្រង់​អាច​បើក​ក្រាំង​នោះ​បាន ។ យ៉ូហាន​បាន​រៀន​ថា ពីមុន​ផែនដី​ត្រូវបាន​បង្កើត​ឡើង ព្រះវរបិតា​សួគ៌​បាន​ជ្រើសរើស​ព្រះយេស៊ូវ​ឲ្យ​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​របស់​ព្រះ ហើយ​មាន​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ការណ៍​នេះ​បាន ។

វិវរណៈ ៥

សាតាំង និង​កូន​វិញ្ញាណ​មួយ​ក្រុម​កំពុង​ចាកចេញ​ពី​ស្ថានសួគ៌ ។

យ៉ូហាន​ក៏​បាន​ឃើញ​នាគ​ផងដែរ ដែល​វា​តំណាង​ឲ្យ​សាតាំង ។ សាតាំង​មិន​ពេញចិត្ត​ផែនការ​របស់​ព្រះ​ទេ ។ វា​បាន​ចាប់ផ្ដើម​សង្គ្រាម​មួយ​នៅ​ស្ថានសួគ៌ ។ ភាគច្រើន​នៃ​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។ ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​បាន​ជ្រើសរើស​ធ្វើតាម​សាតាំង ។ ដោយសារតែ​ជម្រើស​របស់​ពួកគេ នោះ​ពួកគេ​ត្រូវ​ចាកចេញ​ពី​ស្ថានសួគ៌ ។

វិវរណៈ ១២:៣–១១

រូបភាព​រួម​បញ្ចូល​គ្នា​មួយ ដែល​បង្ហាញ​ពី​ពួកទាហាន​កំពុង​ដើរ​ព្យុហយាត្រា មនុស្ស​ដែល​ខ្វះខាត និង​គ្រោះទុរភិក្ស ។

យ៉ូហាន​បាន​ឃើញ​ថា សាតាំង និង​អ្នកដើរតាម​របស់​វា​បាន​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះយេស៊ូវ និង​អ្នកដើរតាម​របស់​ទ្រង់​នៅលើ​ផែនដី ។ ពួកវា​បាន​ព្យាយាម​បោក​បញ្ឆោត​មនុស្ស​កុំ​ឲ្យ​ជឿ​លើ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ មាន​សង្គ្រាម ការបំផ្លិច​បំផ្លាញ និង​ជំងឺ​ជាច្រើន ។

វិវរណៈ ៦; ៨–៩; ១២:១៧; ១៣:១១–១៨; ១៧–១៨

ទេវតា​មរ៉ូណៃ​កំពុង​ណែនាំ យ៉ូសែប ស្ម៊ីធ ទៅរក​ផ្ទាំង​ចំណារ​មាស ។

ប៉ុន្តែ​ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ទេវតា​ពី​ស្ថានសួគ៌​មក​ជាមួយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ដំណឹងល្អ​អាច​បាន​ចែកចាយ​ជាមួយ​មនុស្ស​គ្រប់រូប​នៅលើ​ផែនដី ។

វិវរណៈ ១៤:៦–៧

គ្រួសារ​កំពុង​ទទួល​ទាន​សាក្រាម៉ង់ ។

មនុស្ស​មួយ​ចំនួន​នឹង​ជឿ​លើ​ព្រះយេស៊ូវ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ដូច​ដែល​ពួកគេ​បាន​ធ្វើ​នៅឯ​ស្ថានសួគ៌​ដែរ ។ ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​នឹង​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​លើ​សង្គ្រាម​ប្រឆាំង​នឹង​សាតាំង​នេះ ។

វិវរណៈ ១២:១១; ១៩:៨–១០

ព្រះយេស៊ូវ​យាង​ចុះពី​ស្ថានសួគ៌ អម​ដោយ​ពួកទេវតា​នៅ​ពីក្រោយ​ទ្រង់ ។

យ៉ូហាន​បាន​ឃើញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​ផែនដី​ម្តងទៀត ។ ទ្រង់​នឹង​ក្លាយជា​ស្តេច​នៃ​ពិភពលោក​ទាំងមូល ។ សាតាំង​នឹង​លែង​មាន​អំណាច​ទៀត​ហើយ ។ ដោយសារតែ​ព្រះយេស៊ូវ នោះ​នឹង​មិន​មាន​ទុក្ខសោក ឬ​ការឈឺចាប់​ទៀត​ទេ ។ មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះយេស៊ូវ ហើយ​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ នឹង​រស់នៅ​ជាមួយ​ទ្រង់ និង​ព្រះវរបិតា​សួគ៌​ជា​រៀងរហូត ។

វិវរណៈ ១៩:១១–១៦; ២០:១–២; ២១:១–៧