ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​បង្រៀន​ទេសនកថា​នៅលើ​ភ្នំ—ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌​របស់​យើង


ម៉ាថាយ ៥–៧

ព្រះយេស៊ូវ​បង្រៀន​ទេសនកថា​នៅលើ​ភ្នំ

ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌​របស់​យើង

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅជិត​សមុទ្រ​កាលីឡេ ។

ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់​បាន​ទៅ​ភ្នំ​មួយ​នៅជិត​សមុទ្រ​កាលីឡេ ។ នៅ​ទីនោះ ព្រះយេស៊ូវ​បាន​បង្រៀន​ពួកគេ​ពី​របៀប​ដែល​យើង​អាច​មាន​សុភមង្គល និង​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌​របស់​យើង ។

ម៉ាថាយ ៥:១–២

ព្រះយេស៊ូវ​កំពុង​បង្រៀន​ពី​របៀប​ធ្វើឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ជាមួយ​អ្នកដទៃ ។

ព្រះយេស៊ូវ​បាន​បង្រៀន​ថា មនុស្ស​មាន​ពរជ័យ និង​រីករាយ នៅពេល​ពួកគេ​បន្ទាប​ខ្លួន មាន​ចិត្ត​បរិសុទ្ធ និង​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ មនុស្ស​ដែល​អត់ទោស​ឲ្យ​អ្នកដទៃ អាច​ទទួល​បាន​ការអភ័យទោស ។ មនុស្ស​ដែល​ផ្សះផ្សា​គេ នឹង​ត្រូវបាន​ហៅ​ជា​កូន​របស់​ព្រះ ។

ម៉ាថាយ ៥:៣–៩

យើង​គួរតែ​ក្លាយ​ដូចជា​ពន្លឺ​សម្រាប់​ពិភពលោក​នេះ ។

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា ពួកសិស្ស​របស់​ទ្រង់​គឺជា​ពន្លឺ​សម្រាប់​ពិភពលោក—ដូចជា​ទីក្រុង​មួយ​នៅលើ​ភ្នំ ដែល​មនុស្ស​គ្រប់គ្នា​អាច​មើលឃើញ​ដែរ ។ យើង​មិន​គួរ​លាក់​ពន្លឺ​របស់​យើង​នោះ​ទេ ។

ម៉ាថាយ ៥:១៤

កិច្ចការ​ល្អ​របស់​យើង​អាច​ដូចជា​ពន្លឺ​មួយ​បំភ្លឺ​ដល់​មនុស្ស​ដទៃ ។

នៅពេល​យើង​ធ្វើតាម​ព្រះយេស៊ូវ នោះ​យើង​គឺ​ដូចជា​ចង្កៀង​មួយ ដែល​ផ្ដល់​ពន្លឺ​ដល់​មនុស្ស​គ្រប់គ្នា​នៅក្នុង​បន្ទប់​ដែរ ។ កិច្ចការ​ល្អ​របស់​យើង​អាច​ជួយ​មនុស្ស​ឲ្យ​ជឿ​លើ​ព្រះវរបិតា​សួគ៌​បាន ។

ម៉ាថាយ ៥:១៥–១៦

ព្រះយេស៊ូវ​បង្រៀន​ថា យើង​គួរតែ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា យើង​គួរតែ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា—ទោះជា​មនុស្ស​ដែល​មិន​ស្រឡាញ់​យើង​ក្ដី ។ យើង​គួរតែ​អធិស្ឋាន​ឲ្យ​ពួកគេ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា យើង​គួរតែ​ព្យាយាម​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌​របស់​យើង ។ ទ្រង់​បាន​បង្រៀន​ថា នៅពេល​យើង​ជួយ​មនុស្ស​ដទៃ យើង​មិន​ចាំបាច់​ប្រាប់​មនុស្ស​គ្រប់គ្នា​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ទេ ។ ព្រះ​ទតឃើញ​កិច្ចការ​ល្អៗ​ដែល​យើង​បាន​ធ្វើ ហើយ​ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ។

ម៉ាថាយ ៥:៣៨–៤៨; ម៉ាថាយ ៦:១–៤

យើង​គួរតែ​អធិស្ឋាន​ដោយ​ស្មោះ​អស់ពី​ចិត្ត​របស់​យើង ។

នៅពេល​យើង​អធិស្ឋាន យើង​មិន​គួរ​ព្រួយបារម្ភ​ពី​អ្វី​ដែល​មនុស្ស​ដទៃ​គិត​អំពី​យើង​នោះ​ទេ ។ យើង​មិន​គួរ​ពោល​ពាក្យ​ដដែលៗ​រាល់​ពេល​នោះ​ទេ បើ​យើង​មិន​ចង់​ធ្វើ​អ្វី​ដែល​យើង​បាន​ពោល​នោះ​ទេ​នោះ ។ យើង​គួរតែ​ពោល​ពាក្យ​ទាំងនោះ​ចេញពី​ដួងចិត្ត​របស់​យើង ។ ព្រះវរបិតា​សួគ៌​ទ្រង់​ព្រះ​សណ្ដាប់​ឮ​ការអធិស្ឋាន​របស់​យើង ហើយ​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវការ ។ សូម្បីតែ​ពេល​គ្មាន​នរណា​ម្នាក់​អាច​ស្ដាប់​ឮ​យើង​ក្ដី តែ​ទ្រង់​នឹង​ព្រះសណ្ដាប់​ឮ​យើង ។

ម៉ាថាយ ៦:៥–៨

យើង​គួរតែ​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ដូច​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ ។

ព្រះយេស៊ូវ​បាន​បង្រៀន​ថា យើង​មិន​គួរ​គិត​ថា យើង​ល្អ​ជាង​មនុស្ស​ដទៃ​នោះ​ទេ ។ យើង​គួរ​ចងចាំ​ថា យើង​ទាំងអស់​គ្នា​មាន​បញ្ហា ។ ជាជាង​កាត់​សេចក្ដី​អ្នកដទៃ នោះ​យើង​គួរតែ​គិត​ពី​របៀប​ដែល​យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាង​មុន ។ យើង​គួរតែ​ប្រព្រឹត្ត​នឹង​មនុស្ស​ដទៃ តាម​របៀប​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដាក់​យើង ។

ម៉ាថាយ ៧:១–៥, ១២

ព្រះយេស៊ូវ​កំពុង​បង្រៀន​អំពី​ផ្ទះ​មួយ​ដែល​សង់​នៅលើ​ថ្ម ។

បន្ទាប់​មក ព្រះយេស៊ូវ​បាន​តំណាល​ប្រាប់​ពី​ដំណើររឿង​មួយ អំពី​មនុស្ស​ល្ងង់​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ខ្សាច់ និង​មនុស្ស​ប៉ិន​ប្រយ័ត្ន​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ថ្ម ។ នៅពេល​ភ្លៀង​ធ្លាក់​មក ផ្ទះ​ដែល​សង់​នៅលើ​ខ្សាច់​ក៏​រលំ​ទៅ ហើយ​ផ្ទះ​ដែល​សង់​នៅលើ​ថ្ម​នៅ​ឈរ​យ៉ាង​រឹងមាំ ។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា ប្រសិនបើ​យើង​ស្ដាប់​តាម​ការបង្រៀន​របស់​ទ្រង់ ហើយ​ធ្វើតាម​ការបង្រៀន​ទាំងនោះ យើង​គឺ​ដូចជា​មនុស្ស​ប៉ិន​ប្រយ័ត្ន​ដែរ ។

ម៉ាថាយ ៧:២៤–២៨