លូកា ១:៥–២៥, ៥៧–៨០
យ៉ូហាន-បាទីស្ទបានចាប់កំណើត
ព្រះរក្សាការសន្យាជាមួយអេលីសាបិត និងសាការី
សាការី និងអេលីសាបិតគឺជាមនុស្សដ៏ស្មោះត្រង់ ដែលស្រឡាញ់ព្រះ ។ ពួកលោកបានអធិស្ឋានទូលសូមកូន ។ ឥឡូវនេះ ពួកលោកមានអាយុច្រើនណាស់ហើយ ហើយពួកលោកនៅតែមិនមានកូននៅឡើយ ។
លូកា ១:៥–៧
សាការីគឺជាសង្ឃដែលបម្រើនៅក្នុងព្រះវិហារបរិសុទ្ធនៅក្រុងយេរូសាឡិម ។ ថ្ងៃមួយ លោកត្រូវបានជ្រើសរើសឲ្យដុតគ្រឿងក្រអូបនៅក្នុងបន្ទប់ពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ។
លូកា ១:៨–១០
នៅរំពេចនោះ ទេវតាមួយអង្គបានបង្ហាញព្រះកាយឡើង ។ សាការីបានភ័យខ្លាច ។ ទេវតាមានបន្ទូលថា « កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ » ។ ទេវតាមានបន្ទូលថា សាការី និងអេលីសាបិតនឹងមានកូនប្រុសម្នាក់ ។ ពួកលោកគួរដាក់ឈ្មោះគាត់ថា យ៉ូហាន ។ ទេវតាបានមានបន្ទូលថា យ៉ូហានមានកិច្ចការដ៏សំខាន់មួយដែលត្រូវធ្វើ ។ គាត់នឹងជួយមនុស្សឲ្យរៀបចំខ្លួន ដើម្បីទទួលព្រះអង្គសង្គ្រោះ នៅពេលដែលទ្រង់យាងមក ។
លូកា ១:១២–១៧
សាការីមិនអាចជឿអ្វីដែលទេវតាបានមានបន្ទូលនោះទេ ។ គាត់ និងអេលីសាបិតមានវ័យចាស់ណាស់ទៅហើយ មិនអាចមានកូនបានទេ ។ ទេវតាមានបន្ទូលថា ដោយសារសាការីមិនបានជឿសារលិខិតរបស់ទ្រង់ នោះលោកមិនអាចនិយាយចេញទេ រហូតដល់យ៉ូហានកើតមក ។
លូកា ១:១៨–២០
មនុស្សឆ្ងល់ថា ហេតុអ្វីបានជាសាការីចំណាយពេលយូរម្ល៉េះនៅខាងក្នុងព្រះវិហារបរិសុទ្ធ ។ នៅពេលលោកចេញមក លោកមិនអាចនិយាយរួចទេ ។ ពួកគេអាចប្រាប់បានថា មានអ្វីមួយពិសេសបានកើតឡើង ។
លូកា ១:២១–២៣
ប៉ុន្មានខែក្រោយមក អេលីសាបិតមានកូន គឺដូចដែលទេវតាបានសន្យាមកអ៊ីចឹង ។ គ្រួសារ និងមិត្តភក្តិរបស់ពួកលោកសប្បាយចិត្តខ្លាំងណាស់ ! ពួកគេបានមកជួបទារកនោះ ។
លូកា ១:៥៧–៥៩
ពួកគេគិតថា ទារកនេះគួរតែដាក់ឈ្មោះតាមសាការី ដូចជាឪពុករបស់គាត់អ៊ីចឹង ។ អេលីសាបិតបាននិយាយថា « គាត់គួរតែមានឈ្មោះថា យ៉ូហាន » ។ ពួកគេបានសួរសាការី ដែលនៅតែមិនអាចនិយាយបាននៅឡើយ ។ លោកបានសរសេរថា « ឈ្មោះរបស់គាត់គឺ យ៉ូហាន » ។ គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ។
លូកា ១:៥៩–៦៣
នៅរំពេចនោះ សាការីអាចនិយាយបានវិញ ។ លោកបានអរព្រះគុណព្រះ ហើយបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ លោកបានប្រាប់មនុស្សគ្រប់គ្នាថា ព្រះចងចាំការសន្យារបស់ទ្រង់ជាមួយប្រជាជនរបស់ទ្រង់ ។ លោកបាននិយាយថា យ៉ូហាននឹងក្លាយជាព្យាការីម្នាក់ ។ យ៉ូហាននឹងបង្រៀនប្រជាជនឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ។ គាត់នឹងជួយពួកគេឲ្យរៀបចំខ្លួនដើម្បីរៀនពីព្រះយេស៊ូវគ្រីស្ទ ។
លូកា ១:៦៤–៨០