យ៉ូហាន ២១ ; ម៉ាថាយ ២៨:១៦–២០ ; ម៉ាកុស ១៦:១៥–១៩
ព្រះយេស៊ូវបង្គាប់ឲ្យពួកសាវកឲ្យចំណីដល់កូនចៀមរបស់ទ្រង់ផង
ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូវ ដោយការបង្រៀនអ្នកដទៃអំពីទ្រង់
បន្ទាប់ពីព្រះយេស៊ូវបានរស់ឡើងវិញ ពេត្រុស និងពួកសាវកមួយចំនួនទៀតបានទៅនេសាទត្រី ។ ទោះបីជាពួកលោកបាននេសាទពេញមួយយប់ហើយក៏ដោយ ក៏ពួកលោកចាប់មិនបានត្រីមួយដែរ ។
យ៉ូហាន ២១:១–៣
នៅព្រឹកបន្ទាប់ ពួកសាវកបានឃើញព្រះយេស៊ូវនៅឯច្រាំង ប៉ុន្តែពួកលោកមិនដឹងថាជាទ្រង់ទេ ។ ទ្រង់បានសួរថា តើពួកលោកចាប់បានត្រីដែរឬទេ ។ ពួកលោកបានតបថា ពួកលោកចាប់មិនបានទេ ។
យ៉ូហាន ២១:៤–៥
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសាវកឲ្យទម្លាក់អួនរបស់ពួកលោកទៅខាងស្ដាំទូក ហើយពួកលោកនឹងចាប់បានត្រី ។ ពួកសាវកបានធ្វើតាមអ្វីដែលព្រះយេស៊ូវបានមានបន្ទូល ហើយអួននោះក៏ពេញដោយត្រីជាងមួយរយក្បាល ! អួននោះពេញត្រីយ៉ាងធ្ងន់ រហូតដល់ពួកសាវកមិនអាចទាញអួនចូលមកក្នុងទូកបានទេ ។
យ៉ូហាន ២:១៦
បន្ទាប់មក យ៉ូហានបានដឹងថា បុរសនោះជានរណា ។ លោកបានប្រាប់ពេត្រុសថា « នេះគឺជាព្រះអម្ចាស់ហើយ » ។ ពេត្រុសបានលោតចូលទៅក្នុងទឹកសមុទ្រ ហើយហែលទៅរកព្រះយេស៊ូវ ។ ពួកសាវកដទៃទៀតបានទាញទូក និងត្រីមកឯច្រាំង ។ ព្រះយេស៊ូវបានចម្អិននំប៉័ង និងត្រីមួយចំនួន ហើយទ្រង់បានអញ្ជើញពួកសាវកឲ្យមកបរិភោគជាមួយទ្រង់ ។
យ៉ូហាន ២១:៧–១៣
ក្រោយពីពួកលោកបានបរិភោគរួច ព្រះយេស៊ូវបានសួរពេត្រុសថា « តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » ពេត្រុសបានឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ។ រួចព្រះយេស៊ូវបានមានបន្ទូលថា « ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង » ។
យ៉ូហាន ២១:១៥
បន្ទាប់មក ព្រះយេស៊ូវបានសួរពេត្រុសម្ដងទៀតថា តើលោកស្រឡាញ់ទ្រង់ឬទេ ? ពេត្រុសបានឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ។ ព្រះយេស៊ូវមានបន្ទូលទៅលោកថា « ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង » ។
យ៉ូហាន ២១:១៦
ព្រះយេស៊ូវបានសួរពេត្រុសជាលើកទីបីថា តើលោកស្រឡាញ់ទ្រង់ឬទេ ។ ពេត្រុសបានតបថា « ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ » ។ ព្រះយេស៊ូវមានបន្ទូលទៅលោកម្ដងទៀតថា « ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង » ។ ទ្រង់ចង់ឲ្យពេត្រុសមើលថែមនុស្សដែលដើរតាមព្រះយេស៊ូវ ។
យ៉ូហាន ២១:១៧
ក្រោយមក ព្រះយេស៊ូវបានបង្គាប់ឲ្យពួកសាវករបស់ទ្រង់មកជួបទ្រង់នៅលើភ្នំមួយ ។ នៅទីនោះ ទ្រង់បានមានបន្ទូលប្រាប់ពួកលោកឲ្យចែកចាយដំណឹងល្អរបស់ទ្រង់ទៅពាសពេញពិភពលោក បង្រៀនមនុស្សអំពីព្រះបញ្ញត្តិរបស់ទ្រង់ ហើយធ្វើបុណ្យជ្រមុជទឹកដល់អស់អ្នកដែលជឿ ។ ទ្រង់បានមានបន្ទូលថា « អ្នករាល់គ្នានឹងធ្វើជាទីបន្ទាល់ពីខ្ញុំ » ។ ទ្រង់បានសន្យាថា ទ្រង់នឹងគង់នៅជាមួយពួកលោក ហើយប្រទានព្រះចេស្ដាដល់ពួកលោកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ម៉ាថាយ ២៨:១៦–២០ ; ម៉ាកុស ១៦:១៥–១៩ ; កិច្ចការ ១:៨
បន្ទាប់មក ព្រះយេស៊ូវបានឡើងទៅលើមេឃ រួចមានពពកមកបំបាំងទ្រង់ ។ ទ្រង់បានយាងត្រឡប់ទៅឯព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌វិញ ។ កាលពួកសាវកបានមើលទ្រង់យាងចេញទៅ នោះទេវតាពីរអង្គបានបង្ហាញព្រះកាយមក ។ ពួកទេវតាបានមានបន្ទូលថា ព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌ ហើយទ្រង់នឹងយាងមកផែនដីវិញតាមបែបដដែលនៅថ្ងៃណាមួយ ។
កិច្ចការ ១:៩–១១