ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​បង្រៀន​អំពី​ដី គ្រាប់ពូជ ម្សៅ និង​កែវ​មុក្តា—ដំណើររឿង​សាមញ្ញ​ដើម្បី​ជួយ​យើង​ឲ្យ​យល់ពី​សេចក្ដីពិត​ខាង​វិញ្ញាណ


ម៉ាថាយ ១៣

ព្រះយេស៊ូវ​បង្រៀន​អំពី​ដី គ្រាប់ពូជ ម្សៅ និង​កែវ​មុក្តា

ដំណើររឿង​សាមញ្ញ​ដើម្បី​ជួយ​យើង​ឲ្យ​យល់ពី​សេចក្ដីពិត​ខាង​វិញ្ញាណ

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បង្រៀន​ពី​លើ​ទូក ខណៈ​ដែល​មនុស្ស​កំពុង​ស្ដាប់ ។

ជារឿយៗ ព្រះយេស៊ូវ​បាន​តំណាល​ប្រាប់​ដំណើររឿង​ដែល​គេ​ហៅថា​រឿង​ប្រៀប​ប្រដូច ។ នៅក្នុង​រឿង​ប្រៀប​ប្រដូច ព្រះយេស៊ូវ​បាន​ប្រៀបធៀប​រឿង​ទូទៅ​ប្រចាំ​ថ្ងៃ ទៅនឹង​សេចក្ដីពិត​ដ៏​សំខាន់​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ដើម្បី​យល់ពី​រឿង​ប្រៀប​ប្រដូច អ្នកដើរតាម​របស់​ទ្រង់​ត្រូវ​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ និង​គិត​ឲ្យ​បាន​ជ្រាលជ្រៅ​អំពី​អត្ថន័យ​នៃ​ដំណើររឿង​ទាំងនោះ ។ រឿង​ប្រៀប​ប្រដូច​បាន​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​នគរ​របស់​ព្រះ ។

ម៉ាថាយ ១៣:៣, ១០–១៥

ព្រះយេស៊ូវ​ចាប់ផ្ដើម​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​បុរស​ម្នាក់ ដែល​សាបព្រោះ​គ្រាប់ពូជ ។

នៅក្នុង​រឿង​ប្រៀប​ប្រដូច​មួយ បុរស​ម្នាក់​បាន​ទៅ​ស្រែ​ដើម្បី​ព្រោះ​គ្រាប់ពូជ​មួយ​ចំនួន ។ គាត់​បាន​រាយ​គ្រាប់ពូជ​ជាច្រើន​ពេញ​ស្រែ​នោះ ។ គ្រាប់ពូជ​ទាំងនោះ​បាន​ធ្លាក់​ទៅលើ​ប្រភេទ​ដី​ខុសៗ​គ្នា ។

ម៉ាថាយ ១៣:៣

គ្រាប់ពូជ​មួយ​ចំនួន​ធ្លាក់ចុះ​តាម​ផ្លូវ​ដី​រឹង ។

គ្រាប់ពូជ​មួយ​ចំនួន​ធ្លាក់ចុះ​តាម​ផ្លូវ​ដី​រឹង ដែល​វា​មិន​អាច​ដុះ​បាន​ឡើយ ។ សត្វស្លាប​បាន​ហើរ​មក ហើយ​ក៏​ចឹកស៊ី​គ្រាប់ពូជ​ដែល​ធ្លាក់ចុះ​នៅ​ទីនោះ​អស់​ទៅ ។

ម៉ាថាយ ១៣:៤

គ្រាប់ពូជ​មួយ​ចំនួន​ធ្លាក់​ទៅក្នុង​កន្លែង​ថ្ម ។

គ្រាប់ពូជ​មួយ​ចំនួន​បាន​ធ្លាក់​ទៅក្នុង​កន្លែង​ថ្ម ។ គ្រាប់ពូជ​ទាំងនោះ​ដុះឡើង​ភ្លាម ប៉ុន្ដែ​មិន​អាច​ចាក់​ឫស​បាន ដោយសារតែ​ថ្ម ។ នៅពេល​មេឃ​ក្តៅ រុក្ខជាតិ​នោះ​ក៏​បាន​ងាប់​ទៅ ។

ម៉ាថាយ ១៣:៥–៦

គ្រាប់ពូជ​មួយ​ចំនួន​ធ្លាក់​ទៅ​ដី ដែល​មាន​សុទ្ធតែ​បន្លា​ដុះ​ឡើង​ខ្ទប់​ជិត ។

គ្រាប់ពូជ​មួយ​ចំនួន​បាន​ធ្លាក់​ទៅ​ដី ដែល​មាន​សុទ្ធតែ​បន្លា​ដុះ​ឡើង​ខ្ទប់​ជិត ។ ដោយសារតែ​បន្លា​ដុះ​ខ្ទប់​ជិត នោះ​គ្រាប់ពូជ​មិន​អាច​ដុះ​បាន​ទេ ។

ម៉ាថាយ ១៣:៧

គ្រាប់ពូជ​មួយ​ចំនួន​ដុះ​ទៅជា​រុក្ខជាតិ​ដ៏​ល្អ ។

គ្រាប់ពូជ​មួយ​ចំនួន​ទៀត​បាន​ធ្លាក់​ទៅក្នុង​ដី​ល្អ ។ វា​ក្លាយជា​រុក្ខជាតិ​ដ៏​ល្អ​រឹងមាំ ។ វា​បាន​បង្កើត​ផល​ផ្លែ​ជាច្រើន ។

ម៉ាថាយ ១៣:៨

ព្រះយេស៊ូវ​ពន្យល់​ថា គ្រាប់ពូជ​ទាំងនេះ​គឺ​ដូចជា​ព្រះបន្ទូល​នៃ​ព្រះ ។

ដើម្បី​ជួយ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​យល់ ព្រះយេស៊ូវ​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ។ គ្រាប់ពូជ​ទាំងនេះ​គឺជា​ព្រះបន្ទូល​នៃព្រះ ។ ប្រភេទ​ដី​ផ្សេងៗ​គ្នា​គឺ​ដូចជា​ដួងចិត្ត​របស់​មនុស្ស និង​របៀប​ផ្សេងៗ​គ្នា​ដែល​ពួកគេ​មាន​ប្រតិកម្ម​ទៅនឹង​ការស្តាប់​តាម​ព្រះបន្ទូល​នៃព្រះ ។ ដី​ល្អ​គឺ​ដូចជា​មនុស្ស​ដែល​ស្តាប់​ឮ​ព្រះបន្ទូល​របស់​ព្រះ យល់​ពី​ព្រះបន្ទូល និង​គោរព​ប្រតិបត្តិ​តាម​ទ្រង់ ។

ម៉ាថាយ ១៣:១៨–២៣

ព្រះយេស៊ូវ​បង្រៀន​អំពី​គ្រាប់ពូជ​ម្យ៉ាង ។

ដើម្បី​បង្រៀន​អំពី​របៀប​ដែល​នគរ​នៃ​ព្រះ​នឹង​រីកចម្រើន ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​អំពី​គ្រាប់ពូជ​ម្យ៉ាង ។ គ្រាប់​នេះ​តូច​ល្អិត​ណាស់ ប៉ុន្តែ​វា​ដុះឡើង​ទៅជា​ដើមឈើ​មួយ ដែល​សត្វស្លាប​អាច​មក​ទំ​នៅលើ​មែក​វា​បាន ។

ម៉ាថាយ ១៣:៣១–៣២

ព្រះយេស៊ូវ​បង្រៀន​អំពី​ម្សៅ និង​ដំបែ ។

ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផងដែរ​ថា នគរ​នៃ​ព្រះ​គឺ​ដូចជា​ដំបែ ដែល​ស្ត្រី​ម្នាក់​បាន​យក​មក​លាយ​នឹង​ម្សៅ​ដើម្បី​ធ្វើ​នំប៉័ង ។ វា​ត្រូវការ​ដំបែ​តែ​បន្ដិច​ទេ ដើម្បី​ធ្វើឲ្យ​ម្សៅ​នោះ​បាន​ដោល​ឡើង​គ្រប់​ទាំងអស់ ។

ម៉ាថាយ ១៣:៣៣

ព្រះយេស៊ូវ​តំណាល​ប្រាប់​រឿង​ប្រៀប​ប្រដូច​អំពី​កែវ​មុក្តា ។

ព្រះយេស៊ូវ​បាន​តំណាល​ប្រាប់​ដំណើររឿង​មួយ​ទៀត​អំពី​បុរស​ម្នាក់ ដែល​បាន​ទិញ​កែវ​មុក្តា ។ គាត់​បាន​រកឃើញ​កែវមុក្តា​មួយ ដែល​ស្រស់ស្អាត និង​មាន​តម្លៃ​យ៉ាង​ខ្លាំង ។ គាត់​បាន​លក់​អ្វីៗ​គ្រប់យ៉ាង​ដែល​គាត់​មាន ដើម្បី​គាត់​អាច​ទិញ​កែវមុក្តា​នោះ​បាន ។ ព្រះយេស៊ូវ​បាន​តំណាល​ប្រាប់​ដំណើររឿង​នេះ ដើម្បី​បង្រៀន​ថា ពរជ័យ​នៃ​ដំណឹងល្អ​មាន​តម្លៃ​ខ្លាំង​ណាស់ ដែល​យើង​គួរតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​ដំណឹងល្អ​នេះ ។

ម៉ាថាយ ១៣:៤៥–៤៦