ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦
ព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី
ការរងទុក្ខសម្រាប់អំពើបាបនៃពិភពលោក
ព្រះយេស៊ូវ និងពួកសាវកបានទៅឯសួនច្បារមួយ ដែលមានឈ្មោះថា គែតសេម៉ានី ។ ព្រះយេស៊ូវបានសុំឲ្យពេត្រុស យ៉ាកុប និងយ៉ូហានមកតាមទ្រង់ ហើយប្រាប់អ្នកដទៃទៀតឲ្យរង់ចាំ ។
ម៉ាថាយ ២៦:៣៦–៣៧; យ៉ូហាន ១៨:១
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពេត្រុស យ៉ាកុប និងយ៉ូហានថា ទ្រង់មានព្រះទ័យព្រួយពន់ពេក ។ ទ្រង់បានសុំឲ្យពួកលោកនៅចាំយាមជាមួយទ្រង់ ខណៈដែលទ្រង់អធិស្ឋាន ។
ម៉ាថាយ ២៦:៣៨
បន្ទាប់មក ព្រះយេស៊ូវបានយាងទៅមុខបន្ដិចទៀតចូលទៅក្នុងសួនច្បារ ។ ទ្រង់បានចាប់ផ្តើមរងទុក្ខសម្រាប់អំពើបាបរបស់យើង ដើម្បីឲ្យយើងអាចប្រែចិត្ត និងទទួលបានការអភ័យទោស ។ ព្រះយេស៊ូវក៏ដឹងពីការឈឺចាប់ ជំងឺ និងទុក្ខសោករបស់យើងទាំងអស់ផងដែរ ដើម្បីទ្រង់ដឹងពីរបៀបជួយយើងបាន ។ ទ្រង់បានធ្វើបែបនេះ ពីព្រោះទ្រង់ស្រឡាញ់យើង ។ ទាំងអស់នេះគឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ។
ម៉ាថាយ ២៦:៣៩; លូកា ២២:៤១; រ៉ូម ៣:២៣; អាលម៉ា ៧:១១–១៣; នីហ្វៃទី៣ ២៧:១៩
ការរងទុក្ខរបស់ព្រះយេស៊ូវគឺពោរពេញដោយការឈឺចាប់យ៉ាងខ្លាំង រហូតដល់ទ្រង់បានទូលសួរព្រះវរបិតាសួគ៌ថា តើទ្រង់អាចឲ្យការរងទុក្ខនេះកន្លងហួសទៅបានដែរឬទេ ។ ប៉ុន្តែទ្រង់មានឆន្ទៈក្នុងការធ្វើអ្វីដែលព្រះវរបិតារបស់ទ្រង់តម្រូវឲ្យទ្រង់ធ្វើ ។ ទ្រង់បានមានព្រះបន្ទូលថា « ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។
លូកា ២២:៤២
ព្រះយេស៊ូវបានយាងទៅកាន់ពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឃើញថា ពួកលោកកំពុងដេក ។ ទ្រង់បានដាស់ពួកលោក ហើយបានសុំពួកលោកម្ដងទៀតឲ្យនៅចាំយាម ហើយអធិស្ឋាន ។ ប៉ុន្ដែទ្រង់ជ្រាបថា ទោះជាពួកលោកចង់នៅចាំយាមជាមួយក៏ដោយ ក៏ពួកលោកអស់កម្លាំងជាខ្លាំង ។
ម៉ាថាយ ២៦:៤០–៤១
ព្រះយេស៊ូវបានអធិស្ឋានម្ដងទៀត ។ មានទេវតាមួយអង្គបានយាងមកចម្រើនកម្លាំងដល់ទ្រង់ ។ ទ្រង់មានការឈឺចាប់យ៉ាងខ្លាំង ហើយទ្រង់បានអធិស្ឋានកាន់តែខ្លាំងឡើង ។ ញើសរបស់ទ្រង់ប្រែជាដំណក់ឈាម ដែលស្រក់ចុះទៅដី ។
ម៉ាថាយ ២៦:៤២; លូកា ២២:៤៣–៤៤; ម៉ូសាយ ៣:៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៦–១៩
ព្រះយេស៊ូវបានយាងទៅកាន់ពេត្រុស យ៉ាកុប និងយ៉ូហានពីរដងទៀត ហើយបានឃើញថា ពួកលោកនៅតែដេកលក់ទៀត ។ នៅទីបំផុត ទ្រង់បានដាស់ពួកលោក ព្រោះពេលវេលាបានមកដល់ហើយ ដែលទ្រង់ត្រូវគេចាប់យកទៅ ។
ម៉ាថាយ ២៦:៤៣–៤៦