ម៉ាថាយ ២០:១–១៦
ពាក្យប្រៀបប្រដូចអំពីជើងឈ្នួលនៅក្នុងចម្ការទំពាំងបាយជូរ
សារលិខិតនៃសេចក្ដីសង្ឃឹម
ព្រះយេស៊ូវបានតំណាលប្រាប់ពួកសិស្សរបស់ទ្រង់អំពីពាក្យប្រៀបប្រដូច ឬដំណើររឿងមួយ ដើម្បីជួយពួកគេឲ្យយល់ថា តើនគរស្ថានសួគ៌មានលក្ខណៈដូចម្តេច ។ នៅក្នុងពាក្យប្រៀបប្រដូចនេះ ថៅកែម្នាក់ត្រូវការមនុស្សឲ្យធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់ ។ ដូច្នេះ នៅព្រឹកព្រលឹមមួយ គាត់រកបានជើងឈ្នួលមួយចំនួន ដែលយល់ព្រមធ្វើការពេញមួយថ្ងៃសម្រាប់ប្រាក់ពីរកាក់ ។ ពួកគេបានចាប់ផ្ដើមធ្វើការ ។
ម៉ាថាយ ២០:១–២
បីម៉ោងក្រោយមក ថៅកែនេះបានជួលជើងឈ្នួលបន្ថែមទៀត ។ គាត់បានឲ្យពួកគេធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់ពេញមួយថ្ងៃ ។ គាត់បានសន្យាថានឹងបើកប្រាក់ឲ្យពួកគេតាមត្រឹមត្រូវ ។
ម៉ាថាយ ២០:៣–៤
បីម៉ោងបន្ទាប់ពីនោះ ថៅកែនេះរកជើងឈ្មួលបានកាន់តែច្រើនថែមទៀត ដែលត្រូវការការងារធ្វើ ។ គាត់បានឲ្យពួកគេធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់ដែរ ។
ម៉ាថាយ ២០:៥
នៅទីបំផុត ជិតពេលល្ងាចទៅហើយ ថៅកែនេះបានឃើញមនុស្ស ដែលគ្មានការងារធ្វើ ។ ពួកគេបាននិយាយថា គ្មានអ្នកណាជួលពួកគេឲ្យធ្វើការពេញមួយថ្ងៃហើយ ។ ថៅកែនេះបាននិយាយថា ពួកគេអាចធ្វើការនៅម៉ោងចុងក្រោយក្នុងថ្ងៃនោះនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់បាន ។
ម៉ាថាយ ២០:៦–៧
នៅពេលល្ងាច ថៅកែនេះបើកប្រាក់ឈ្នួលឲ្យជើងឈ្នួល ។ គាត់បានបើកប្រាក់ពីរកាក់ឲ្យជើងឈ្នួល ដែលបានធ្វើការរយៈពេលមួយម៉ោង ។ គាត់ក៏បានបើកប្រាក់ពីរកាក់ឲ្យជើងឈ្នួលផ្សេងទៀតទាំងអស់ផងដែរ ។ ជើងឈ្នួលដែលបានធ្វើការពេញមួយថ្ងៃបានខឹងសម្បា ។ ពួកគេគិតថា ពួកគេគួរតែទទួលបានប្រាក់ច្រើនជាងអ្នកផ្សេងទៀតទាំងអស់ ។
ម៉ាថាយ ២០:៨–១២
ថៅកែនេះបានរំឭកជើងឈ្នួលទាំងនោះថា ពួកគេបានយល់ព្រមធ្វើការពេញមួយថ្ងៃសម្រាប់ប្រាក់ពីរកាក់ ។ គាត់បាននិយាយថា ពួកគេមិនគួរខឹងសម្បាឡើយ ប្រសិនបើគាត់ជ្រើសរើសមានចិត្តល្អដាក់អ្នកដទៃ ដែលធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់នោះ ។
ម៉ាថាយ ២០:១៣–១៦