ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ប្រោស​បាវបម្រើ​របស់​មេទ័ព​ឲ្យ​ជា—អ្នកដឹកនាំ​រ៉ូម​បង្ហាញ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ


លូកា ៧:១–១០

ព្រះយេស៊ូវ​ប្រោស​បាវបម្រើ​របស់​មេទ័ព​ឲ្យ​ជា

អ្នកដឹកនាំ​រ៉ូម​បង្ហាញ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ

មេទ័ព​ជាមួយ​នឹង​កងទ័ព​របស់​គាត់ ។

មេទ័ព​ម្នាក់​រស់នៅ​ក្រុង​កាពើណិម ជា​ទីក្រុង​មួយ​ដែល​ព្រះយេស៊ូវ​ឧស្សាហ៍​ទៅ​បង្រៀន ។ គាត់​គឺជា​មេទ័ព​នៃ​ក្រុម​ទាហាន​ដ៏ធំ​មួយ ។

លូកា ៧:១–២

បាវបម្រើ​របស់​មេទ័ព​រូប​នេះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ។

មេទ័ព​នេះ​មាន​បាវបម្រើ​ម្នាក់ ដែល​ពិសេស​ខ្លាំង​ណាស់​ចំពោះ​គាត់ ។ បាវបម្រើ​នេះ​បាន​ឈឺ​ហៀប​នឹង​ស្លាប់​ទៅ​ហើយ ។

លូកា ៧:២

មេទ័ព​រូប​នេះ​សុំ​ឲ្យ​អ្នកដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន​ឲ្យ​ទៅ​រក​ព្រះយេស៊ូវ ។

ទោះបីជា​មេទ័ព​នេះ​មិនមែន​ជា​សាសន៍​យូដា​ក្ដី ក៏​គាត់​បាន​ឮ​ពី​ព្រះយេស៊ូវ​ដែរ ។ គាត់​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​ដើម្បី​ធ្វើ​អព្ភូតហេតុ​ដ៏អស្ចារ្យ​បាន ។ គាត់​បាន​បញ្ជូន​អ្នកដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន​ឲ្យ​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​យាង​មក​ព្យាបាល​បាវបម្រើ​របស់​គាត់ ។

លូកា ៧:៣–៤

មនុស្ស​មួយ​ចំនួន​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា​កុំ​ឲ្យ​ទៅ​ផ្ទះ​របស់​មេទ័ព​នេះ ។

អ្នកដឹកនាំ​ទាំងនេះ​បាន​ទូល​ប្រាប់​ព្រះយេស៊ូវ​អំពី​មេទ័ព​នេះ និង​បាវបម្រើ​របស់​គាត់ ។ ពួកគេ​បាន​និយាយ​ថា មេទ័ព​នេះ​មាន​ចិត្ត​ល្អ​ដាក់​ពួកសាសន៍​យូដា ។ ព្រះយេស៊ូវ​ចាប់ផ្តើម​យាង​ទៅកាន់​ផ្ទះ​របស់​មេទ័ព​នេះ ។ ប៉ុន្តែ​មុន​ពេល​ដែល​ទ្រង់​បាន​យាងទៅ​ដល់​ទីនោះ មិត្តភក្តិ​មួយ​ចំនួន​របស់​មេទ័ព​នោះ​បាន​បញ្ឈប់​ព្រះយេស៊ូវ ។ ពួកគេ​បាន​ទូល​ប្រាប់​ទ្រង់​ថា​កុំឲ្យ​ចូល​ទៅក្នុង​ផ្ទះ​នោះ​អី ។

លូកា ៧:៤–៦

មនុស្ស​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា មេទ័ព​រូប​នេះ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​មាន​ស័ក្ដិសម​នោះ​ទេ ។

មិត្តភក្តិ​ទាំងនោះ​បាន​និយាយ​ថា មេទ័ព​រូប​នេះ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ស័ក្ដិសម​ដើម្បី​ទទួល​ព្រះយេស៊ូវ​នៅក្នុង​ផ្ទះ​របស់​គាត់​នោះ​ទេ ។ គាត់​ជឿ​ថា ព្រះយេស៊ូវ​អាច​ព្យាបាល​បាវបម្រើ​របស់​គាត់​ឲ្យ​ជា​បាន ទោះជា​ពី​ចម្ងាយ​ក្ដី !

លូកា ៧:៦–៨

ព្រះយេស៊ូវ​មាន​បន្ទូល​ថា មេទ័ព​នេះ​មាន​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ ។

ព្រះយេស៊ូវ​មាន​ការអស្ចារ្យ​នឹង​សេចក្តី​ជំនឿ​របស់​មេទ័ព​នេះ ។ ទ្រង់​មាន​បន្ទូល​ថា ទ្រង់​មិន​ដែល​ឃើញ​សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​បែប​នេះ​ទេ ។

លូកា ៧:៩

បាវបម្រើ​របស់​មេទ័ព​បាន​ជា​សះស្បើយ ។

នៅពេល​មិត្តភក្តិ​របស់​មេទ័ព​នេះ​បាន​ទៅ​ដល់​ផ្ទះ​របស់​គាត់​វិញ នោះ​បាវបម្រើ​នេះ​បាន​ជា​សះស្បើយ​ទាំងស្រុង ។ ព្រះយេស៊ូវ​បាន​ព្យាបាល​គាត់ គឺ​ដូចដែល​មេទ័ព​នេះ​បាន​ជឿ​ថា ទ្រង់​អាច​ព្យាបាល​បាន​មែន ។

លូកា ៧:១០