ម៉ាថាយ ៣
ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក
ការធ្វើជាគំរូនៃការគោរពប្រតិបត្តិតាមព្រះ
ព្រះបានហៅយ៉ូហានឲ្យជួយមនុស្សរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ។ យ៉ូហានបានបង្រៀនមនុស្សឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ។ មនុស្សទូទៅហៅលោកថា យ៉ូហាន-បាទីស្ទ ។
ម៉ាថាយ ៣:១–១២
យ៉ូហានគឺជាគ្រូបង្រៀនដ៏មានឥទ្ធិពលម្នាក់ ។ មនុស្សជាច្រើនបានមកស្តាប់លោក ហើយបានទទួលបុណ្យជ្រមុជទឹក ។ ថ្ងៃមួយ ព្រះយេស៊ូវបានមកទទួលបុណ្យជ្រមុជទឹក ។
ម៉ាថាយ ៣:៥, ១៣
យ៉ូហានដឹងថា ព្រះយេស៊ូវតែងតែគោរពប្រតិបត្តិតាមព្រះ ។ ទ្រង់មិនចាំបាច់ប្រែចិត្តនោះទេ ។ យ៉ូហានគិតថា លោកមិនគួរជ្រមុជទឹកឲ្យព្រះយេស៊ូវនោះទេ ។ យ៉ូហានគិតថា ព្រះយេស៊ូវគួរតែជ្រមុជទឹកឲ្យលោកវិញ !
ម៉ាថាយ ៣:១៤
ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ក៏ត្រូវទទួលបុណ្យជ្រមុជទឹកដែរ ។ ទ្រង់ចង់គោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងអស់របស់ព្រះវរបិតាទ្រង់ ។ ទ្រង់ក៏ចង់ធ្វើជាគំរូសម្រាប់យើងផងដែរ ។ យ៉ូហានបានជ្រមុជទឹកថ្វាយទ្រង់ ។
ម៉ាថាយ ៣:១៣–១៥; នីហ្វៃទី២ ៣១:៥–៧
បន្ទាប់ពីព្រះយេស៊ូវបានងើបចេញពីទឹក ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកលើទ្រង់ ដូចជាសត្វព្រាប ។ ព្រះវរបិតាសួគ៌បានមានបន្ទូលពីស្ថានសួគ៌ថា « នេះជាកូនស្ងួនភ្ងារបស់យើង » ។ ព្រះវរបិតាសួគ៌មានសេចក្តីរីករាយយ៉ាងខ្លាំងជាមួយព្រះយេស៊ូវ ។
ម៉ាថាយ ៣:១៦–១៧