ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ប៉ុល​ប្រៀបធៀប​សាសនាចក្រ​ទៅនឹង​ព្រះកាយ​របស់​ព្រះគ្រីស្ទ—ការបង្រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ ការរួបរួម​គ្នា និង​សេចក្ដី​សប្បុរស


កូរិនថូស ទី១ ១២–១៣

ប៉ុល​ប្រៀបធៀប​សាសនាចក្រ​ទៅនឹង​ព្រះកាយ​របស់​ព្រះគ្រីស្ទ

ការបង្រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ ការរួបរួម​គ្នា និង​សេចក្ដី​សប្បុរស

ប៉ុល​កំពុង​សរសេរ​សំបុត្រ ដោយ​មាន​ប្រជាជន​នៅ​ក្រុង​កូរិនថូស​នៅ​ផ្ទៃ​ខាងក្រោយ ។

ក្រុង​កូរិនថូស​គឺជា​ទីក្រុង​ដ៏​ធំ និង​មមាញឹក​មួយ ។ សមាជិក​ជាច្រើន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់នៅ​ទីនោះ ។ ប៉ុន្តែ​ពួកគេ​ទាំងអស់​មកពី​កន្លែង​ផ្សេងៗ​គ្នា និង​មាន​ភាពខុសគ្នា​ខ្លាំង​ពី​គ្នា ។ ប៉ុល​ចង់​ជួយ​ពួកគេ​ឲ្យ​រួបរួមគ្នា និង​មើលឃើញ​សេចក្ដីល្អ​នៅក្នុង​គ្នា​ទៅវិញ​ទៅមក ។ ដូច្នេះ លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅកាន់​ពួកគេ ។

កូរិនថូស ទី១ ១:១១–១៣

ប្រជាជន​នៅ​ក្រុង​កូរិនថូស ជាមួយ​នឹង​អំណោយទាន​ផ្សេងៗ​គ្នា​មកពី​ព្រះ ។

នៅក្នុង​សំបុត្រ​របស់​លោក ប៉ុល​បាន​ប្រាប់​ពួកបរិសុទ្ធ​ទាំងឡាយ​ថា ពួកគេ​ទាំងអស់​គ្នា​មាន​អំណោយទាន​ដ៏​ពិសេស​មកពី​ព្រះ ។ មនុស្ស​មួយ​ចំនួន​មាន​អំណោយទាន​នៃ​សេចក្តី​ជំនឿ ។ អ្នកផ្សេងទៀត​មាន​អំណោយទាន​នៃ​ការធ្វើ​អព្ភូតហេតុ ។ មនុស្ស​មួយ​ចំនួន​មាន​ប្រាជ្ញា ហើយ​មួយ​ចំនួន​ទៀត​អាច​ព្យាបាល​អ្នកដទៃ​បាន ។ មនុស្ស​មួយ​ចំនួន​អាច​និយាយ​ភាសា​ផ្សេងទៀត​បាន ។ ពួកបរិសុទ្ធ​ទាំងអស់​មាន​អំណោយទាន​ខុសៗ​គ្នា ប៉ុន្តែ​អំណោយទាន​ទាំងអស់​គឺ​បាន​មកពី​ព្រះ ។

កូរិនថូស ទី១ ១២:៣–១១, ២៩–៣០

ប្រជាជន​នៅ​ក្រុង​កូរិនថូស​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ប៉ុល​បាន​បង្រៀន​ថា ទោះបីជា​ពួកបរិសុទ្ធ​មាន​ភាពខុសគ្នា​ក៏ដោយ ក៏​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​បាន​នាំ​ពួកគេ​ឲ្យ​មក​រួបរួម​ជាមួយ​គ្នា​ដែរ ។ នៅពេល​ដែល​ពួកគេ​សម្រេច​ចិត្ត​ដើម្បី​ធ្វើតាម​ការបង្រៀន​របស់​ព្រះយេស៊ូវ ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់ នោះ​ពួកគេ​ក្លាយជា​ក្រុម​មួយ ដែល​រួបរួមគ្នា​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។

កូរិនថូស ទី១ ១២:២៧

មនុស្ស​ពីរនាក់​ចែក​នំបុ័ង​ដល់​គ្នា ។ មនុស្ស​ពីរនាក់​កំពុង​ដើរ​ជាមួយគ្នា ។ ម្តាយ និង​កូន​របស់​គាត់ ។

ប៉ុល​បាន​និយាយ​ថា សាសនាចក្រ​គឺ​ដូចជា​រូបកាយ​មួយ​ដូច្នោះ​ដែរ ដែល​មាន​ក្បាល ដៃ ជើង និង​ម្រាម​ជើង ។ គ្រប់​អវៈយវៈ​ទាំងអស់​នៃ​រូបកាយ​មាន​តួនាទី​ខុសៗ​គ្នា ។ ត្រចៀក​មិន​គួរ​មាន​អារម្មណ៍​មិន​ល្អ ព្រោះ​វា​ខុសពី​ភ្នែក​នោះ​ទេ ។ ហើយ​ក្បាល​មិន​អាច​និយាយ​ទៅកាន់​ជើង​ថា « យើង​មិន​ត្រូវការ​នឹង​ឯង​ដែរ​នោះ​ឡើយ » ។ អវៈយវៈ​នីមួយៗ​មាន​សារៈសំខាន់ ហើយ​វា​ទាំងអស់​ធ្វើការ​ជាមួយគ្នា ។

កូរិនថូស ទី១ ១២:១២–១៤

ប្រជាជន​នៅ​ក្រុង​កូរិនថូស​បាន​ជួបជុំ​គ្នា ។

ប៉ុល​បាន​ហៅ​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ថា​ជា « រូប‌កាយ​នៃ​ព្រះ‌គ្រីស្ទ » ។ លោក​ចង់​ឲ្យ​ពួកគេ​ធ្វើការ​ជាមួយគ្នា ដូចជា​អវៈយវៈ​ផ្សេងៗ​នៃ​រូបកាយ​ធ្វើការ​ជាមួយ​គ្នា​ដែរ ដោយ​ប្រើ​អំណោយទាន​ផ្សេងៗ​គ្នា​របស់​ពួកគេ​ដើម្បី​ជួយ និង​ផ្ដល់​ពរជ័យ​ដល់​គ្នា​ទៅវិញ​ទៅមក ។

កូរិនថូស ទី១ ១២:១៥–២៧

ប៉ុល​កំពុង​សរសេរ​សំបុត្រ ។ ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ដល់​បុរស​ម្នាក់ ។

ដើម្បី​ធ្វើ​ដូច្នេះ​បាន ប្រជាជន​ទាំងនេះ​ត្រូវការ​សេចក្តី​ស្រឡាញ់​ដ៏ពិសេស​ខ្លាំង​មួយ​ដែល​ហៅ​ថា សេចក្ដី​សប្បុរស ។ វា​គឺជា​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សម្រាប់​មនុស្ស​គ្រប់គ្នា ។ ប៉ុល​បាន​និយាយ​ថា ការមាន​សេចក្ដី​សប្បុរស​មាន​ន័យ​ថា យើង​មាន​ការអត់ធ្មត់​ជាមួយ​អ្នកដទៃ ទោះបីជា​ពួកគេ​មិន​មាន​ចិត្ត​ល្អ​ដាក់​យើង​ក៏ដោយ ។ វា​មាន​ន័យ​ថា ការមិន​មាន​ភាពក្រអឺត​ក្រទម គ្មាន​ភាពអាត្មានិយម ឬ​គ្មាន​ការច្រណែន​គ្នា​ឡើយ ។ វា​មាន​ន័យ​ថា ការស្រឡាញ់​សេចក្ដីពិត និង​ការមាន​សេចក្តី​សង្ឃឹម ។

កូរិនថូស ទី១ ១៣:១–៧; មរ៉ូណៃ ៧:៤៧

បុរស​ម្នាក់​ផ្តល់​នំបុ័ង​ឲ្យ​ស្ត្រី​ម្នាក់ ។

ប៉ុល​បាន​ប្រាប់​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ថា សេចក្ដី​សប្បុរស​មិន​ដែល​ផុត​រលត់​ឡើយ ។ មិន​ថា​យើង​អាច​មាន​អំណោយទាន​អ្វី​ផ្សេងទៀត​នោះ​ទេ យើង​ទាំងអស់​គ្នា​ត្រូវ​មាន​សេចក្ដី​សប្បុរស ។ ពួកយើង​ទាំងអស់់​គ្នា​អាច​មាន​សេចក្ដី​សប្បុរស​បាន ប្រសិនបើ​យើង​ទូលសូម​សេចក្ដី​សប្បុរស​នេះ​ពី​ព្រះវរបិតា​សួគ៌​ដោយ​អស់ពី​ចិត្ត​យើង ហើយ​ព្យាយាម​ធ្វើជា​អ្នកដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កូរិនថូស ទី១ ១៣:១–៣, ៨; មរ៉ូណៃ ៧:៤៨