ម៉ាថាយ ២៥ : ១–១៣
ពាក្យប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីដប់នាក់
ការត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលព្រះយេស៊ូវយាងមកម្ដងទៀត
ពួកសិស្សរបស់ព្រះយេស៊ូវបានដឹងថា ថ្ងៃណាមួយ បន្ទាប់ពីទ្រង់ត្រឡប់ទៅរកព្រះវរបិតាទ្រង់វិញ ព្រះយេស៊ូវនឹងយាងមកផែនដីវិញ ។ ពួកលោកបានទូលសួរទ្រង់ថា តើពួកគេនឹងដឹងដោយរបៀបណាថា ទ្រង់យាងមកវិញនៅពេលណា ។ ពួកលោកចង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ទ្រង់ ។ ព្រះយេស៊ូវបានឆ្លើយតបនឹងពួកលោក ដោយតំណាលប្រាប់ពីពាក្យប្រៀបប្រដូចមួយ ។
ម៉ាថាយ ២៤:៣
នៅក្នុងពាក្យប្រៀបប្រដូចនេះ ស្ត្រីដប់នាក់កំពុងទៅចូលរួមពិធីមង្គលការមួយ ។ ពិធីមង្គលការនោះធ្វើឡើងនៅពេលយប់ ដូច្នេះស្ត្រីទាំងនោះត្រូវយកចង្កៀង ដែលមានពេញដោយប្រេងទៅតាមដើម្បីបំភ្លឺផ្លូវខ្លួន ។ ស្ត្រីប្រាំនាក់មានគំនិត ហើយបានយកប្រេងដាក់ក្នុងដបបន្ថែមជាច្រើនតាមខ្លួន ។ ស្ដ្រីប្រាំនាក់ទៀតល្ងង់ ហើយមិនបានយកប្រេងតាមខ្លួនឲ្យបានគ្រប់គ្រាន់ទេ ។
ម៉ាថាយ ២៥:១–១៣
ស្ត្រីទាំងនោះត្រូវរង់ចាំកូនកំលោះ និងក្រុមពិធីមង្គលការរបស់គាត់មកដល់ ។ ប៉ុន្តែកូនកំលោះក្រមកពេក ។ ខណៈដែលពួកគេរង់ចាំ ពួកគេទាំងអស់គ្នាក៏ដេកលក់ទៅ ។
ម៉ាថាយ ២៥:៥
លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសម្រែកថា កូនកំលោះមកហើយ ! វាដល់ពេលដែលស្ត្រីទាំងនោះត្រូវចូលរួមជាមួយគាត់នៅឯពិធីជប់លៀងមង្គលការហើយ ។
ម៉ាថាយ ២៥:៦
ស្ត្រីទាំងអស់បានលើកចង្កៀងរបស់ពួកគេឡើង ដើម្បីបំភ្លឺផ្លូវរបស់ខ្លួន ។ ប៉ុន្តែស្ត្រីប្រាំនាក់ដែលមិនបានយកប្រេងមកតាមខ្លួនឲ្យបានគ្រប់គ្រាន់នោះ គ្មានភ្លើងបំភ្លឺអ្វីឡើយ ។ ពួកគេបានប្រើប្រេងរបស់ពួកគេអស់ ខណៈដែលពួកគេកំពុងរង់ចាំកូនកំលោះ ។
ម៉ាថាយ ២៥:៧–៨
ស្ត្រីទាំងប្រាំនាក់ដែលគ្មានប្រេងបានសុំឲ្យអ្នកដទៃចែករំលែករបស់ពួកគេ ។ ប៉ុន្តែមិនមានប្រេងគ្រប់គ្រាន់ដើម្បីចែករំលែកនោះទេ ។ ស្ត្រីទាំងប្រាំនាក់ដែលគ្មានប្រេង បានរត់ទៅទិញប្រេងបន្ថែមយ៉ាងប្រញាប់ ។
ម៉ាថាយ ២៥:៨–៩
ខណៈដែលពួកគេទៅទិញប្រេង កូនកំលោះក៏មកដល់ ! ស្ត្រីទាំងប្រាំនាក់ដែលត្រៀមខ្លួនរួចជាស្រេច បានទៅជាមួយគាត់ទៅពិធីមង្គលការ ។
ម៉ាថាយ ២៥:១០
នៅពេលស្ត្រីផ្សេងទៀតត្រឡប់មកវិញ ទ្វារក៏បិទជិត ។ ពួកគេបានគោះទ្វារ ហើយសុំឲ្យកូនកំលោះអនុញ្ញាតឲ្យពួកគេចូលផង ។ ប៉ុន្តែវាយឺតពេលហើយ ។ ពួកគេមិនអាចចូលមកក្នុងពិធីមង្គលការបានទេ ។
ម៉ាថាយ ២៥:១១–១២
ព្រះយេស៊ូវគឺដូចជាកូនកំលោះនេះនៅក្នុងរឿងប្រៀបប្រដូចនេះអ៊ីចឹង ។ គ្មានអ្នកណាដឹងថា ពេលណាទ្រង់នឹងយាងមកម្តងទៀតឡើយ ។ មានតែព្រះវរបិតាសួគ៌ប៉ុណ្ណោះដែលជ្រាបពីរឿងនោះ ។ ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់អ្នកដើរតាមទ្រង់ឲ្យត្រៀមខ្លួនរួចជាស្រេច ដូចជាស្ត្រីប្រាំនាក់ដែលមានប្រេងគ្រប់គ្រាន់ដូច្នោះដែរ ។ មនុស្សដែលគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយធ្វើតាមព្រះវិញ្ញាណ នឹងត្រៀមខ្លួនរួចជាស្រេច នៅពេលព្រះយេស៊ូវគ្រីស្ទយាងមកម្តងទៀត ។
ម៉ាថាយ ២៤:៣៦; ២៥:១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៥៦–៥៧