ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​របស់​ទ្រង់—ត្រូវ​គេ​បដិសេធ​នៅ​ណាសារ៉ែត


លូកា ៤:១៦–៣១

ព្រះយេស៊ូវ​ថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​របស់​ទ្រង់

ត្រូវ​គេ​បដិសេធ​នៅ​ណាសារ៉ែត

ព្រះយេស៊ូវ​យាង​ទៅ​សាលាប្រជុំ ។

ព្រះយេស៊ូវ​បាន​យាង​ទៅ​ស្រុក​ណាសារ៉ែត ជា​ស្រុក​ដែល​គ្រួសារ និង​មិត្តភក្ដិ​របស់​ទ្រង់​រស់នៅ ។ វា​ជា​កន្លែង​ដែល​ទ្រង់​បាន​ធំ​ឡើង ។ នៅ​ថ្ងៃ​ឈប់​សម្រាក ទ្រង់​បាន​យាង​ទៅ​សាលាប្រជុំ ជា​កន្លែង​ដែល​មនុស្ស​បាន​ទៅ​សិក្សា​ពី​ព្រះគម្ពីរ និង​ថ្វាយ​បង្គំ​ព្រះ ។

លូកា ៤:១៦–១៧

ព្រះយេស៊ូវ​កំពុង​អាន​បទគម្ពីរ​នៅ​សាលាប្រជុំ ។

នៅឯ​សាលាប្រជុំ ព្រះយេស៊ូវ​បាន​ឈរ​អាន​បទគម្ពីរ​មួយ​មកពី​ព្យាការី​អេសាយ ។ បទគម្ពីរ​នោះ​បាន​ចែង​ថា នៅ​ថ្ងៃ​មួយ ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក ។ ទ្រង់​នឹង​ផ្សព្វផ្សាយ​ដំណឹងល្អ​ទៅកាន់​អ្នកក្រីក្រ ហើយ​ព្យាបាល​ដួងចិត្ត​ដែល​ប្រេះស្រាំ ។ ទ្រង់​នឹង​ជួយ​មនុស្ស​ខ្វាក់ និង​អ្នក​ដែល​ឈឺចាប់ ។

អេសាយ ៦១:១–២; លូកា ៤:១៧–១៩

ព្រះយេស៊ូវ​ប្រាប់​ប្រជាជន​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ ។

ព្រះយេស៊ូវ​បាន​អាន​ចប់ ហើយ​គង់​ចុះ​ទៅវិញ ។ មនុស្ស​គ្រប់គ្នា​សម្លឹង​ទៅ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា នៅ​ថ្ងៃនោះ​ឯង​ដែល​បទគម្ពីរ​ដែល​ទ្រង់​បាន​អាន ក្លាយ​ទៅជា​ការពិត ។ ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ ។

លូកា ៤:២១

មនុស្ស​ឆ្ងល់​ថា តើ​ព្រះយេស៊ូវ​អាច​ក្លាយជា​ព្រះអង្គ​សង្គ្រោះ​បាន​យ៉ាង​ដូចម្តេច ។

ប្រជាជន​ណាសារ៉ែត​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ។ តើ​ព្រះយេស៊ូវ​អាច​ក្លាយជា​ព្រះអង្គ​សង្គ្រោះ​បាន​យ៉ាង​ដូចម្តេច​ទៅ ? ពួកគេ​គិត​ថា ទ្រង់​គ្រាន់តែ​ជា​កូនប្រុស​របស់​ម៉ារា និង​យ៉ូសែប​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​នោះ​ទេ ។ ចំពោះ​ពួកគេ ទ្រង់​ហាក់​ដូចជា​មនុស្ស​ធម្មតា​ម្នាក់ ។

លូកា ៤:២២

ព្រះយេស៊ូវ​មាន​បន្ទូល​អំពី​អព្ភូតហេតុ ។

ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ប្រជាជន​ចង់​ឲ្យ​ទ្រង់​ធ្វើ​អព្ភូតហេតុ​មួយ ដើម្បី​បញ្ជាក់​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​មែន ។ ទ្រង់​បាន​បង្រៀន​ថា អព្ភូតហេតុ​គឺ​សម្រាប់​មនុស្ស​ដែល​ជឿ ហើយ​ពេលខ្លះ ព្រះ​បាន​ធ្វើ​អព្ភូតហេតុ​សម្រាប់​អ្នក​ដែល​មិនមែន​ជា​សាសន៍​អ៊ីស្រាអែល ព្រោះ​ពួកគេ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ជាង ។ មនុស្ស​មួយ​ចំនួន​នៅក្នុង​សាលាប្រជុំ​បាន​ខឹង​សម្បា​នឹង​ព្រះយេស៊ូវ ។

លូកា ៤:២៣–២៨

មនុស្ស​បង្ខំ​ឲ្យ​ព្រះយេស៊ូវ​ឡើងទៅ​កំពូល​ភ្នំ​មួយ ។

ពួកគេ​បាន​បង្ខំ​ទ្រង់​ឲ្យ​ចេញពី​ទីក្រុង និង​ឡើងទៅ​កំពូល​ភ្នំ​មួយ ។ ពួកគេ​ចង់​ច្រាន​ទ្រង់​ទម្លាក់​ពី​ភ្នំ​នោះ ។

លូកា ៤:២៨–២៩

ព្រះយេស៊ូវ​កំពុង​ចាកចេញ ។

ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ចាកចេញ​ពី​ប្រជាជន​ដែល​ខឹង​សម្បា​នោះ ។

លូកា ៤:៣០

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅ​ទីក្រុង​មួយ​ផ្សេងទៀត ។

ដោយសារ​ពួកគេ​មិន​ចង់​ឲ្យ​ទ្រង់​គង់នៅ​ស្រុក​ណាសារ៉ែត នោះ​ព្រះយេស៊ូវ​បាន​យាងទៅ​ទីក្រុង​មួយ​ផ្សេងទៀត​ដើម្បី​បង្រៀន ។

លូកា ៤:៣១–៣២