ម៉ាថាយ ១៦–១៧
ព្រះយេស៊ូវប្រទានកូនសោបព្វជិតភាពដល់ពួកសាវករបស់ទ្រង់
« ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ »
ថ្ងៃមួយ ព្រះយេស៊ូវបានសួរពួកសិស្សរបស់ទ្រង់ថា តើបណ្តាជនគិតថាទ្រង់ជានរណា ។ ពួកសិស្សរបស់ទ្រង់បានឆ្លើយថា មនុស្សមួយចំនួននិយាយថា ទ្រង់គឺជាយ៉ូហាន-បាទីស្ទ ។ មនុស្សផ្សេងទៀតគិតថា ទ្រង់គឺជាព្យាការីមកពីព្រះគម្ពីរសញ្ញាចាស់ ដែលបានយាងត្រឡប់មកវិញ ។
ម៉ាថាយ ១៦:១៣–១៤
បន្ទាប់មក ព្រះយេស៊ូវបានសួរពួកសិស្សរបស់ទ្រង់ថា តើពួកគេគិតថាទ្រង់ជានរណា ។ ពេត្រុសបានទូលតបថា « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ។
ម៉ាថាយ ១៦:១៥–១៦
ព្រះយេស៊ូវអរព្រះទ័យកាលព្រះសណ្ដាប់ឮពេត្រុសនិយាយដូច្នេះ ។ ទ្រង់បានមានបន្ទូលទៅពេត្រុសថា លោកមិនបានដឹងថាព្រះយេស៊ូវគឺជានរណាមកពីមនុស្សផ្សេងនោះទេ ។ ព្រះវរបិតាសួគ៌បានបើកសម្ដែងការណ៍នេះដល់លោក ។
ម៉ាថាយ ១៦:១៧
ព្រះយេស៊ូវមានបន្ទូលប្រាប់ពេត្រុសថា « ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ » ។ បន្ទាប់មក ទ្រង់បានសន្យាថានឹងប្រទានកូនសោបព្វជិតភាពដល់ពេត្រុស ឬសិទ្ធិអំណាចមកពីព្រះ ដើម្បីលោក និងពួកសាវកដទៃទៀតអាចដឹកនាំសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះបាន ។
ម៉ាថាយ ១៦:១៨–១៩
ពីរបីថ្ងៃក្រោយមក ព្រះយេស៊ូវបាននាំពេត្រុស យ៉ាកុប និងយ៉ូហានឡើងទៅភ្នំខ្ពស់មួយដើម្បីអធិស្ឋាន ។
ម៉ាថាយ ១៧:១; លូកា ៩:២៨
ខណៈដែលព្រះយេស៊ូវបានអធិស្ឋាន ព្រះភ័ក្ដ្ររបស់ទ្រង់ភ្លឺចែងចាំដូចជាព្រះអាទិត្យ ។ សូម្បីតែសម្លៀកបំពាក់របស់ទ្រង់ក៏មើលទៅភ្លឺចែងចាំដែរ ។
ម៉ាថាយ ១៧:២; លូកា ៩:២៩
ព្យាការីពីររូបមកពីព្រះគម្ពីរសញ្ញាចាស់ គឺម៉ូសេ និងអេលីយ៉ា បានបង្ហាញកាយ ។ ពួកលោកបានទូលជាមួយព្រះយេស៊ូវអំពីការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះនៅក្រុងយេរូសាឡិម ។ ពេត្រុសបានទូលទៅកាន់ព្រះយេស៊ូវថា « ព្រះអម្ចាស់អើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ » ។
ម៉ាថាយ ១៧:៣–៤; លូកា ៩:៣០–៣៣ ( សូមមើល Joseph Smith Translation នៅក្នុងលេខយោង ៣១a )
ខណៈពេត្រុសកំពុងនិយាយ មានពពកយ៉ាងភ្លឺព័ទ្ធជុំវិញពួកគេ ។ ពួកលោកបានឮព្រះសូរសៀងរបស់ព្រះ ដែលមានបន្ទូលថា « នេះជាកូនស្ងួនភ្ងាយើង ជាទីពេញចិត្តយើងណាស់ ចូរស្តាប់តាមចុះ » ។ ពេត្រុស យ៉ាកុប និងយ៉ូហានបានភ័យស្លុតជាខ្លាំង ហើយបានដួលទៅដី ។
ម៉ាថាយ ១៧:៥–៦
ព្រះយេស៊ូវបានពាល់ពួកសាវករបស់ទ្រង់ ហើយមានបន្ទូលថា « ចូរក្រោកឡើង កុំភ័យឡើយ » ។ ពួកលោកបានងើបឡើង ។ ម៉ូសេ និងអេលីយ៉ាបានទៅបាត់ហើយ ។ នៅលើភ្នំនេះ ពេត្រុស យ៉ាកុប និងយ៉ូហានបានទទួលកូនសោបព្វជិតភាព ដែលព្រះយេស៊ូវបានសន្យាថានឹងប្រទានដល់ពួកលោក ។
ម៉ាថាយ ១៧:៧–៩; សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១២–១៣