លូកា ១០:២៥–៣៧
ពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ
ការស្រឡាញ់អ្នកជិតខាងរបស់យើង ដូចដែលយើងស្រឡាញ់ខ្លួនឯង
អ្នកប្រាជ្ញច្បាប់ម្នាក់បានទូលសួរព្រះយេស៊ូវពីរបៀបដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា នៅក្នុងព្រះគម្ពីរ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ ។ អ្នកប្រាជ្ញច្បាប់នោះបានឆ្លើយតបថា ព្រះគម្ពីរចែងថាត្រូវឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ។ ព្រះយេស៊ូវបានមានបន្ទូលថា គាត់បានឆ្លើយត្រូវហើយ ។ រួចហើយអ្នកប្រាជ្ញច្បាប់បានទូលសួរថា « តើអ្នកណាជាអ្នកជិតខាងខ្ញុំ ? » ព្រះយេស៊ូវបានឆ្លើយសំណួរដោយតំណាលប្រាប់ពីពាក្យប្រៀបប្រដូចមួយ ឬដំណើររឿងមួយ ។
លូកា ១០:២៥–២៩
នៅក្នុងពាក្យប្រៀបប្រដូចនេះ បុរសម្នាក់ដែលជាសាសន៍យូដា បានធ្វើដំណើរតាមផ្លូវពីក្រុងយេរូសាឡិមទៅក្រុងយេរីខូរ ។ ភ្លាមៗនោះ ស្រាប់តែមានពួកចោរបានមក ។ ពួកវាបានប្លន់យកសម្លៀកបំពាក់របស់គាត់ វាយគាត់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយទុកគាត់ចោលនៅទីនោះ ។
លូកា ១០:៣០
មិនយូរប៉ុន្មាន មានសង្ឃមួយអង្គចុះមកតាមផ្លូវនោះ ។ សង្ឃគឺជាបុគ្គលម្នាក់ដែលធ្វើការនៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បានឃើញបុរសនោះហើយ ប៉ុន្ដែបានវាងតាមម្ខាងផ្លូវហួសទៅ ។
លូកា ១០:៣១
បន្ទាប់មក មានបុរសម្នាក់ទៀតមក ដែលធ្វើការនៅក្នុងព្រះវិហារបរិសុទ្ធដែរ ដែលគេហៅថាពួកលេវី ។ គាត់បានឃើញបុរសដែលរងរបួសនោះហើយ ប៉ុន្ដែគាត់បានវាងតាមម្ខាងផ្លូវហួសទៅដែរ ។
លូកា ១០:៣២
បន្ទាប់មក សាសន៍សាម៉ារីម្នាក់បានដើរដំណើរមកដល់ ។ គាត់បានឃើញថា បុរសនៅលើផ្លូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ជាធម្មតា ពួកសាសន៍សាម៉ារី និងពួកសាសន៍យូដាមិនចុះសម្រុងគ្នានោះទេ ។ ប៉ុន្តែសាសន៍សាម៉ារីរូបនេះនៅតែចង់ជួយបុរសនេះ ។
លូកា ១០:៣៣
សាសន៍សាម៉ារីរូបនេះបានថែទាំបុរសនោះ ដោយយកប្រេង និងស្រាចាក់លាបលើរបួសរបស់បុរសនោះ ។ លោកបានដាក់បុរសនោះនៅលើសត្វលារបស់គាត់ ។
លូកា ១០:៣៤
បន្ទាប់មក សាសន៍សាម៉ារីរូបនេះបាននាំបុរសនេះទៅឯផ្ទះសំណាក់ ដើម្បីគាត់អាចសម្រាក និងបានជាសះស្បើយឡើងវិញ ។ មុនពេលសាសន៍សាម៉ារីរូបនេះរៀបចេញនៅថ្ងៃស្អែក គាត់បានឲ្យប្រាក់ទៅម្ចាស់ផ្ទះសំណាក់នោះ ហើយប្រាប់ថា « ចូរថែរក្សាអ្នកនេះផង » ។ សាសន៍សាម៉ារីរូបនេះបាននិយាយថា គាត់នឹងត្រឡប់មកវិញក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយឲ្យប្រាក់បន្ថែមទៀត ។
លូកា ១០:៣៤–៣៥
នៅចុងបញ្ចប់នៃដំណើររឿងនេះ ព្រះយេស៊ូវបានសួរអ្នកប្រាជ្ញច្បាប់នូវសំណួរមួយ ។ តើអ្នកណាជាអ្នកជិតខាងនឹងបុរសដែលរងរបួសនេះ ? សង្ឃ ពួកលេវី ឬសាសន៍សាម៉ារីរូបនេះ ? អ្នកប្រាជ្ញច្បាប់បានតបថា គឺជាអ្នកដែលបានបង្ហាញសេចក្តីស្រឡាញ់ចំពោះបុរសនោះ—សាសន៍សាម៉ារី ។ ព្រះយេស៊ូវមានបន្ទូលប្រាប់អ្នកប្រាជ្ញច្បាប់ឲ្យទៅចុះ ហើយប្រព្រឹត្តដូចជាសាសន៍សាម៉ារីរូបនេះ ។
លូកា ១០:៣៦–៣៧