ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ប៉ុល និង​ស៊ីឡាស—ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​អព្ភូតហេតុ​មកពី​ព្រះអម្ចាស់


កិច្ចការ ១៦:៩–៤០

ប៉ុល និង​ស៊ីឡាស

ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​អព្ភូតហេតុ​មកពី​ព្រះអម្ចាស់

ប៉ុល និង​ស៊ីឡាស​កំពុង​ធ្វើ​ដំណើរ​ជាមួយគ្នា ។

ព្រះអម្ចាស់​បាន​ហៅ​ប៉ុល និង​ស៊ីឡាស​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​ជាមួយគ្នា ។ ពួកលោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ជាច្រើន ដើម្បី​មើល​ថា​តើ​សាសនាចក្រ​រីកចម្រើន​ដល់​កម្រិត​ណា​ហើយ ។

កិច្ចការ ១៥:៤០–៤១; ១៦:៤–៨

ប៉ុល​មាន​ការនិមិត្ត​មួយ ។

នៅ​យប់​មួយ នៅក្នុង​ការនិមិត្ត ប៉ុល​បាន​ឃើញ​បុរស​ម្នាក់​មកពី​ស្រុក​ម៉ាសេដូន​សុំឲ្យ​លោក​មក​ទីក្រុង​របស់​គាត់ ។ ប៉ុល និង​ស៊ីឡាស​បាន​ចេញទៅ​ភ្លាមៗ ។ ពួកលោក​ដឹង​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ពួកលោក​ទៅ​ទីនោះ ។

កិច្ចការ ១៦:៩–១០

ប៉ុល និង​ស៊ីឡាស​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​ស្ត្រី​ម្នាក់​ឈ្មោះ លីឌា ។

នៅពេល​ពួកលោក​បាន​មក​ដល់​ស្រុក​ម៉ាសេដូន មាន​ស្ដ្រី​ម្នាក់​ឈ្មោះ លីឌា បាន​ស្ដាប់​ពួកលោក​បង្រៀន ។ ព្រះអម្ចាស់​បាន​បើក​ចិត្ត​របស់​លីឌា ។ នាង​បាន​ជឿ​អ្វី​ដែល​ប៉ុល​បាន​បង្រៀន ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

កិច្ចការ ១៦:១៣–១៥

លីឌា​ប្រាប់​ប៉ុល និង​ស៊ីឡាស​ថា ពួកលោក​អាច​ស្នាក់នៅ​ផ្ទះ​របស់​នាង​បាន ។

លីឌា​បាន​ប្រាប់​ប៉ុល និង​ស៊ីឡាស​ថា ពួកលោក​អាច​ស្នាក់នៅ​ផ្ទះ​របស់​នាង​បាន ខណៈ​ដែល​ពួកលោក​នៅ​ទីនោះ ។

កិច្ចការ ១៦:១៥

មនុស្ស​នាំ​ប៉ុល និង​ស៊ីឡាស​ទៅឯ​ទីផ្សារ ។

ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់គ្នា​ពេញចិត្ត​ដែល​ប៉ុល និង​ស៊ីឡាស​នៅ​ទីនោះ​ទេ ។ មនុស្ស​មួយ​ចំនួន​មិន​ចូលចិត្ត​អ្វី​ដែល​ពួកលោក​កំពុង​បង្រៀន​ឡើយ ។ ពួកគេ​បាន​នាំ​ប៉ុល និង​ស៊ីឡាស​ទៅឯ​ទីផ្សារ ហើយ​ប្រាប់​ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​នោះ​ថា ពួកលោក​កំពុង​បង្ក​បញ្ហា ។

កិច្ចការ ១៦:១៦–២១

មនុស្ស​ខឹង​សម្បា​នឹង​ប៉ុល និង​ស៊ីឡាស ។

មនុស្ស​បាន​ខឹង​សម្បា​នឹង​ប៉ុល និង​ស៊ីឡាស ។ ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​នោះ​បាន​កន្ត្រាក់​ហែក​អាវ​របស់​ប៉ុល និង​ស៊ីឡាស ហើយ​បាន​បង្គាប់​ឲ្យ​វាយ​ពួកលោក​នឹង​រំពាត់ ។

កិច្ចការ ១៦:២២–២៣

ប៉ុល និង​ស៊ីឡាស​ត្រូវ​គេ​ចាប់​ដាក់​គុក ។

បន្ទាប់មក ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​នោះ​បាន​ចាប់​ប៉ុល និង​ស៊ីឡាស​ដាក់​គុក ។ ពួកគេ​បាន​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​របស់​ពួកលោក ហើយ​ដាក់​មេភូ‌ឃុំ​ឲ្យ​យាម​ការពារ​ពួកលោក ។

កិច្ចការ ១៦:២៣–២៤

ខ្នោះ​របស់​ប៉ុល និង​ស៊ីឡាស​បាន​រហើប​ចេញ​ទាំងអស់ ។

នៅ​យប់​នោះ ប៉ុល និង​ស៊ីឡាស​បាន​អធិស្ឋាន និង​ច្រៀង​ទំនុក​តម្កើង​សរសើរ​ដល់​ព្រះ ខណៈ​ដែល​អ្នកទោស​ផ្សេងទៀត​ស្តាប់ ។ ភ្លាមៗ​នោះ ដី​ចាប់ផ្ដើម​កក្រើក ។ ទ្វារ​គុក​បាន​របើក​ចេញ ហើយ​ខ្នោះ​ក៏​បាន​រហើប​ចេញ​ទាំងអស់ ។

កិច្ចការ ១៦:២៥–២៦

ប៉ុល​ប្រាប់​មេភូឃុំ​ថា​កុំ​ឲ្យ​បារម្ភ​អី ។

មេភូឃុំ​បាន​ភ្ញាក់ឡើង ហើយ​បាន​ឃើញ​ទ្វារ​គុក​បើក​ចំហ ។ គាត់​គិត​ថា អ្នកទោស​បាន​រត់​គេច​ខ្លួន​អស់ ហើយ​ថា គាត់​នឹង​មាន​រឿង​ហើយ​ដែល​បណ្ដោយ​ឲ្យ​ពួកគេ​រត់គេច​ខ្លួន​បាន ។ ប៉ុល​បាន​ប្រាប់​មេភូឃុំ​ថា​កុំ​ឲ្យ​បារម្ភ​អី ។ អ្នកទោស​នៅ​ឯណេះ​ទាំងអស់​គ្នា​ទេ ។

កិច្ចការ ១៦:២៧–២៨

ប៉ុល​ប្រាប់​មេភូឃុំ​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

មេភូឃុំ​បាន​ភិតភ័យ ។ គាត់​បាន​លុត​ជង្គង់​ចុះ​នៅក្បែរ​ប៉ុល និង​ស៊ីឡាស ហើយ​បាន​និយាយ​ថា « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង ? » ពួកលោក​បាន​និយាយ​ថា « ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ » ។

កិច្ចការ ១៦:២៧–៣១

ប៉ុល និង​ស៊ីឡាស​បង្រៀន​ដំណឹងល្អ​ដល់​មេភូឃុំ និង​គ្រួសារ​របស់​គាត់ ។

ប៉ុល និង​ស៊ីឡាស​បាន​បង្រៀន​ដំណឹងល្អ​ដល់​មេភូឃុំ និង​គ្រួសារ​របស់​គាត់ ។ មេភូឃុំ​បាន​មើលថែ​របួស​ឲ្យ​ប៉ុល និង​ស៊ីឡាស ។ នា​យប់​នោះ មេភូឃុំ និង​គ្រួសារ​របស់​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក !

កិច្ចការ ១៦:៣២–៣៣