ម៉ាកុស ១៤–១៥ ; លូកា ២២–២៣ ; យ៉ូហាន ១៨-១៩
ព្រះយេស៊ូវត្រូវគេចាប់
ការកាត់សេចក្ដីព្រះរាជបុត្រានៃព្រះ
បន្ទាប់ពីព្រះយេស៊ូវបានបញ្ចប់ការអធិស្ឋាន និងការរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានីហើយ យូដាសបានមកដល់ជាមួយនឹងពួកទាហានយូដាមួយក្រុមធំ ។ យូដាសគឺជាសាវកម្នាក់ក្នុងចំណោមពួកសាវក ។ គាត់ដឹងថា ព្រះយេស៊ូវតែងទៅសួនច្បារនេះជាញឹកញយ ។ ពួកមេដឹកនាំយូដាបានបង់ប្រាក់ឲ្យយូដាសជួយពួកគេតាមរកព្រះយេស៊ូវ ដើម្បីពួកគេអាចចាប់ទ្រង់បាន ។
យ៉ូហាន ១៨:២–៣
កាលដែលពួកទាហានព្យាយាមចាប់ព្រះយេស៊ូវ ពេត្រុសបានហូតដាវចេញ ។ គាត់បានកាប់ដាច់ត្រចៀករបស់បាវសម្ដេចសង្ឃនោះ ។
យ៉ូហាន ១៨:១០
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពេត្រុសឲ្យស៊កដាវទៅក្នុងស្រោមវិញ ។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ត្រូវធ្វើអ្វីដែលព្រះវរបិតារបស់ទ្រង់ចង់ឲ្យធ្វើ។
យ៉ូហាន ១៨:១១
ព្រះយេស៊ូវបានពាល់ត្រចៀករបស់បាវបម្រើនោះ ហើយបានប្រោសឲ្យជា ។
លូកា ២២:៥១
ពួកទាហានបាននាំព្រះយេស៊ូវទៅកាន់ផ្ទះរបស់សម្ដេចសង្ឃ ។ មេដឹកនាំជនជាតិយូដាផ្សេងទៀតក៏នៅទីនោះដែរ។ ពួកមេដឹកនាំយូដាផ្សេងទៀតក៏នៅទីនោះផងដែរ ។ ពួកគេបាននាំមនុស្សឲ្យមកនិយាយកុហកអំពីទ្រង់ ។
ម៉ាកុស ១៤:៥៣–៦១
ជាចុងក្រោយ សម្ដេចសង្ឃបានសួរព្រះយេស៊ូវថា តើទ្រង់ជាព្រះរាជបុត្រានៃព្រះមែនឬ ។ ព្រះយេស៊ូវមានបន្ទូលថា « គឺខ្ញុំនេះហើយ » ។
ម៉ាកុស ១៤:៦១–៦២
ការណ៍នេះធ្វើឲ្យសម្ដេចសង្ឃ និងពួកមេដឹកនាំដទៃទៀតខឹងសម្បា ។ ពួកគេបានវាយព្រះយេស៊ូវ ស្តោះដាក់ទ្រង់ ហើយចំអកឲ្យទ្រង់ ។ ពួកគេបានយល់ស្របថា ទ្រង់គួរតែស្លាប់ ។
ម៉ាកុស ១៤:៦៣–៦៥
កាលព្រះយេស៊ូវគង់នៅក្នុងផ្ទះរបស់សម្ដេចសង្ឃ ពេត្រុសបានរង់ចាំនៅខាងក្រៅ ។ គាត់អង្គុយអាំងភ្លើង ។ មនុស្សបាននិយាយចំនួនបីដងថា ពួកគេស្គាល់ពេត្រុសថាជាសិស្សម្នាក់របស់ព្រះយេស៊ូវ ។ ប៉ុន្តែរាល់ពេល ពេត្រុសបាននិយាយថា គាត់មិនស្គាល់ព្រះយេស៊ូវទេ ។
ម៉ាកុស ១៤:៥៤, ៦៦–៧១
ក្រោយមកមាន់រងាវឡើង ហើយពេត្រុសក៏នឹកចាំពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូល ៖ ថាពេត្រុសនឹងបដិសេធទ្រង់បីដង ។ ពេត្រុសបានដើរចេញទាំងយំ ។
ម៉ាកុស ១៤:៧២
ពួកមេដឹកនាំយូដាបាននាំព្រះយេស៊ូវបញ្ជូនទៅឯលោកពីឡាត់ ដែលជាអភិបាលក្រុងរ៉ូម ។ ហ្វូងមនុស្សក៏បានមកដែរ ។ ពួកអ្នកដឹកនាំចង់ឲ្យលោកពីឡាត់សម្លាប់ព្រះយេស៊ូវ ។ ពួកគេបានប្រាប់លោកពីឡាត់ថា ព្រះយេស៊ូវបានហៅខ្លួនឯងថាជាស្តេចនៃសាសន៍យូដា ។
ម៉ាកុស ១៥:១–៣ ; លូកា ២៣:២ ; យ៉ូហាន ១៨:២៨–៣១
លោកពីឡាត់បានសួរព្រះយេស៊ូវថា តើទ្រង់ជាស្ដេចសាសន៍យូដាឬអី ? ព្រះយេស៊ូវមានបន្ទូលតបថា « នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ » ។ ទ្រង់បានពន្យល់ថា ទ្រង់បានយាងមកក្នុងលោកិយ ដើម្បីបង្រៀនមនុស្សអំពីសេចក្ដីពិត ។
យ៉ូហាន ១៨:៣៣–៣៧
លោកពីឡាត់បាននិយាយថា គាត់ជឿថា ព្រះយេស៊ូវមិនបានធ្វើអ្វីខុសនោះទេ ។ ប៉ុន្តែមនុស្សជាច្រើនបានស្រែកឡើងថា « ចូរឆ្កាងវាទៅ » ។ លោកពីឡាត់បានសម្រេចចិត្តធ្វើអ្វីដែលពួកគេចង់បាន ហើយបានឲ្យគេសម្លាប់ព្រះយេស៊ូវ ។
ម៉ាកុស ១៥:១២–១៤ ; លូកា ២៣:១៤–២៤