ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សំបុត្រ​មកពី​យ៉ាកុប—ការអញ្ជើញ​ឲ្យ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះ មិន​មែន​គ្រាន់តែ​ស្ដាប់​នោះ​ទេ


យ៉ាកុប ១–៣

សំបុត្រ​មកពី​យ៉ាកុប

ការអញ្ជើញ​ឲ្យ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះ មិន​មែន​គ្រាន់តែ​ស្ដាប់​នោះ​ទេ

យ៉ាកុប​កំពុង​សរសេរ​សំបុត្រ ។

យ៉ាកុប​គឺជា​កូនប្រុស​របស់​ម៉ារា និង​ជា​ប្អូនប្រុស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យ៉ាកុប​ក៏​ជា​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​នៅ​ក្រុង​យេរូសាឡិម​ផងដែរ ។ លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅកាន់​ប្រជាជន​របស់​ព្រះ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ជួយ​ពួកគេ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យ៉ាកុប ១:១

យ៉ូសែប ស៊្មីធ កំពុង​អាន​ព្រះគម្ពីរ​ប៊ីប ។

យ៉ាកុប​បាន​សរសេរ​ថា « តែ​បើ​អ្នករាល់គ្នា​ណាមួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » ។ ជាច្រើន​ឆ្នាំ​ក្រោយមក ក្មេងប្រុស​ម្នាក់​ឈ្មោះ យ៉ូសែប ស្ម៊ីធ បាន​អាន​ពាក្យ​សម្ដី​ទាំងនេះ ហើយ​បាន​សម្រេច​ចិត្ត​អធិស្ឋាន​អំពី​សំណួរ​របស់​លោក ។ ក្រោយមក យ៉ូសែប ស្ម៊ីធ បាន​និយាយ​ថា « ខ្ញុំ​បាន​ឃើញ​ថា ទីបន្ទាល់​របស់​ខ្ញុំ​អំពី​យ៉ាកុប​នោះ​ពិត​មែន » ។ ព្រះ​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​យ៉ូសែប ហើយ​ទ្រង់​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​ផងដែរ ។

យ៉ាកុប ១:៥; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៧, ២៦

យ៉ាកុប​កំពុង​បង្រៀន​មនុស្ស​មួយ​ក្រុម ។

យ៉ាកុប​ក៏​បាន​សរសេរ​ផងដែរ​ថា យើង​គួរតែ​ស្តាប់​ដោយ​ប្រុងប្រយ័ត្ន​នូវ​អ្វី​ដែល​មនុស្ស​ដទៃ​និយាយ ហើយ​ព្យាយាម​កុំ​ខឹង​ពួកគេ ។ នៅពេល​យើង​ខឹង នោះ​យើង​មិន​អាច​បម្រើ​ព្រះ​បាន​ទេ ។

យ៉ាកុប ១:១៩–២០

កុមារា​ម្នាក់ និង​កុមារី​ម្នាក់​និយាយ​ជាមួយ​ស្ត្រី​ម្នាក់ ដែល​មាន​ទារក​កំពុង​យំ ។

យ៉ាកុប​បាន​និយាយ​ថា វា​មិន​គ្រប់គ្រាន់​ទេ​ដែល​គ្រាន់តែ​ស្តាប់​ព្រះបន្ទូល​នោះ យើង​ក៏​ត្រូវ​រស់នៅ​តាម​ព្រះបន្ទូល​នោះ​ផងដែរ ។ លោក​បាន​សរសេរ​ថា « ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់តែ​ស្តាប់​ប៉ុណ្ណោះ » ។

យ៉ាកុប ១:២២

កុមារា និង​កុមារី​នោះ​បាន​អញ្ជើញ​ស្ត្រី និង​ទារក​របស់​នាង​ឲ្យ​ចូល​មកក្នុង​តង់​ដ៏កក់ក្តៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ ។

យ៉ាកុប​បាន​ពន្យល់​ថា ការធ្វើជា​អ្នកដើរតាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​លើស​ពី​ការគ្រាន់តែ​ជឿ​លើ​ព្រះ​ទៅ​ទៀត ។ សូម្បីតែ​អារក្ស​ក៏​ដឹង​ថា មាន​ព្រះ​ពិត​មែន​ដែរ ។ នៅពេល​យើង​ឃើញ​មនុស្ស​ដែល​រងា ឬ​ឃ្លាន នោះ​យើង​គួរតែ​ផ្តល់​សម្លៀក​បំពាក់ និង​អាហារ​ឲ្យ​ពួកគេ ។ យើង​គួរតែ​ទៅ​សួរ​សុខទុក្ខ​ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា ។ យ៉ាកុប​បាន​សរសេរ​ថា « សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ។

យ៉ាកុប ១:២៧; ២:១៤–២០

បុរស​ម្នាក់​ញាក់​សេះ​ឲ្យ​ចាកពី​គ្រោះថ្នាក់ ។

យ៉ាកុប​ក៏​ចង់​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​និយាយ​សម្ដី​ពីរោះ​ពិសា​ទៅកាន់​មនុស្ស​ផងដែរ ។ លោក​បាន​និយាយ​ថា ការប្រុង​ប្រយ័ត្ន​ជាមួយ​ពាក្យ​សម្ដី​របស់​យើង គឺ​ដូចជា​ការញាក់​សេះ​ដែរ ។ យើង​អាច​ញាក់​សេះ​ដ៏ធំ​មួយ​បាន​ដោយសារ​បង្ហៀរ​សេះ​មួយ ដែល​ភ្ជាប់​ទៅនឹង​ដែក​តូច​មួយ​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ។ ពាក្យសម្ដី​របស់​យើង​ក៏​អាច​មើល​ទៅ​ដូចជា​តូចតាច​ដែរ ប៉ុន្តែ​វា​អាច​មាន​ឥទ្ធិពល​ខ្លាំង ។

យ៉ាកុប ៣:២–៣

សំពៅ​មួយ​នៅក្នុង​ព្យុះ ដែល​បើក​បាន​ដោយសារ​ចង្កូត​ដ៏តូច​មួយ ។

យ៉ាកុប​បាន​និយាយ​ថា ការគ្រប់គ្រង​ពាក្យសម្ដី​របស់​យើង គឺ​ដូចជា​ការបើក​សំពៅ​ដែរ ។ ទោះជា​សំពៅ​មាន​ទំហំ​ធំ​ក៏​ដោយ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​មក​ក្ដី ក៏​យើង​អាច​បើក​សំពៅ​នោះ​បាន ដោយសារ​ការកាច់​ចង្កូត​ដ៏សែន​តូច​មួយ​ដែរ ។ ចង្កូត​នេះ​គឺ​ដូចជា​ពាក្យសម្ដី​របស់​យើង​អ៊ីចឹង ។ ប្រសិនបើ​យើង​អាច​គ្រប់គ្រង​អ្វី​ដែល​យើង​និយាយ​បាន នោះ​យើង​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ដ៏​ធំ​មួយ !

យ៉ាកុប ៣:៤–៥

មនុស្ស​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ទាហាន​រ៉ូម​ម្នាក់ ដែល​បាន​បុក​កន្លែង​លក់​ផ្លែឈើ​មួយ ។

យ៉ាកុប​បាន​ពន្យល់​ថា ពាក្យសម្ដី​មិន​ល្អ​អាច​ដូចជា​អណ្តាត​ភ្លើង​តូច​មួយ ដែល​បង្កាត់​ឲ្យ​ឆេះ​ជា​ភ្លើង​ដ៏ធំ​បាន ។ វា​អាច​រាលដាល​យ៉ាង​ឆាប់​រហ័ស ហើយ​បណ្តាល​ឲ្យ​មាន​ការឈឺចាប់​ជាខ្លាំង ។ នេះ​ជា​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការប្រយ័ត្ន​ប្រយែង​ជាមួយ​ពាក្យសម្ដី​របស់​យើង ។

យ៉ាកុប ៣:៥–៦

កុមារ​ជូន​ផ្លែឈើ​ដល់​ទាហាន​នោះ ។

យ៉ាកុប​បាន​សរសេរ​ថា យើង​ប្រើ​មាត់​របស់​យើង​ដើម្បី​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌ ។ ប៉ុន្ដែ​ពេលខ្លះ យើង​ក៏​ប្រើ​មាត់​របស់​យើង​ដើម្បី​និយាយ​ពាក្យ​សម្ដី​មិន​ល្អ​ទៅកាន់​មនុស្ស​ដទៃ ដែល​ជា​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​ដែរ ។ យ៉ាកុប​បាន​និយាយ​ថា វា​មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ ។

យ៉ាកុប ៣:៩–១០

ទិដ្ឋភាព​ដ៏​សុខសាន្ដ​នៅជិត​រន្ធ​ទឹក​មួយ ដែល​យ៉ាកុប​កំពុង​បង្រៀន​មនុស្ស​អំពី​ដំណឹងល្អ ។

ដើម្បី​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​និយាយ​ពាក្យសម្ដី​ពីរោះ​ពិសា យ៉ាកុប​បាន​បង្រៀន​ថា រន្ធទឹក​មួយ​មិន​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ទេ ។ ដើម​ល្វា​មិន​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ហើយ​ដើម​ទំពាំង‌​បាយ‌ជូរ​មិន​អាច​បង្កើត​ផ្លែ​ជា​ល្វា​បាន​ទេ ។ ដូចគ្នា​នេះ​ដែរ ប្រសិនបើ​យើង​មាន​សេចក្ដីល្អ និង​សេចក្តី​ស្រឡាញ់​នៅក្នុង​ដួងចិត្ត​របស់​យើង នោះ​ពាក្យសម្ដី​របស់​យើង​គួរតែ​ពេញ​ដោយ​សេចក្ដីល្អ និង​សេចក្ដី​ស្រឡាញ់​ផងដែរ !

យ៉ាកុប ៣:១១–១៨