ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អាហារ​យប់​ថ្ងៃ​ចុងក្រោយ—ព្រះយេស៊ូវ​តាំង​ពិធី​សាក្រាម៉ង់


ម៉ាថាយ ២៦ ; លូកា ២២ ; យ៉ូហាន ១៣–១៤

អាហារ​យប់​ថ្ងៃ​ចុងក្រោយ

ព្រះយេស៊ូវ​តាំង​ពិធី​សាក្រាម៉ង់

ព្រះយេស៊ូវ និង​ពួកសាវក​របស់​ទ្រង់​នៅ​ក្រុង​យេរូសាឡិម ។

ព្រះយេស៊ូវ និង​ពួកសាវក​របស់​ទ្រង់​បាន​នៅ​ក្រុង​យេរូសាឡិម​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​រំលង ។ ប្រជាជន​សាសន៍​យូដា​បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​រំលង​ជារៀងរាល់​ឆ្នាំ ។ វា​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ថា ជាច្រើន​ឆ្នាំ​កន្លង​ទៅ ក្រុមគ្រួសារ​របស់​ពួកគេ​ធ្លាប់ជា​ទាសករ​នៅក្នុង​ស្រុក​អេស៊ីព្ទ ហើយ​ព្រះ​បាន​ជួយ​ពួកគេ​ឲ្យ​រត់​គេចខ្លួន ។

និក្ខមនំ ១២:២៧

ព្រះយេស៊ូវ និង​ពួកសាវក​របស់​ទ្រង់​បាន​ជួបជុំ​គ្នា​នៅ​ជុំវិញ​តុ​មួយ ។

កាល​គង់​នៅ​ក្រុង​យេរូសាឡិម ព្រះយេស៊ូវ និង​ពួកសាវក​របស់​ទ្រង់​បាន​ធ្វើ​ពិធី​ជប់លៀង​ពិសេស​មួយ​ជាមួយ​គ្នា ។ ព្រះយេស៊ូវ​បាន​ទន្ទឹង​រង់ចាំ​ដល់​ពេលវេលា​បរិភោគ​អាហារ​នេះ​ជាមួយ​ពួកគេ ។

លូកា ២២:៧–១៥

ព្រះយេស៊ូវ​កំពុង​លាង​ជើង​ឲ្យ​សាវក​ម្នាក់​របស់​ទ្រង់ ។

បន្ទាប់ពី​ទ្រង់​បាន​បរិភោគ​រួច​ហើយ ព្រះយេស៊ូវ​បាន​ចាក់​ទឹក​ពេញ​ចានក្លាំ​មួយ ។ ទ្រង់​បាន​ចាប់ផ្ដើម​លាង​ជើង​ឲ្យ​ពួកសាវក​របស់​ទ្រង់ ។

យ៉ូហាន ១៣:៤–៥

ពេត្រុស​សួរ​ថា ហេតុអ្វី​បានជា​ព្រះយេស៊ូវ​លាង​ជើង​របស់​ពួកលោក ។

លុះ​ដល់​វេន​ពេត្រុស លោក​ក៏​សួរ​ថា ហេតុអ្វី​បានជា​ព្រះយេស៊ូវ​ធ្វើ​បែប​នេះ ។ ការលាង​ជើង​គឺជា​អ្វីមួយ ដែល​ជា​ធម្មតា​មាន​តែ​អ្នកបម្រើ​ប៉ុណ្ណោះ​ដែល​ធ្វើ ។

យ៉ូហាន ១៣:៦

ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួកសាវក​របស់​ទ្រង់​អំពី​របៀប​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​លាង​ជើង​របស់​ពួកលោក ដើម្បី​ធ្វើជា​គំរូ​ដល់​ពួកលោក ។ ទ្រង់​ចង់​ឲ្យ​ពួកលោក​បម្រើ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​ដែល​ទ្រង់​បាន​ស្រឡាញ់​ពួកលោក ។ ប្រសិនបើ​ពួកលោក​ធ្វើ​បែប​នេះ នោះ​មនុស្ស​នឹង​ដឹង​ថា ពួកលោក​គឺជា​សិស្ស​របស់​ទ្រង់ ។

យ៉ូហាន ១៣:១៤–១៦, ៣៤–៣៥

ពេត្រុស​កំពុង​ទូល​ជាមួយ​ព្រះយេស៊ូវ ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកសិស្ស​របស់​ទ្រង់​ថា ទ្រង់​នឹង​សុគត​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ពេត្រុស​បាន​និយាយ​ថា លោក​សុខ​ចិត្ត​ស្លាប់​ជំនួស​ព្រះយេស៊ូវ ។

យ៉ូហាន ១៣:៣៦–៣៨

ព្រះយេស៊ូវ​ឆ្លើយតប​ទៅ​ពេត្រុស ។

ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា គ្រា​លំបាក​នឹង​មក​ដល់ ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពេត្រុស​ថា មុនពេល​មាន់​រងាវ​នៅ​ព្រឹក​ស្អែក ពេត្រុស​នឹង​និយាយ​បី​ដង​ថា លោក​មិន​ស្គាល់​ព្រះយេស៊ូវ​ទេ ។

យ៉ូហាន ១៣:៣៨

ព្រះយេស៊ូវ​បង្រៀន​ពួកសាវក​របស់​ទ្រង់​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះយេស៊ូវ​បាន​ជ្រាប​ថា ពួកសាវក​របស់​ទ្រង់​អាច​នឹង​មាន​ការព្រួយ​បារម្ភ និង​ភ័យខ្លាច ។ ទ្រង់​បាន​សន្យា​ថា ព្រះ​នឹង​ចាត់​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​ពួកលោក ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​លួងលោម​ពួកលោក បង្រៀន​ពួកលោក ហើយ​ជួយ​ពួកលោក​ឲ្យ​ចងចាំ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ពួកលោក ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួកលោក​ថា កុំ​ឲ្យ​ព្រួយ​បារម្ភ ឬ​ខ្លាច​អី ។ ទ្រង់​បាន​មាន​បន្ទូល​ថា « បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ។

យ៉ូហាន ១៤:១, ១៥–១៦, ២៦–២៧

ព្រះយេស៊ូវ​កាច់​នំប៉័ង​សម្រាប់​ពិធី​សាក្រាម៉ង់ ។

បន្ទាប់មក ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីមួយ​ដ៏​ពិសេស​យ៉ាង​ខ្លាំង ដើម្បី​ជួយ​ពួកសាវក​របស់​ទ្រង់​ឲ្យ​ចងចាំ​ទ្រង់​ជានិច្ច ។ ទ្រង់​បាន​ប្រទាន​ពិធី​សាក្រាម៉ង់​ដល់​ពួកលោក ។ ដំបូង ទ្រង់​បាន​ប្រទាន​ពរ​ដល់​នំប៉័ង កាច់​វា​ជា​ដុំៗ ហើយ​ចែក​វា​ដល់​ពួកសាវក​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកលោក​ឲ្យ​គិត​អំពី​ព្រះកាយ​របស់​ទ្រង់ នៅពេល​ពួកលោក​បរិភោគ​នំប៉័ង​នោះ ។ ទ្រង់​បាន​សុំឲ្យ​ពួកលោក​ចងចាំ​ថា ទ្រង់​បាន​សុគត​ដើម្បី​ពួកលោក ។

ម៉ាថាយ ២៦:២៦; លូកា ២២:១៩

ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​ស្រា​ទំពាំង​បាយជូរ​សម្រាប់​ពិធី​សាក្រាម៉ង់ ។

បន្ទាប់មក ព្រះយេស៊ូវ​បាន​ចាក់​ស្រា​ទំពាំង​បាយជូរ​ទៅក្នុង​ពែង​មួយ ។ ទ្រង់​បាន​ប្រទានពរ​ដល់​ស្រា​ទំពាំង​បាយជូរ ហើយ​មាន​បន្ទូល​ប្រាប់​ពួកសាវក​ឲ្យ​ផឹក​វា​ចុះ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកលោក​ឲ្យ​គិត​អំពី​ព្រះលោហិត​របស់​ទ្រង់ នៅពេល​ពួកលោក​ផឹក​ស្រា​ទំពាំង​បាយជូរ​នោះ ។ ទ្រង់​បាន​សុំឲ្យ​ពួកលោក​ចងចាំ​ថា ទ្រង់​បាន​រងទុក្ខ ហូរ​ព្រះលោហិត ហើយ​បាន​សុគត​សម្រាប់​ការឈឺចាប់ និង​អំពើបាប​របស់​មនុស្ស​ទាំងអស់ ដើម្បី​ឲ្យ​យើង​អាច​ប្រែចិត្ត និង​ទទួល​បាន​ការអភ័យទោស ។

ម៉ាថាយ ២៦:២៧–២៨ ; លូកា ២២:២០

ព្រះយេស៊ូវ​បង្រៀន​ពួកសាវក​របស់​ទ្រង់​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

បន្ទាប់មក ព្រះយេស៊ូវ​បាន​ពន្យល់​ថា ទ្រង់​គឺ​ដូចជា​ដើម​ទំពាំង​បាយជូរ ហើយ​ពួកសិស្ស​របស់​ទ្រង់​គឺ​ដូចជា​មែក​ទំពាំង​បាយជូរ​នោះ ។ ប្រសិនបើ​មែក​នៅ​ជាប់​នឹង​ដើម​ទំពាំង​បាយជូរ នោះ​វា​នឹង​ដុះ​បាន​ផលផ្លែ ។ មែក​ដែល​មិន​នៅ​ជាប់​នឹង​ដើម​ទំពាំង​បាយជូរ​នឹង​ងាប់ ហើយ​មិន​អាច​បង្កើត​បាន​ផលផ្លែ​ឡើយ ។ ព្រះយេស៊ូវ​ចង់​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​នៅ​ជិត​ទ្រង់​ជានិច្ច ដោយ​ការស្រឡាញ់​គ្នា​ទៅវិញ​ទៅមក និង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

យ៉ូហាន ១៥:៤–១២

ព្រះយេស៊ូវ និង​ពួកសាវក​របស់​ទ្រង់​កំពុង​ដើរ​ទៅកាន់​សួនច្បារ​គែតសេម៉ានី ។

បន្ទាប់ពី​បាន​បង្រៀន​រឿង​ទាំងនេះ​រួចហើយ ព្រះយេស៊ូវ និង​ពួកសាវក​របស់​ទ្រង់​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​បទ ។ ពួកលោក​បាន​ដើរ​ឆ្ពោះ​ទៅ​សួនច្បារ​មួយ​ដែល​មាន​ឈ្មោះ​ថា គែតសេម៉ានី ។

ម៉ាថាយ ២៦:៣០