ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​មាន​ជីវិត​រស់​ឡើងវិញ—« ខ្ញុំ​ជា​សេចក្ដី​រស់​ឡើងវិញ ហើយ​ជា​ជីវិត »


យ៉ូហាន ១១:១–៤៦

ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​មាន​ជីវិត​រស់​ឡើងវិញ

« ខ្ញុំ​ជា​សេចក្ដី​រស់​ឡើងវិញ ហើយ​ជា​ជីវិត »

ម៉ារា ម៉ាថា និង​ឡាសារ 

ម៉ារា ម៉ាថា និង​ឡាសារ​រស់នៅ​ក្នុង​ភូមិ​មួយ ដែល​មាន​ឈ្មោះ​ថា​ភូមិ​បេថានី ។ ពួកគេ​បាន​ជឿ​លើ​ព្រះយេស៊ូវ ហើយ​ទ្រង់​ស្រឡាញ់​ពួកគេ ។ ម៉ារា និង​ម៉ាថា​គឺជា​បងស្រី​របស់​ឡាសារ ។

យ៉ូហាន ១១:១, ៥

ឡាសារ​បាន​ធ្លាក់​ខ្លួន​ឈឺ 

ឡាសារ​បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ។ ព្រះយេស៊ូវ​គង់នៅ​ក្នុង​ក្រុង​មួយ​ផ្សេងទៀត ។ ម៉ារា និង​ម៉ាថា​បាន​ផ្ញើ​សារ​ទៅ​ទ្រង់ ដើម្បី​ជម្រាប​ទ្រង់​ឲ្យ​ដឹង​ថា មិត្ត​របស់​ទ្រង់​ឈឺ ។

យ៉ូហាន ១១:១–៣

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រោស​ឡាសារ​ឲ្យ​មាន​ជីវិត​រស់​ឡើងវិញ 

ព្រះយេស៊ូវ​រង់ចាំ​ពីរ​ថ្ងៃ ។ បន្ទាប់មក ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកសិស្ស​របស់​ទ្រង់​ថា ទ្រង់​នឹង​យាង​ទៅ​ភូមិ​បេថានី​ជាមួយ​ពួកលោក ។ ពួកសិស្ស​មាន​ការព្រួយ​បារម្ភ ដោយសារ​មនុស្ស​មួយ​ចំនួន​នៅ​ក្បែរ​ភូមិ​បេថានី​ចង់​ធ្វើ​ទុក្ខ​ទោស​ព្រះយេស៊ូវ ។ ប៉ុន្តែ​ព្រះយេស៊ូវ​ចង់​ជួយ​ឡាសារ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ឡាសារ​បាន​ស្លាប់​ហើយ តែ​ទ្រង់​នឹង​ប្រោស​គាត់​ឲ្យ​មាន​ជីវិត​រស់​ឡើងវិញ ។

យ៉ូហាន ១១:៦–១៦

ម៉ាថា​ជួប​ព្រះយេស៊ូវ 

ម៉ាថា​បាន​ជួប​ព្រះយេស៊ូវ​នៅ​ខាងក្រៅ​ក្រុង ។ នាង​បាន​និយាយ​ថា ប្រសិនបើ​ព្រះយេស៊ូវ​បាន​យាង​មក​មុន​នេះ ឡាសារ​នឹង​មិន​ស្លាប់​ទេ ។ ព្រះយេស៊ូវ​បាន​សន្យា​ថា ឡាសារ​នឹង​រស់​ម្តងទៀត ។

យ៉ូហាន ១១:១៧–២៤

ម៉ាថា​ទូល​ជាមួយ​ព្រះយេស៊ូវ 

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​ជា​សេចក្ដី​រស់​ឡើងវិញ ហើយ​ជា​ជីវិត » ។ ទ្រង់​បាន​សួរ​ម៉ាថា ថាតើ​នាង​ជឿ​លើ​ទ្រង់​ដែរ​ឬ​ទេ ។ នាង​បាន​ទូល​ឆ្លើយ​ថា « ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ គឺជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ » ។

យ៉ូហាន ១១:២៥–២៧

ម៉ាថា ម៉ារា និង​ព្រះយេស៊ូវ 

ម៉ាថា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​ប្រាប់​ម៉ារា​ថា ព្រះយេស៊ូវ​បាន​យាង​មក ។ ម៉ារា​បាន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​របស់​ព្រះយេស៊ូវ ហើយ​យំ​សោក​ដោយសារ​ប្អូនប្រុស​របស់​នាង ។ ព្រះយេស៊ូវ​ក៏​បាន​ព្រះកន្សែង​ដែរ ។ ទ្រង់​ស្រឡាញ់​ឡាសារ ម៉ារា និង​ម៉ាថា ។

យ៉ូហាន ១១:២៨–៣៦

ព្រះយេស៊ូវ​យាងទៅ​រូង​ភ្នំ​ដែល​ជា​កន្លែង​គេ​បញ្ចុះ​សព​ឡាសារ 

ព្រះយេស៊ូវ ម៉ាថា ម៉ារា និង​អ្នកដទៃ​ទៀត​បាន​ទៅ​រូង​ភ្នំ ដែល​ជា​កន្លែង​គេ​បញ្ចុះ​សព​ឡាសារ ។ ថ្ម​ធំ​មួយ​បាន​បិទ​សន្ធប់​ផ្នូរ​នោះ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​យក​ថ្ម​នោះ​ចេញ ។

យ៉ូហាន ១១:៣៨–៣៩

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​ម៉ាថា​ឲ្យ​ជឿ​លើ​ទ្រង់ 

ប៉ុន្តែ​ម៉ាថា​បាន​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា ឡាសារ​បាន​ស្លាប់​បួន​ថ្ងៃ​ហើយ ។ ព្រះយេស៊ូវ​បាន​រំឭក​ម៉ាថា​អំពី​ការសន្យា​របស់​ទ្រង់ ។ ទ្រង់​បាន​សុំឲ្យ​នាង​ជឿ ។

យ៉ូហាន ១១:៣៩–៤០

ព្រះយេស៊ូវ​ហៅ​ឡាសារ​ឲ្យ​ចេញ​មក 

បន្ទាប់មក ព្រះយេស៊ូវ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​របស់​ទ្រង់ ។ ទ្រង់​បាន​អរព្រះគុណ​ព្រះ​ដែល​តែងតែ​អនុញ្ញាត​តាម​ទ្រង់​ជានិច្ច ។ ព្រះយេស៊ូវ​ចង់​ឲ្យ​បណ្ដា​មនុស្ស​ជឿ​ថា ព្រះ​បាន​បញ្ជូន​ទ្រង់​ឲ្យ​មក​ធ្វើជា​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​បន្លឺ​វាចា​ថា « ឡាសារ​អើយ ចូរ​ចេញ​មក » ។

យ៉ូហាន ១១:៤១–៤៣

ឡាសារ​ដើរ​ចេញពី​រូង​ភ្នំ ។

ឡាសារ​បាន​ដើរ​ចេញពី​រូង​ភ្នំ ។ គាត់​នៅ​មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ ហើយ​មាន​កន្សែង​គ្រប​មុខ ដែល​គេ​បាន​បញ្ចុះ​គាត់​នៅឡើយ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​បណ្ដា​មនុស្ស​ឲ្យ​ស្រាយ​គាត់​ចុះ ។ បណ្ដា​មនុស្ស​ជាច្រើន​ដែល​មើលឃើញ​ថ្ងៃ​នោះ ឥឡូវ​នេះ​ជឿ​ថា ព្រះយេស៊ូវ​គឺ​ពិតជា​ព្រះអង្គ​សង្គ្រោះ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ។

យ៉ូហាន ១:៤៤–៤៥