ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អព្ភូតហេតុ​អំឡុង​ការធ្វើ​ដំណើរ​របស់​ប៉ុល​ទៅកាន់​ក្រុង​រ៉ូម—ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នកបម្រើ​របស់​ទ្រង់


កិច្ចការ ២១–២២; ២៦–២៨

អព្ភូតហេតុ​អំឡុង​ការធ្វើ​ដំណើរ​របស់​ប៉ុល​ទៅកាន់​ក្រុង​រ៉ូម

ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នកបម្រើ​របស់​ទ្រង់

ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ក្រុង​យេរូសាឡិម ។

ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​ប្រាប់​ប៉ុល​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម ។ មនុស្ស​ជាច្រើន​នៅ​ទីនោះ​មិន​ចូលចិត្ត​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ទេ ។ ពួកគេ​បាន​ចាប់​ខ្លួន​លោក ហើយ​ដាក់​ច្រវាក់​លោក ។ ប៉ុល​បាន​ប្រាប់​មនុស្ស​គ្រប់គ្នា​អំពី​គ្រា​ដែល​លោក​បាន​ឃើញ​ពន្លឺ​មកពី​ស្ថានសួគ៌ ឮ​ព្រះសូរសៀង​របស់​ព្រះយេស៊ូវ និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

កិច្ចការ ២១:៤, ១២–១៣, ២៧–៤០; ២២:១–១៦

ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ប៉ុល​នៅក្នុង​គុក ។

ប៉ុល​ត្រូវ​គេ​ចាប់​ដាក់​គុក ។ ខណៈ​ដែល​លោក​នៅ​ទីនោះ ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ ហើយ​បាន​មាន​បន្ទូល​ថា « ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ » ។ ទ្រង់​បាន​មាន​បន្ទូល​ថា ប៉ុល​នឹង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​នៅ​ក្រុង​រ៉ូម ។

កិច្ចការ ២៣:១០–១១

ប៉ុល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ប៉ុល​ត្រូវ​គេ​នាំយក​ទៅ​ចំពោះ​មុខ​ពួកអភិបាល និង​ស្តេច​មួយ​អង្គ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​ក្លាហាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​អ្នកគ្រប់គ្រង​ដ៏មាន​ឥទ្ធិពល​ទាំងនេះ ។ លោក​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ជឿ​លើ​ព្រះយេស៊ូវ ។

កិច្ចការ ២៤:១០–២៧; ២៥:៦–៨, ១៧–១៩; ២៦:១–២៩

ប៉ុល​ប្រាប់​នាវិក​លើ​សំពៅ​ឲ្យ​រង់ចាំ​សិន រហូតដល់​អាកាសធាតុ​ល្អ​ប្រសើរ​ជាងមុន ។

ស្តេច​បាន​បញ្ជូន​ប៉ុល​ទៅ​ក្រុង​រ៉ូម ដើម្បី​ទទួល​ការវិនិច្ឆ័យ​ពី​សេសារ ដែល​ជា​អធិរាជ ។ ប៉ុល​បាន​ធ្វើ​ដំណើរ​តាម​សំពៅ​ជាមួយ​អ្នកទោស​ផ្សេងទៀត ដែល​ឈប់​នៅតាម​ផ្លូវ ។ នៅ​ចំណត​មួយ ប៉ុល​បាន​ដឹង​ថា វា​ជិត​ដល់​រដូវ​រងា​ហើយ ។ ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ធ្វើ​ដំណើរ នោះ​ពួកគេ​នឹង​ស្ថិត​ក្នុង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ។ លោក​បាន​ប្រាប់​នាវិក​លើ​សំពៅ​ឲ្យ​រង់ចាំ​សិន រហូត​ដល់​អាកាសធាតុ​ល្អ​ប្រសើរ​ជាងមុន ។

កិច្ចការ ២៧:១–១០

សំពៅ​ជាប់​នៅក្នុង​ព្យុះ​មួយ ។

គ្មាន​នរណា​ម្នាក់​ជឿ​ប៉ុល​ឡើយ ដូច្នេះ​ពួកគេ​បាន​បន្ត​បើក​សំពៅ​ទៀត ។ ព្យុះ​ដ៏ធំ​មួយ​បាន​បក់បោក​មក ហើយ​សំពៅ​នេះ​ត្រូវបាន​រលក​បោក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ។ ពួកគេ​មិន​អាច​មើលឃើញ​ព្រះអាទិត្យ ឬ​ផ្កាយ​ឡើយ ។ ពួកគេ​គិត​ថា ពួកគេ​នឹង​ស្លាប់​នៅក្នុង​ព្យុះ​នេះ​ហើយ ។

កិច្ចការ ២៧:១១–២០

ទេវតា​មួយ​បាន​បង្ហាញ​កាយ​ដល់​ប៉ុល​នៅលើ​សំពៅ ។

នៅ​យប់​មួយ ទេវតា​របស់​ព្រះ​បាន​មក​ជួប​ប៉ុល ហើយ​បាន​មាន​បន្ទូល​ថា « ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ » ។ ទេវតា​នោះ​បាន​មាន​បន្ទូល​ថា ប៉ុល​នឹង​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​រ៉ូម ដូច​ដែល​ព្រះអម្ចាស់​បាន​សន្យា​មក ។ ទ្រង់​បាន​មាន​បន្ទូល​ថា ព្រះ​នឹង​ការពារ​មនុស្ស​គ្រប់គ្នា​នៅលើ​សំពៅ​នេះ—គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​នឹង​ស្លាប់​ឡើយ ។

កិច្ចការ ២៧:២៣–២៤

ប៉ុល​ប្រាប់​មនុស្ស​នៅលើ​សំពៅអំពី​ទេវតា ។

ប៉ុល​បាន​ប្រាប់​មនុស្ស​គ្រប់គ្នា​អំពី​អ្វី​ដែល​ទេវតា​បាន​មាន​បន្ទូល ។ ប៉ុល​បាន​និយាយ​ថា « ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ » ។

កិច្ចការ ២៧:២១–២៥

ប៉ុល និង​អ្នកដទៃទៀត​នៅលើ​កោះ​មួយ​ដែល​មាន​ឈ្មោះ​ថា មេលីត ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក សំពៅ​បាន​បុក​ថ្ម ហើយ​បាន​លិច ។ ប៉ុន្តែ​ដូច​ដែល​ទេវតា​បាន​សន្យា គ្មាន​នរណា​ម្នាក់​នៅលើ​សំពៅ​នោះ​បាន​ស្លាប់​ឡើយ ។ ពួកគេ​ទាំងអស់​គ្នា​បាន​ហែល​ទឹក​ទៅកាន់​កោះ​មួយ​ដែល​មាន​ឈ្មោះ​ថា មេលីត ។

កិច្ចការ ២៧:៤០–៤៤; ២៨:១

ប្រជាជន​នៅលើ​កោះ​មេលីត​ជួយ​ដល់​ប៉ុល និង​អ្នកដទៃទៀត ។

ប្រជាជន​ដែល​បាន​រស់នៅ​លើ​កោះ​មេលីត មាន​ចិត្ត​ល្អ​ដាក់​ប៉ុល និង​អ្នកដទៃទៀត​មកពី​សំពៅ ។ ពួកគេ​បាន​ដុត​ភ្លើង ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​មាន​ភាពកក់ក្តៅ ។

កិច្ចការ ២៨:២

ពស់​ចឹក​ប៉ុល ប៉ុន្តែ​លោក​ឥត​មាន​ឈឺ‌ចាប់​អ្វី​ឡើយ ។

ភ្លាមៗ​នោះ ពស់​មួយ​ក្បាល​បាន​ចេញពី​ភ្លើង ហើយ​បាន​ចឹក​ជាប់​នៅ​ដៃ​ប៉ុល ។ ប៉ុន្តែ​ប៉ុល​ឥត​មាន​ឈឺ‌ចាប់​អ្វី​ឡើយ ។ លោក​គ្រាន់តែ​រលាស់​ពស់​នោះ​ចេញ​ទៅវិញ ។ ប្រជាជន​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត !

កិច្ចការ ២៨:៣–៦

ប៉ុល​ផ្ដល់​ពរជ័យ​ដល់​ឪពុក​របស់​ពូញ្លស ។

បុរស​ម្នាក់​ឈ្មោះ ពូញ្លស បាន​អនុញ្ញាត​ឲ្យ​ប៉ុល​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​គាត់ ។ ឪពុក​របស់​ពូញ្លស បាន​ឈឺ​ធ្ងន់ ។ ប៉ុល​បាន​ដាក់​ដៃ​លោក​នៅលើ​គាត់ ហើយ​បាន​ប្រើ​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​ព្យាបាល​គាត់ ។

កិច្ចការ ២៨:៧–៨

ប៉ុល​បាន​មក​ដល់​ក្រុង​រ៉ូម ។

ប៉ុល​បាន​ចំណាយ​ពេល​បី​ខែ​នៅលើ​កោះ​មេលីត ។ ព្រះអម្ចាស់​បាន​ជួយ​លោក​ឲ្យ​ធ្វើ​អព្ភូតហេតុ​ជាច្រើន ដោយ​ការផ្ដល់​ពរជ័យ និង​ការព្យាបាល​មនុស្ស​ដែល​មាន​ជំងឺ ។ បន្ទាប់មក ដូច​ដែល​ព្រះអម្ចាស់​បាន​សន្យា ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម ។

កិច្ចការ ២៨:៩–១៦

ប៉ុល​កំពុង​បង្រៀន​អំពី​ដំណឹងល្អ ខណៈ​ដែល​នៅជា​អ្នកទោស ។

ប៉ុល​នៅតែ​ជា​អ្នកទោស​នៅ​ឡើយ ខណៈ​ដែល​លោក​នៅ​ក្រុង​រ៉ូម ។ ប៉ុន្តែ​មេ​បន្ទាយ​របស់​លោក​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​មក​លេង​លោក ។ ប៉ុល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ចង់​ស្តាប់ ។ លោក​ក៏​បាន​សរសេរ​សំបុត្រ​ទៅកាន់​សមាជិក​សាសនាចក្រ​នៅ​កន្លែង​ជាច្រើន​ផងដែរ ។ សំបុត្រ​ទាំងនេះ​មួយ​ចំនួន​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

កិច្ចការ ២៨:១៦–៣១