យ៉ូហាន ៨:១–១១
មនុស្សចង់ដាក់ទោសស្ត្រីម្នាក់ដែលបានប្រព្រឹត្តអំពើបាប
« អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ »
នាព្រឹកព្រលឹមមួយ ព្រះយេស៊ូវគ្រីស្ទបានយាងទៅព្រះវិហារបរិសុទ្ធនៅក្រុងយេរូសាឡិម ។ មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញទ្រង់ ដើម្បីស្តាប់ទ្រង់បង្រៀន ។
យ៉ូហាន ៨:១–២
កាលព្រះយេស៊ូវបង្រៀន ពួកអ្នកដឹកនាំសាសន៍យូដាមួយចំនួនបាននាំស្ត្រីម្នាក់មកកាន់ព្រះយេស៊ូវ ។ នាងត្រូវគេចាប់បាន កាលបំពានបទបញ្ញត្តិមួយរបស់ព្រះ ។ ស្របតាមក្រឹត្យវិន័យ ស្ដ្រីនោះត្រូវដាក់ទោសឲ្យស្លាប់ ដោយបណ្តាមនុស្សចោលស្ដ្រីនោះនឹងថ្ម ។
យ៉ូហាន ៨:៣–៥
ពួកបុរសទាំងនោះបានទូលសួរព្រះយេស៊ូវថា តើគួរតែមានរឿងអ្វីកើតឡើងចំពោះនាង ។ ពួកគេបានព្យាយាមល្បងលព្រះយេស៊ូវ ។ ពួកគេដឹងថា ទ្រង់នឹងមិនចង់ឲ្យស្ត្រីនោះរងរបួសទេ ។ ប៉ុន្តែប្រសិនបើព្រះយេស៊ូវមានបន្ទូលថា ស្ត្រីនោះមិនគួរទទួលទោសទេ នោះពួកគេអាចនិយាយថា ទ្រង់មិនគោរពតាមក្រឹត្យវិន័យ ។
យ៉ូហាន ៨:៦
ប៉ុន្តែព្រះយេស៊ូវមិនបានឆ្លើយនឹងពួកគេទេ ។ ទ្រង់បានឱនទៅសរសេរនៅដី ។ បុរសទាំងនោះបានទូលសួរទ្រង់ម្តងទៀតថា តើពួកគេគួរតែធ្វើអ្វី ។
យ៉ូហាន ៨:៦–៧
នៅទីបញ្ចប់ ព្រះយេស៊ូវបានងើបឡើង ហើយមើលទៅបុរសជុំវិញនោះ ។ ទ្រង់បានមានបន្ទូលថា ប្រសិនបើពួកគេណាម្នាក់គ្មានបាបសោះ អ្នកនោះអាចចោលនាងនឹងថ្មជាមុនគេចុះ ។
យ៉ូហាន ៨:៧
បន្ទាប់មក ព្រះយេស៊ូវក៏ឱនសរសេរនៅដីម្តងទៀត ។ បុរសទាំងអស់បានដឹងថា ពួកគេបានប្រព្រឹត្តអំពើបាបដែរ ។ ម្ដងម្នាក់ៗ ពួកគេបានដើរចេញ ។
យ៉ូហាន ៨:៨–៩
ព្រះយេស៊ូវទតមើលជុំវិញ ហើយឃើញតែស្ត្រីដែលឈរនៅទីនោះ ។ ទ្រង់បានសួរនាងថា ពួកអ្នកដែលចង់ដាក់ទោសនាងទៅណាអស់ហើយ ។ នាងបានទូលទៅទ្រង់ថា ពួកគេទាំងអស់បានចាកចេញអស់ហើយ ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ស្ត្រីនោះថា « អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ » ។ ចាប់ពីពេលនោះមក ស្ត្រីនោះបានជឿលើព្រះយេស៊ូវ ។
យ៉ូហាន ៨:៩–១១; Joseph Smith Translation, John 8:11 នៅក្នុង យ៉ូហាន ៨:១១ លេខយោង c ។