ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សាខេ ជា​អ្នកយក​ពន្ធ—ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់


លូកា ១៩:១–១០

សាខេ ជា​អ្នកយក​ពន្ធ

ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់

សាខេ​កំពុង​ប្រមូល​ពន្ធ  ។

ព្រះយេស៊ូវ​បាន​យាង​ទៅ​ក្រុង​យេរីខូ ។ បុរស​ម្នាក់​ឈ្មោះ សាខេ រស់នៅ​ទីនោះ ។ សាខេ​គឺជា​អ្នកយក​ពន្ធ​ដ៏​មាន​ស្ដុកស្ដម្ភ​ម្នាក់ ។ មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​អ្នកយក​ពន្ធ​ទេ ។ ពួកគេ​គិត​ថា អ្នកយក​ពន្ធ​យក​លុយ​ច្រើន​ហួសហេតុ​ពី​ប្រជាជន ។

លូកា ១៩:១–២

សាខេ​ខំ​រកមើល​ព្រះយេស៊ូវ​នៅក្នុង​ហ្វូង​មនុស្ស ។

សាខេ​បាន​ឮ​ថា ព្រះយេស៊ូ​គង់​នៅក្នុង​ទីក្រុង ។ គាត់​ចង់​រៀន​បន្ថែម​ទៀត ។ គាត់​ខំ​រកមើល​ព្រះយេស៊ូវ ប៉ុន្តែ​គាត់​មិន​អាច​ឃើញ​ទ្រង់​ទេ ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​នៅ​ជុំវិញ​ទ្រង់ ហើយ​សាខេ​ក៏​តូច​ទាប​ផង មិន​អាច​មើល​ហួស​ពួកគេ​បាន ។ តើ​គាត់​នឹង​អាច​ឃើញ​ព្រះយេស៊ូវ​ដោយ​របៀប​ណា ?

លូកា ១៩:៣–៤

សាខេ​ឡើង​លើ​ដើម​ឧទុម្ពរ ដើម្បី​គាត់​អាច​មើល​ឃើញ​ព្រះយេស៊ូវ ។

សាខេ​បាន​រត់​ទៅ​ពី​ខាងមុខ ហើយ​បាន​ឡើង​លើ​ដើម​ឧទុម្ពរ ដើម្បី​គាត់​អាច​មើលឃើញ​ព្រះយេស៊ូវ ។ កាល​ព្រះយេស៊ូវ​បាន​យាង​កាត់​តាម​នោះ ទ្រង់​ងើយ​ព្រះភ័ក្ត្រ​ឡើង ហើយ​ទត​ឃើញ​សាខេ​នៅលើ​ដើម​ឧទុម្ពរ​នោះ ។ ព្រះយេស៊ូវ​បាន​ហៅ​ឈ្មោះ​គាត់ ហើយ​មាន​បន្ទូល​ថា « ចូរ​អ្នក​ចុះ​មក » ។ ព្រះយេស៊ូវ​មាន​ព្រះទ័យ​ចង់​ទៅ​ជួប​គាត់​នៅ​ផ្ទះ​របស់​គាត់ ។ សាខេ​បាន​ប្រញាប់​ចុះ​ពី​ដើម​ឧទុម្ពរ ។ គាត់​មាន​ចិត្ត​រីករាយ​ណាស់ ដែល​ព្រះយេស៊ូវ​យាង​មក​ផ្ទះ​របស់​គាត់ ។

លូកា ១៩:៤–៦

ប្រជាជន​នៅ​ក្រុង​យេរីខូ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ព្រះយេស៊ូវ​យាង​ទៅ​ផ្ទះ​របស់​សាខេ ។

ប្រជាជន​នៅ​ក្រុង​យេរីខូ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​យាង​ទៅ​ផ្ទះ​របស់​សាខេ។ ពួកគេ​គិត​ថា សាខេ​ជា​មនុស្ស​មាន​បាប ព្រោះ​គាត់​ជា​អ្នកយក​ពន្ធ ។

លូកា ១៩:៧

ព្រះយេស៊ូវ​មាន​បន្ទូល​ជាមួយ​សាខេ និង​គ្រួសារ​របស់​គាត់ ។

សាខេ​បាន​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា « ទូលបង្គំ​ចែក​ទ្រព្យ​ទូលបង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ » ។ គាត់​បាន​និយាយ​ថា ប្រសិនបើ​គាត់​បាន​យក​ប្រាក់​ច្រើន​ពេក​ពី​នរណាម្នាក់ នោះ​គាត់​នឹង​សង​ពួកគេ​វិញ​លើស​ពីមុន​ទៀត ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​សាខេ​ថា « ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ » ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​បាន​មក​ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់‌បង់ ។

លូកា ១៩:៦, ៨–១០