លូកា ២៤:១–១២, ៣៦–៤៩ ; យ៉ូហាន ២០
ទ្រង់មានព្រះជន្មរស់ឡើងវិញ
ព្រះយេស៊ូវគ្រីស្ទយកឈ្នះលើសេចក្ដីស្លាប់សម្រាប់មនុស្សទាំងអស់
ពួកសិស្សរបស់ព្រះយេស៊ូវបានដាក់ព្រះសពរបស់ទ្រង់នៅក្នុងផ្នូរ ។ ពួកលោកចង់ធ្វើកិច្ចការជាច្រើនទៀត ដើម្បីថែទាំព្រះសពរបស់ទ្រង់ ប៉ុន្តែវាជិតដល់ថ្ងៃឈប់សម្រាកហើយ ។ ពួកលោកគ្រោងនឹងត្រឡប់មកវិញបន្ទាប់ពីថ្ងៃឈប់សម្រាក ដើម្បីបញ្ចប់កិច្ចការទាំងនោះ ។
លូកា ២៣:៥២–៥៦
នៅព្រឹកព្រលឹមស្រាងៗ នៅថ្ងៃទីបីបន្ទាប់ពីព្រះយេស៊ូវបានសុគត ម៉ារា ពីស្រុកម៉ាក់ដាឡា និងអ្នកដទៃទៀតបានទៅកាន់ផ្នូរ ។
លូកា ២៤:១; យ៉ូហាន ២០:១
នៅពេលពួកគេមកដល់ ពួកគេបានឃើញថា ថ្មដែលបាំងពីមុខផ្នូរបានរមៀលចេញ ។ ពួកគេបានចូលទៅក្នុងផ្នូរ តែព្រះសពរបស់ព្រះយេស៊ូវមិនបាននៅទីនោះទេ ។
លូកា ២៤:២–៣ ; យ៉ូហាន ២០:១
ម៉ារាបានរត់ទៅប្រាប់ពេត្រុស និងយ៉ូហានថា មាននរណាម្នាក់បានយកព្រះសពរបស់ព្រះយេស៊ូវ ។ ពេត្រុស និងយ៉ូហានបានរត់ទៅកាន់ផ្នូរ ។
យ៉ូហាន ២០:២–៤
នៅពេលពួកលោកទៅដល់ផ្នូរ ។ ពេត្រុស និងយ៉ូហានបានចូលទៅខាងក្នុង ។ ពួកលោកបានឃើញថា ព្រះសពរបស់ព្រះយេស៊ូវបានបាត់ទៅហើយ ។ ក្រណាត់ដែលបានរុំព្រះសពទ្រង់នៅទីនោះនៅឡើយ ។
យ៉ូហាន ២០:៥–៧
ពេត្រុស និងយ៉ូហានបានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែម៉ារាបានបន្ដយំសោកនៅក្បែរផ្នូរ ។ នាងបានក្រឡេកមើលទៅឯផ្នូរ ហើយបានឃើញទេវតាពីរអង្គ ។ ពួកទេវតាបានសួរនាងថា ហេតុអ្វីបានជានាងយំ ។ នាងបាននិយាយថា មាននរណាម្នាក់បានយកព្រះសពរបស់ព្រះយេស៊ូវ ហើយនាងមិនដឹងថា ព្រះសពនៅឯណាទេ ។
យ៉ូហាន ២០:១១–១៣
បន្ទាប់មក ព្រះយេស៊ូវបានយាងមក ប៉ុន្តែម៉ារាមិនបានដឹងថាជាទ្រង់ទេ ។ ព្រះយេស៊ូវមានព្រះបន្ទូលសួរនាងថា « នាងអើយ ហេតុអ្វីបានជាយំ ? » ម៉ារាបានគិតថា ទ្រង់គឺជាអ្នកថែសួនច្បារ ។ នាងបានសួរទ្រង់ថា តើទ្រង់ជ្រាបថា តើព្រះសពរបស់ព្រះយេស៊ូវនៅឯណាដែរឬទេ ។
យ៉ូហាន ២០:១៤–១៥
ព្រះយេស៊ូវមានបន្ទូលថា « ម៉ារាអើយ » ។ នាងបានបែរខ្លួន ។ ឥឡូវនេះ នាងដឹងថា នោះគឺជាព្រះយេស៊ូវ ! នាងបានទូលទៅកាន់ទ្រង់ថា « លោកគ្រូអើយ » ។ ព្រះយេស៊ូវបានសុំឲ្យនាងប្រាប់ពួកសិស្សដទៃទៀតថា ទ្រង់ត្រូវទៅឯព្រះវរបិតាសួគ៌របស់ទ្រង់ ។ ម៉ារាបានរកឃើញពួកសិស្សដទៃទៀត ហើយបានប្រាប់ពួកលោកថា នាងបានឃើញព្រះយេស៊ូវ ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ !
យ៉ូហាន ២០:១៦–១៨
នៅល្ងាចនោះ ពួកសាវកជាច្រើនបាននៅជុំគ្នា ។ ពួកលោកបានបិទទ្វារ ដោយខ្លាចថា ពួកមេដឹកនាំយូដាអាចនឹងព្យាយាមតាមរកពួកលោក ។ នៅរំពេចនោះ ពួកលោកបានឃើញព្រះយេស៊ូវគង់នៅកណ្តាលពួកលោក ។ ដំបូងឡើយ ពួកលោកខ្លាច ។ ពួកលោកគិតថា ទ្រង់គឺជាវិញ្ញាណ ។ ព្រះយេស៊ូវមានបន្ទូលថា « សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ » ។
លូកា ២៤:៣៣–៣៨ ; យ៉ូហាន ២០:១៩
ព្រះយេស៊ូវបានអញ្ជើញពួកសាវកឲ្យពាល់ព្រះហស្ត និងព្រះបាទរបស់ទ្រង់ ។ ទ្រង់ចង់ឲ្យពួកលោកដឹងថា ទ្រង់មានព្រះកាយ មិនមែនគ្រាន់តែជាវិញ្ញាណនោះទេ ។ ទ្រង់ថែមទាំងបានសោយត្រីអាំង១ដុំ និងសំណុំឃ្មុំជាមួយពួកលោកទៀតផង ។ ពួកសិស្សមានចិត្តរីករាយជាខ្លាំងដែលបានឃើញទ្រង់ !
លូកា ២៤:៣៩–៤៤ ; យ៉ូហាន ២០:២០
បន្ទាប់មក ព្រះយេស៊ូវបានជួយពួកសាវករបស់ទ្រង់ឲ្យយល់ពីព្រះគម្ពីរ ដែលបានបង្រៀនអំពីការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ។ ទ្រង់ចង់ឲ្យពួកលោកបង្រៀនមនុស្សគ្រប់គ្នាថា ដោយសារតែទ្រង់ ពួកគេអាចប្រែចិត្តបាន ហើយទទួលបានការអភ័យទោស ។ ពួកសាវកនឹងក្លាយជាសាក្សីរបស់ទ្រង់ ។
លូកា ២៤:៤៤–៤៨
សាវកថូម៉ាសមិនបាននៅទីនោះទេ កាលដែលព្រះយេស៊ូវបានយាងមកនោះ ។ គាត់បាននិយាយថា គាត់នឹងមិនជឿទេថា ព្រះយេស៊ូវមានព្រះជន្មរស់នោះ លុះត្រាតែគាត់អាចមើលឃើញស្នាមដែកគោលនៅព្រះហស្តទ្រង់សិន ។
យ៉ូហាន ២០:២៤–២៥
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សបានជួបជុំគ្នា ។ ព្រះយេស៊ូវបានបង្ហាញព្រះកាយមកម្តងទៀត ។ លើកនេះ ថូម៉ាសនៅទីនោះ ។
យ៉ូហាន ២០:២៦
ព្រះយេស៊ូវបានអញ្ជើញថូម៉ាសឲ្យពាល់ស្នាមរបួសនៅលើព្រះហស្ត និងចំហៀងទ្រង់ ។ ទ្រង់បានមានបន្ទូលប្រាប់ថូម៉ាសថា « កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ » ។ ថូម៉ាសបាននិយាយថា « ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ » ។ ឥឡូវនេះ ថូម៉ាសបានជឿថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញមែន ។ ព្រះយេស៊ូវបានមានបន្ទូលថា មនុស្សមានពរហើយ នៅពេលដែលពួកគេជឿ សូម្បីតែពួកគេមិនបានឃើញទ្រង់ក៏ដោយ ។
យ៉ូហាន ២០:២៧–២៩