ម៉ាថាយ ១២:១–១២; លូកា ១៣:១០–១៧
ព្រះយេស៊ូវព្យាបាលស្ត្រីម្នាក់នៅថ្ងៃឈប់សម្រាក
ការធ្វើល្អនៅថ្ងៃដ៏បរិសុទ្ធរបស់ទ្រង់
ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់កំពុងដើរកាត់វាលស្រែមួយនៅថ្ងៃឈប់សម្រាក ។ ពួកលោកឃ្លាន ដូច្នេះពួកលោកបានរើសស្រូវសាលីមួយចំនួនយកមកបរិភោគ ។ ពួកអ្នកដឹកនាំសាសន៍យូដាមួយចំនួន ដែលគេហៅថាពួកផារិស៊ី បានឃើញពួកលោកធ្វើដូច្នោះ ។ ពួកផារិស៊ីបានបង្កើតច្បាប់ជាច្រើនអំពីថ្ងៃឈប់សម្រាក ។ ការរើសស្រូវសាលីគឺខុសនឹងច្បាប់របស់ពួកគេ ។
ម៉ាថាយ ១២:១–២
ពួកផារិស៊ីបានទូលសួរព្រះយេស៊ូវថា ហេតុអ្វីបានជាពួកសិស្សរបស់ទ្រង់មិនគោរពថ្ងៃឈប់សម្រាក ។ ព្រះយេស៊ូវបានមានបន្ទូលតបថា ពួកគេមិនបានធ្វើអ្វីខុសនោះទេ ។ ព្រះបានប្រទានថ្ងៃឈប់សម្រាកឲ្យយើង ដើម្បីប្រទានពរជ័យដល់យើង មិនមែនដើម្បីធ្វើឲ្យជីវិតរបស់យើងកាន់តែលំបាកនោះទេ ។
ម៉ាថាយ ១២:២–៨; ម៉ាកុស ២:២៧
ក្រោយមក ព្រះយេស៊ូវបានបង្រៀននៅក្នុងសាលាប្រជុំមួយនៅថ្ងៃឈប់សម្រាក ។ ព្រះយេស៊ូវបានសម្គាល់ឃើញស្ត្រីម្នាក់នៅទីនោះ នាងមិនអាចឈរត្រង់បានទេ ។ នាងមានបញ្ហានេះរយៈពេល១៨ឆ្នាំហើយ ។
លូកា ១៣:១០–១២
ព្រះយេស៊ូវបានហៅឲ្យស្ដ្រីរូបនោះឲ្យមករកទ្រង់ ។ ទ្រង់បានដាក់ព្រះហស្ដរបស់ទ្រង់លើនាង ដើម្បីប្រទានពរដល់នាង ។
លូកា ១៣:១២–១៣
ភ្លាមៗនោះ ស្ត្រីនោះបានក្រោកឈរឡើងត្រង់ភ្លឹង ។ អ្នកដឹកនាំនៅសាលាប្រជុំបានខឹងសម្បា ព្រោះព្រះយេស៊ូវបានព្យាបាលនៅថ្ងៃឈប់សម្រាក ។
លូកា ១៣:១៣–១៤
ព្រះយេស៊ូវមានបន្ទូលថា ការជួយដល់ស្ដ្រីរូបនេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ។ វាគឺជារឿងត្រឹមត្រូវដើម្បីធ្វើល្អនៅថ្ងៃឈប់សម្រាក ។ អ្នកដឹកនាំនោះបានអាម៉ាសមុខ ហើយមនុស្សនៅក្នុងសាលាប្រជុំបានអររីករាយ ដោយសារស្ដ្រីរូបនេះបានជាសះស្បើយ ។
លូកា ១៣:១៥–១៧; សូមមើលផងដែរ លូកា ៦:៩