យ៉ូហាន ១០:១–១៨
ព្រះយេស៊ូវជាអ្នកគង្វាលល្អ
« ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ខ្ញុំក៏ស្គាល់វាដែរ »
ព្រះយេស៊ូវមានបន្ទូលប្រាប់ប្រជាជននៅក្រុងយេរូសាឡិមថា ទ្រង់គឺដូចជាអ្នកគង្វាលល្អម្នាក់ ។ ពួកសិស្ស ឬអ្នកដើរតាមទ្រង់ គឺដូចជាចៀមរបស់ទ្រង់ ។ អ្នកគង្វាលល្អស្រឡាញ់ចៀមរបស់ទ្រង់ ។ គាត់ស្គាល់ឈ្មោះចៀមនីមួយៗ ។
យ៉ូហាន ១០:៣, ១៤ ; សូមមើលផងដែរ ហេលេមិន ១៥:១៣
ចៀមទាំងនោះស្គាល់សំឡេងរបស់អ្នកគង្វាលល្អ ។ នៅពេលគាត់ហៅវា វាស្តាប់ ហើយមកតាម ។
យ៉ូហាន ១០:៤, ២៧
អ្នកគង្វាលល្អមើលថែចៀមរបស់គាត់ ។ គាត់នាំវាទៅកាន់វាលស្មៅខៀវស្រងាត់ គឺដូចជាព្រះយេស៊ូវគ្រីស្ទនាំយើងទៅកាន់ជីវិតដ៏អស់កល្បជានិច្ចដែរ ។
យ៉ូហាន ១០:៩–១០, ២៨
នៅពេលគេជួលអ្នកផ្សេងទៀតឲ្យមើលថែចៀម ចៀមមិនដើរតាមគាត់ទេ ព្រោះវាមិនស្គាល់សំឡេងគាត់ ។ នៅពេលមានគ្រោះថ្នាក់មកដល់ អ្នកស៊ីឈ្នួលក៏រត់គេចខ្លួន ។ គាត់មិនខ្វល់ពីចៀមទាំងនោះ ដូចជាអ្នកគង្វាលល្អទេ ។
យ៉ូហាន ១០:៥, ១២–១៣
អ្នកគង្វាលល្អមិនរត់គេចខ្លួនទេ ពេលមានគ្រោះថ្នាក់ ។ គាត់នៅការពារចៀមរបស់គាត់ ។ គាត់ថែមទាំងស្ម័គ្រចិត្តស៊ូប្តូរជីវិតគាត់ជំនួសចៀម គឺដូចជាព្រះយេស៊ូវគ្រីស្ទបានលះបង់ព្រះជន្មរបស់ទ្រង់សម្រាប់យើង ដើម្បីឲ្យយើងអាចមានជីវិតដ៏អស់កល្បជានិច្ចដែរ ។
យ៉ូហាន ១០:១១, ១៧–១៨
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ប្រជាជននៅក្រុងយេរូសាឡិមថា ទ្រង់ក៏មានចៀមឯទៀត ដែលរស់នៅកន្លែងផ្សេងទៀតដែរ ។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ក៏នឹងយាងទៅជួបពួកគេដែរ ហើយពួកគេនឹងស្តាប់ការបង្រៀនរបស់ទ្រង់ ។ ព្រះគម្ពីរមរមនប្រាប់អំពីព្រះយេស៊ូវដែលបានយាងទៅជួបចៀមមួយចំនួនផ្សេងទៀតរបស់ទ្រង់នៅទ្វីបអាមេរិក ។
យ៉ូហាន ១០:១៦ ; នីហ្វៃទី៣ ១៥:១១–២៤