ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទេវតា​មួយ​អង្គ​រំដោះ​ពេត្រុស​ចេញពី​គុក—ព្រះ​ឆ្លើយតប​ការអធិស្ឋាន


កិច្ចការ ១២:១–១៧

ទេវតា​មួយ​អង្គ​រំដោះ​ពេត្រុស​ចេញពី​គុក

ព្រះ​ឆ្លើយតប​ការអធិស្ឋាន

ពេត្រុស​ត្រូវ​គេ​ចាប់​ដាក់​គុក ។

ស្តេច​មួយ​អង្គ​ព្រះនាម ហេរ៉ូឌ មិន​ចូលចិត្ត​ពួកគ្រីស្ទាន​ទេ ។ ទ្រង់​បាន​សម្លាប់​សាវក​យ៉ាកុប ។ បន្ទាប់មក ទ្រង់​បាន​ដាក់​គុក​ពេត្រុស ។ ទ្រង់​បាន​ដាក់​ទាហាន​១៦​នាក់​ឲ្យ​ចាំយាម​គុក ។

កិច្ចការ ១២:១–៤

មនុស្ស​កំពុង​អធិស្ឋាន​សម្រាប់​ពេត្រុស ។

នៅពេល​ដែល​សមាជិក​សាសនាចក្រ​បាន​ឮ​ពី​រឿង​នេះ ពួកគេ​បាន​អធិស្ឋាន​ហើយ​អធិស្ឋាន​ទៀត​ទៅកាន់​ព្រះវរបិតា​សួគ៌​សម្រាប់​ពេត្រុស ។

កិច្ចការ ១២:៥

ពេត្រុស​កំពុង​ដេក​ក្នុង​គុក ។

នៅ​យប់​មួយ ពេត្រុស​បាន​ដេក ។ លោក​ត្រូវ​គេ​ដាក់​ច្រវាក់​ពីរ​ខ្សែ​ជាប់​នៅ​កណ្ដាល​ទាហាន​ពីរ​នាក់ ។

កិច្ចការ ១២:៦

ទេវតា​មួយ​អង្គ​បង្ហាញ​ព្រះកាយ​ដល់​ពេត្រុស ។

ភ្លាមៗ​នោះ មាន​ពន្លឺ​ចាំង​មកក្នុង​គុក ហើយ​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ ។ ទេវតា​បាន​មាន​បន្ទូល​ថា « ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ » ហើយ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​ពេត្រុស​ចេញ ។ ទេវតា​បាន​ប្រាប់​ពេត្រុស​ឲ្យ​ដើរតាម​ទ្រង់ ។

កិច្ចការ ១២:៧–៨

ទេវតា​នាំ​ពេត្រុស​ដើរ​ផុត​អ្នកយាម ។

ពេត្រុស​គិត​ថា លោក​កំពុង​យល់​សុបិន ។ លោក​បាន​ដើរតាម​ទេវតា​ឆ្លងផុត​អ្នកយាម ។ ច្រកទ្វារ​ដែក​ដែល​នាំចេញ​ទៅ​ទីក្រុង​បាន​របើក​ឯង ហើយ​ពេត្រុស និង​ទេវតា​បាន​ដើរ​កាត់​ទ្វារ​នោះ ។

កិច្ចការ ១២:៩–១០

ពេត្រុស​ដើរ​តែម្នាក់​ឯង​នៅក្នុង​ក្រុង ។

ទេវតា​ក៏​បាន​ឃ្លាត​ចេញទៅ ហើយ​ពេត្រុស​បាន​ដឹង​ថា លោក​មិន​បាន​យល់​សុបិន​ទេ ។ លោក​ដឹង​ថា ព្រះអម្ចាស់​បាន​បញ្ជូន​ទេវតា​ឲ្យ​មក​ជួយ​សង្គ្រោះ​លោក ។

កិច្ចការ ១២:១០–១១

ពេត្រុស​គោះ​ទ្វារ​ផ្ទះ​របស់​ម៉ារា ។

ពេត្រុស​បាន​ទៅ​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ារា ជា​កន្លែង​ដែល​សមាជិក​សាសនាចក្រ​ជាច្រើន​បាន​មក​អធិស្ឋាន ។ លោក​បាន​គោះ​ទ្វារ ។

កិច្ចការ ១២:១២–១៣

រ៉ូដា​ឮ​សំឡេង​របស់​ពេត្រុស​នៅពី​ក្រោយ​ទ្វារ ។

ក្មេងស្រី​ម្នាក់​ឈ្មោះ រ៉ូដា បាន​មកឯ​ទ្វារ ។ កាល​នាង​បាន​ឮ​សំឡេង​របស់​ពេត្រុស នាង​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ! នាង​បាន​រត់​ទៅ​ប្រាប់​អ្នកដទៃ ។

កិច្ចការ ១២:១៣–១៤

រ៉ូដា​ប្រាប់​សមាជិក​សាសនាចក្រ​ថា ពេត្រុស​នៅឯ​មាត់​ទ្វារ ។

នៅពេល​រ៉ូដា​ប្រាប់​មនុស្ស​គ្រប់គ្នា​ថា ពេត្រុស​នៅឯ​មាត់​ទ្វារ នោះ​ពួកគេ​មិន​ជឿ​នាង​នោះ​ទេ ។ ពេត្រុស​បាន​បន្ត​គោះ​ទ្វារ ។

កិច្ចការ ១២:១៥–១៦

ពេត្រុស​ប្រាប់​សមាជិក​សាសនាចក្រ​ថា ព្រះអម្ចាស់​បាន​នាំ​លោក​ចេញពី​គុក ។

នៅ​ទីបំផុត ពួកគេ​បាន​បើក​ទ្វារ ហើយ​ឃើញ​ថា វា​ជា​ការពិត​មែន ។ ពេត្រុស​មាន​សុវត្ថិភាព ! ព្រះអម្ចាស់​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ ។ ពេត្រុស​បាន​ប្រាប់​មនុស្ស​គ្រប់គ្នា​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​លោក​ចេញពី​គុក ។

កិច្ចការ ១២:១៦–១៧