ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ព្យាបាល​ស្រ្តី​ម្នាក់ និង​ប្រោស​កូនស្រី​របស់​យ៉ៃរ៉ុស​ពី​ស្លាប់—« កុំ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ »


ម៉ាកុស ៥:២១–៤៣

ព្រះយេស៊ូវ​ព្យាបាល​ស្រ្តី​ម្នាក់ និង​ប្រោស​កូនស្រី​របស់​យ៉ៃរ៉ុស​ពី​ស្លាប់

« កុំ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ »

យ៉ៃរ៉ុស​ជាមួយ​នឹង​ភរិយា និង​កូនស្រី​របស់​គាត់ ។

បុរស​ម្នាក់​ឈ្មោះ យ៉ៃរ៉ុស បាន​រស់នៅ​ជាមួយ​ភរិយា និង​កូនស្រី​របស់​គាត់​នៅក្នុង​ទីក្រុង​មួយ​នៅក្បែរ​សមុទ្រ​កាលីឡេ ។ យ៉ៃរ៉ុស​គឺជា​អ្នកដឹកនាំ​ម្នាក់​នៅ​សាលាប្រជុំ ជា​កន្លែង​ដែល​ពួកសាសន៍​យូដា​បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ ។

ម៉ាកុស ៥:២២

កូនស្រី​របស់​យ៉ៃរ៉ុស​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ។

កូនស្រី​របស់​យ៉ៃរ៉ុស ដែល​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ។ នាង​ហៀប​នឹង​ស្លាប់ ។ យ៉ៃរ៉ុស​ដឹង​ថា នាង​ត្រូវការ​ជំនួយ ។ គាត់​ក៏​បាន​ដឹង​ដែរ​ថា ព្រះយេស៊ូវ​គង់​នៅក្នុង​ទីក្រុង​របស់​ពួកគេ ។

ម៉ាកុស ៥:២២–២៣

យ៉ៃរ៉ុស​ទូលសូម​ព្រះយេស៊ូវ​ឲ្យ​មក​ព្យាបាល​កូនស្រី​របស់​គាត់ ។

យ៉ៃរ៉ុស​បាន​ចេញពី​ផ្ទះ​របស់​គាត់ ហើយ​បាន​រកឃើញ​ព្រះយេស៊ូវ ។ គាត់​បាន​លុត​ជង្គង់​នៅ​ព្រះបាទ​របស់​ព្រះយេស៊ូវ ហើយ​បាន​ទូល​សូម​ឲ្យ​ទ្រង់​មក​ព្យាបាល​កូនស្រី​របស់​គាត់ ។ យ៉ៃរ៉ុស​បាន​ដឹង​ថា ប្រសិនបើ​ព្រះយេស៊ូវ​ប្រទានពរ​ដល់​កូនស្រី​របស់​គាត់ នោះ​នាង​នឹង​មាន​ជីវិត ។ ព្រះយេស៊ូវ​បាន​ដើរតាម​យ៉ៃរ៉ុស​ទៅ​ផ្ទះ​របស់​គាត់ ។ ហ្វូង​មនុស្ស​បាន​ដើរតាម​ទ្រង់ ។

ម៉ាកុស ៥:២៣–២៤

ស្រ្តី​ម្នាក់​នៅក្នុង​ហ្វូង​មនុស្ស​នោះ​ចង់​ឲ្យ​ព្រះយេស៊ូវ​ព្យាបាល​នាង​ដែរ ។

ស្រ្តី​ម្នាក់​ដែល​នៅ​ទីក្រុង​ដូចគ្នា​នោះ ក៏​ត្រូវការ​ជំនួយ​របស់​ព្រះយេស៊ូវ​ដែរ ។ នាង​បាន​ឈឺ​ធ្ងន់​រយៈពេល​១២​ឆ្នាំ​ហើយ ។ នាង​បាន​ចំណាយ​ប្រាក់​ទាំងអស់​របស់​នាង​ទៅលើ​គ្រូពេទ្យ ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​ព្យាបាល​នាង​ជា​ទេ—នាង​កាន់តែ​ឈឺ​ធ្ងន់​ទៅៗ ។ នាង​ដឹង​ថា ព្រះយេស៊ូវ​អាច​ព្យាបាល​នាង​បាន ។ ប៉ុន្តែ​តើ​នាង​នឹង​ទៅដល់​ទ្រង់​តាម​របៀប​ណា​ទៅ បើ​ហ្វូង​មនុស្ស​ច្រើន​យ៉ាង​នេះ ?

ម៉ាកុស ៥:២៥–២៧

Jesus Heals Woman Raises Jairus' Daughter

ស្ដ្រី​រូប​នេះ​បាន​ជឿ​ថា បើ​នាង​គ្រាន់តែ​អាច​ពាល់​ព្រះពស្ត​របស់​ទ្រង់ នោះ​នាង​នឹង​បាន​ជា​សះស្បើយ​ហើយ ។ នាង​បាន​ឈោង​ទៅ​ព្រះយេស៊ូវ នៅពេល​ទ្រង់​បាន​យាង​កាត់​នោះ ។ នៅពេល​នាង​បាន​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ទ្រង់​ភ្លាម ជំងឺ​របស់​នាង​ក៏​បាន​ជា​សះស្បើយ ។

ម៉ាថាយ ៩:២០; ម៉ាកុស ៥:២៧–២៩; លូកា ៨:៤៤

ព្រះយេស៊ូវ​សួរ​ថា តើ​អ្នកណា​បាន​ពាល់​ទ្រង់ ។

ព្រះយេស៊ូវ​បាន​ឈប់​យាង​ទៅមុខ​ភ្លាមៗ ។ ទ្រង់​ជ្រាប​ក្នុង​ព្រះអង្គ​ទ្រង់​ថា មាន​ព្រះចេស្តា​ចេញពី​ទ្រង់ ។ « អ្នកណា​ពាល់​អាវ​ខ្ញុំ ? » ទ្រង់​បាន​ទូល​សួរ ។ ពួកសិស្ស​របស់​ទ្រង់​រាង​វង្វេង​បន្ដិច ។ មនុស្ស​ជាច្រើន​បាន​ពាល់​ទ្រង់—មនុស្ស​ជាច្រើន​ហ៊ុមព័ទ្ធ​ពួកលោក​ជិត ។ ព្រះយេស៊ូវ​បាន​ងាក​ទត​ទីជុំវិញ​នឹង​រក​អ្នកណា​ដែល​បាន​ពាល់​ទ្រង់ ។

ម៉ាកុស ៥:៣០–៣២; លូកា ៨:៤៥

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​ស្ត្រី​នោះ​ឲ្យ​ទៅ​ប្រកប​ដោយ​សេចក្ដីសុខ​ចុះ ។

ព្រះយេស៊ូវ​បាន​ទតឃើញ​ស្ត្រី​រូប​នោះ ដែល​បាន​ពាល់​ព្រះពស្ដ​របស់​ទ្រង់ ។ នាង​បាន​ទូល​ប្រាប់​ព្រះយេស៊ូវ​អំពី​ជំងឺ​របស់​នាង ហើយ​ថា ព្រះយេស៊ូវ​បាន​ព្យាបាល​នាង​ឲ្យ​ជា​សះស្បើយ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​លួងលោម​នាង ។ នាង​បាន​ជា​សះស្បើយ ដោយសារតែ​សេចក្ដី​ជំនឿ​របស់​នាង​ទៅលើ​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​នាង​ថា « ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដីសុខ​ចុះ » ។

ម៉ាកុស ៥:៣៣–៣៤; លូកា ៨:៤៧–៤៨

យ៉ៃរ៉ុស​ដឹង​ថា កូនស្រី​របស់​គាត់​បាន​ស្លាប់​ហើយ ។

បន្ទាប់​មក មាន​បុរស​ម្នាក់​មកពី​ផ្ទះ​របស់​យ៉ៃរ៉ុស ។ គាត់​បាន​និយាយ​ថា វា​យឺត​ពេល​ហើយ ៖ កូនស្រី​របស់​យ៉ៃរ៉ុស​បាន​ស្លាប់​ហើយ ។ យ៉ៃរ៉ុស​មិន​គួរ​រំខាន​ព្រះយេស៊ូវ​ទៀត​ឡើយ ។

ម៉ាកុស ៥:៣៥

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​យ៉ៃរ៉ុស​ឲ្យ​ជឿ​លើ​ទ្រង់ ។

ភ្លាមៗ​ដែល​ព្រះយេស៊ូវ​បាន​ឮ​ដំណឹង​នេះ ទ្រង់​បាន​ប្រាប់​យ៉ៃរ៉ុស​ថា « កុំ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។ បន្ទាប់​មក ពួកគេ​បាន​ទៅ​ផ្ទះ​របស់​យ៉ៃរ៉ុស ។

ម៉ាកុស ៥:៣៦–៣៨

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កូនស្រី​របស់​យ៉ៃរ៉ុស​ថា​ឲ្យ​ក្រោកឡើង ។

យ៉ៃរ៉ុស និង​ភរិយា​របស់​គាត់​បាន​យាង​ព្រះយេស៊ូវ​ទៅ​កន្លែង​ដែល​កូនស្រី​របស់​ពួកគេ​ដេក ។ ព្រះយេស៊ូវ​បាន​កាន់​ដៃ​របស់​ក្មេងស្រី​នោះ ហើយ​មាន​បន្ទូល​ទៅ​នាង​ថា « ក្រោក​ឡើង » ។

ម៉ាកុស ៥:៤១

កូនស្រី​របស់​យ៉ៃរ៉ុស​មាន​ជីវិត​ឡើងវិញ​ម្តងទៀត ។

ភ្លាមៗ​នោះ កូនស្រី​របស់​យ៉ៃរ៉ុស​បាន​ក្រោក​ពី​គ្រែ​របស់​នាង ។ នាង​លែង​ស្លាប់​ទៀត​ហើយ ! ព្រះយេស៊ូវ​បាន​ឲ្យ​យ៉ៃរ៉ុស និង​ភរិយា​របស់​គាត់​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ ។ ពួកគេ​មាន​ការអស្ចារ្យ​នឹង​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​កូនស្រី​របស់​ពួកគេ ។ ទ្រង់​បាន​បង្គាប់​ពួកគេ​កុំឲ្យ​ប្រាប់​មនុស្ស​ដទៃ​អំពី​អព្ភូតហេតុ​នេះ​ឡើយ ។

ម៉ាកុស ៥:៤២–៤៣