ម៉ាថាយ ១៤:១៣–២១; យ៉ូហាន ៦
ព្រះយេស៊ូវប្រទានអាហារដល់មនុស្សរាប់ពាន់នាក់
ទ្រង់ជានំបុ័ងជីវិត
ព្រះយេស៊ូវបានជ្រាបថា យ៉ូហាន-បាទីស្ទត្រូវគេសម្លាប់ ។ ទ្រង់បានយាងទៅកន្លែងមួយដែលនៅឆ្ងាយពីទីប្រជុំជន ដើម្បីទ្រង់អាចមានពេលវេលាតែព្រះអង្គឯង ។
ម៉ាថាយ ១៤:១៣
នៅពេលមនុស្សបានដឹងពីកន្លែងដែលព្រះយេស៊ូវបានយាងទៅ ពួកគេបានដើរតាមទ្រង់ ។ ព្រះយេស៊ូវបានទតឃើញពួកគេ ហើយទ្រង់មានព្រះទ័យស្រឡាញ់ពួកគេ ។ ទ្រង់បានចំណាយពេលពេញមួយថ្ងៃដើម្បីប្រទានពរ និងព្យាបាលពួកគេ ។
ម៉ាថាយ ១៤:១៣–១៤
ជិតដល់ពេលល្ងាច ប្រជាជនបានឃ្លាន ។ ពួកសាវកបានគិតថា ព្រះយេស៊ូវគួរតែឲ្យប្រជាជនត្រឡប់ទៅទីប្រជុំជនវិញ ដើម្បីបរិភោគអាហារ ។ ប៉ុន្តែព្រះយេស៊ូវចង់ឲ្យពួកគេបន្ដនៅទីនោះ ។ ទ្រង់បានបង្គាប់ឲ្យពួកសាវកផ្តល់អាហារឲ្យប្រជាជនបរិភោគ ។
ម៉ាថាយ ១៤:១៥–១៦
សាវកអនទ្រេបានឃើញក្មេងប្រុសម្នាក់ ដែលមាននំប៉័ងប្រាំដុំ និងត្រីពីរក្បាលដើម្បីឲ្យប្រជាជន ។ ប៉ុន្តែមានបុរសចំនួន៥,០០០នាក់ បូកទាំងស្ត្រី និងកុមារទៀត ដែលត្រូវការអាហារបរិភោគ ។ តើពួកលោកអាចផ្ដល់អាហារដល់មនុស្សជាច្រើន ដោយមានអាហារតែបន្ដិចបន្ដួចបែបនេះដោយរបៀបណា ?
ម៉ាថាយ ១៤:១៧, ២១; យ៉ូហាន ៦:៨–១០
ព្រះយេស៊ូវបានបង្គាប់ឲ្យពួកសាវកយកអាហារនោះមកឲ្យទ្រង់ ។ ទ្រង់មានបន្ទូលប្រាប់ឲ្យប្រជាជនអង្គុយនៅលើវាលស្មៅនេះ ។ បន្ទាប់មក ព្រះយេស៊ូវបានពោលពាក្យអធិស្ឋាន ដើម្បីអរព្រះគុណដល់ព្រះវរបិតាសួគ៌សម្រាប់នំបុ័ង និងត្រីនេះ ហើយសូមទ្រង់ប្រទានពរដល់អាហារទាំងនេះ ។ បន្ទាប់មក ទ្រង់បានកាច់នំបុ័ង និងបេះត្រីទៅជាបំណែកៗ ។
ម៉ាថាយ ១៤:១៨–១៩; យ៉ូហាន ៦:១០–១១
ព្រះយេស៊ូវបានបង្គាប់ឲ្យពួកសាវករបស់ទ្រង់ចែកនំបុ័ង និងត្រីដល់ប្រជាជន ។ មនុស្សគ្រប់គ្នាបានបរិភោគ ហើយមនុស្សគ្រប់គ្នាបានឆ្អែត ។ បន្ទាប់ពីពួកគេបានបរិភោគហើយ វានៅសល់១២កន្ត្រកទៀត ដែលមានពេញដោយអាហារដែលនៅសេសសល់ !
ម៉ាថាយ ១៤:២០; យ៉ូហាន ៦:១១–១៣
នៅថ្ងៃបន្ទាប់ ប្រជាជនបានត្រឡប់មកវិញ ហើយជួបព្រះយេស៊ូវម្ដងទៀត ។ ប៉ុន្តែព្រះយេស៊ូវបានជ្រាបថា ពួកគេជាច្រើននាក់បានដើរតាមទ្រង់ ដោយសារទ្រង់បានប្រទានអាហារដល់ពួកគេតែប៉ុណ្ណោះ ។ ព្រះយេស៊ូវបានរំឭកពួកគេថា អាហារឆ្អែតបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ។ ទ្រង់មានអ្វីមួយដែលល្អប្រសើរជាងនេះ ដើម្បីប្រទានឲ្យពួកគេ ។
យ៉ូហាន ៦:១៤, ២៤–២៧
ព្រះយេស៊ូវបានមានព្រះបន្ទូលថា « ខ្ញុំជានំបុ័ងជីវិត » ។ នំបុ័ងផ្តល់ឲ្យយើងនូវជីវិតនៅលើផែនដី ។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទអាចប្រទានឲ្យយើងនូវជីវិតដ៏អស់កល្បជានិច្ចជាមួយព្រះវរបិតាសួគ៌បាន ។
យ៉ូហាន ៦:៣៥–៥៨
មនុស្សជាច្រើនពុំចូលចិត្តអ្វីដែលព្រះយេស៊ូវបានព្យាយាមបង្រៀននោះទេ ។ ពួកគេបានចាកចេញ ហើយសម្រេចចិត្តមិនធ្វើតាមព្រះយេស៊ូវទៀតទេ ។
យ៉ូហាន ៦:៦០, ៦៦
បន្ទាប់មក ព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ពួកសាវករបស់ទ្រង់ថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » ពេត្រុសទូលឆ្លើយថា « ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ។ ពួកសាវកមិនបានទៅណាទេ ។ ពួកលោកបានដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងជាព្រះរាជបុត្រានៃព្រះ ។
យ៉ូហាន ៦:៦៧–៦៩