ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទេវតា​យាង​មក​ជួប​ម៉ារា និង​យ៉ូសែប—ត្រូវបាន​ជ្រើសរើស​ឲ្យ​មើលថែ​ព្រះរាជបុត្រា​នៃ​ព្រះ


ម៉ាថាយ ១; លូកា ១

ទេវតា​យាង​មក​ជួប​ម៉ារា និង​យ៉ូសែប

ត្រូវបាន​ជ្រើសរើស​ឲ្យ​មើលថែ​ព្រះរាជបុត្រា​នៃ​ព្រះ

ម៉ារា និង​យ៉ូសែប​កំពុង​និយាយ​គ្នា ។

ស្ដ្រី​ម្នាក់​ឈ្មោះ ម៉ារា បាន​រស់នៅ​ក្នុង​ស្រុក​ណាសារ៉ែត ។ នាង​ស្រឡាញ់​ព្រះ និង​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ ម៉ារា​ហៀប​នឹង​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ស្រឡាញ់​ព្រះ​ដូចគ្នា ។

ម៉ាថាយ ១:១៨–១៩; លូកា ១:២៦–២៨

ទេវតា​កាព្រីយ៉ែល​យាង​មក​ជួប​ម៉ារា ។

ថ្ងៃ​មួយ ទេវតា​ព្រះនាម​ថា​កាព្រីយ៉ែល​បាន​យាង​មក​ជួប​ម៉ារា ។ ដំបូង​ឡើយ ម៉ារា​បាន​ភ័យខ្លាច ។ ប៉ុន្តែ​ទេវតា​កាព្រីយ៉ែល​បាន​មាន​បន្ទូល​ថា ទ្រង់​ត្រូវបាន​បញ្ជូន​មកពី​ព្រះ ។ ម៉ារា​មិន​ចាំបាច់​ភ័យខ្លាច​ឡើយ ។ ទ្រង់​មាន​បន្ទូល​ថា ម៉ារា​គឺជា​មនុស្ស​ពិសេស​ខ្លាំង​ណាស់​ចំពោះ​ព្រះ ហើយ​នាង​នឹង​មាន​កូន​ក្នុង​ពេល​ឆាប់ៗ​នេះ ។ កូន​របស់​ម៉ារា​នឹង​ជា​ព្រះរាជបុត្រា​របស់​ព្រះ គឺ​ព្រះយេស៊ូវ ។

លូកា ១:២៦–៣៣

ទេវតា​មាន​បន្ទូល​ប្រាប់​ម៉ារា​ថា នាង​នឹង​មាន​កូន ។

ប៉ុន្តែ​ម៉ារា​មាន​ការភាន់ភាំង ។ នាង​មិន​ទាន់​បាន​រៀបការ​ជាមួយ​យ៉ូសែប​នៅឡើយ​ទេ ។ តើ​នាង​អាច​មាន​កូន​ដោយ​របៀប​ណា ? ទេវតា​កាព្រីយ៉ែល​បាន​ពន្យល់​ថា វា​នឹង​កើតឡើង​តាមរយៈ​ព្រះចេស្ដា​របស់​ព្រះ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​ថា « ដ្បិត​ការណ៍​អ្វី​ដែល​ព្រះ‌ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ។

លូកា ១:៣៤–៣៧

ម៉ារា​ទូល​ប្រាប់​ទេវតា​ថា នាង​ស្ម័គ្រចិត្ត​ធ្វើជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

ម៉ារា​មាន​ការបន្ទាប​ខ្លួន និង​ភាពស្មោះត្រង់ ។ នាង​បាន​ទូល​ប្រាប់​ទេវតា​កាព្រីយ៉ែល​ថា នាង​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ។ នាង​ស្ម័គ្រចិត្ត​ធ្វើជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

លូកា ១:៣៨

យ៉ូសែប​ដឹង​ថា ម៉ារា​នឹង​មាន​កូន ។

នៅពេល​យ៉ូសែប​បាន​រកឃើញ​ថា ម៉ារា​នឹង​មាន​កូន គាត់​អំពល់​ចិត្ត​ជាខ្លាំង ។ គាត់​ងឿងឆ្ងល់​ថា តើ​គាត់​គួរតែ​បន្ដ​រៀបការ​ជាមួយ​ម៉ារា​ដែរ​ឬអត់ ។

ម៉ាថាយ ១:១៩

ទេវតា​មួយ​អង្គ​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ។

ប៉ុន្តែ​នៅ​យប់​មួយ​នៅក្នុង​សុបិន ទេវតា​បាន​យាង​មក​ជួប​យ៉ូសែប ។ ទេវតា​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា កូន​របស់​ម៉ារា​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​យ៉ូសែប​គួរតែ​ដាក់​ឈ្មោះ​ឲ្យ​ទ្រង់​ថា យេស៊ូវ ។ ព្រះយេស៊ូវ​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ទាំងអស់​ពី​អំពើបាប​របស់​ពួកគេ ។ ទេវតា​បាន​មាន​បន្ទូល​ថា យ៉ូសែប​គួរតែ​បន្ដ​រៀបការ​ជាមួយ​ម៉ារា ។

ម៉ាថាយ ១:២០–២៣

ម៉ារា និង​យ៉ូសែប​បាន​រៀបការ ។

យ៉ូសែប​បាន​ធ្វើតាម​អ្វី​ដែល​ទេវតា​បាន​មាន​បន្ទូល ។ ម៉ារា និង​យ៉ូសែប​បាន​រៀបការ ។

ម៉ាថាយ ១:២៤

ម៉ារា​ទៅលេង​បងប្អូន​ជីដូន​មួយ​របស់​នាង​ឈ្មោះ អេលីសាបិត ។

ម៉ារា​បាន​ទៅលេង​បងប្អូន​ជីដូន​មួយ​របស់​នាង​ឈ្មោះ អេលីសាបិត ។ ទេវតា​មាន​បន្ទូល​ប្រាប់​ម៉ារា​ថា អេលីសាបិត​ក៏​មាន​ផ្ទៃពោះ​ដែរ ទោះជា​នាង​មាន​វ័យ​ចំណាស់​ហើយ​ក៏ដោយ ។ នេះ​គឺជា​អព្ភូតហេតុ​មួយ​ទៀត​មកពី​ព្រះ ។ កូនប្រុស​របស់​នាង​នឹង​ធំឡើង​ក្លាយជា​យ៉ូហាន-បាទីស្ទ ។ នៅពេល​ម៉ារា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ នាង​បាន​ស្វាគមន៍​អេលីសាបិត ។

លូកា ១:១៣–១៧, ៣៦, ៣៩–៤០

អេលីសាបិត និង​ម៉ារា​អររីករាយ ។

នៅពេល​ដែល​អេលីសាបិត​បាន​ឮ​សំឡេង​ម៉ារា​ភ្លាម នោះ​ទារក​របស់​អេលីសាបិត​បាន​លោត​ដោយ​ក្ដី​សប្បាយ​រីករាយ​នៅក្នុង​ពោះ​នាង ។ អេលីសាបិត​បាន​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នាង​បាន​ដឹង​ថា ម៉ារា​កំពុង​ពពោះ​ព្រះរាជបុត្រា​នៃ​ព្រះ ។ ម៉ារា​អរ​រីករាយ​ជាមួយ​អេលីសាបិត ។ នាង​បាន​សរសើរ​ព្រះ​ចំពោះ​រឿង​អស្ចារ្យ​ទាំងអស់ ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​ប្រទានពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។

លូកា ១:៤១–៥៥