កិច្ចការ ១០
កូនេលាស និងមិត្តរបស់គាត់ទទួលព្រះវិញ្ញាណបរិសុទ្ធ
ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់រូប
កូនេលាសគឺជាមេទ័ពទាហានរ៉ូម ។ គាត់ និងគ្រួសាររបស់គាត់ជឿលើព្រះ ប៉ុន្តែពួកគេមិនមែនសាសន៍យូដានោះទេ ហើយក៏មិនដឹងអ្វីអំពីព្រះយេស៊ូវគ្រីស្ទដែរ ។ កូនេលាសបានចែករំលែកអ្វីដែលគាត់មានជាមួយអ្នកក្រីក្រ ហើយបានអធិស្ឋានទៅព្រះជាញឹកញាប់ ។
កិច្ចការ ១០:១–២
នៅរសៀលមួយ មានទេវតាមួយអង្គបានយាងមកជួបកូនេលាសខណៈដែលគាត់កំពុងតមអាហារ និងអធិស្ឋាន ។ ទេវតាមានបន្ទូលថា « កូនេលាសអើយ ព្រះបានទទួលសេចក្ដីអធិស្ឋានរបស់អ្នកហើយ » ។ ព្រះបានទតឃើញសេចក្តីសប្បុរសរបស់គាត់ ។ ទេវតាបានមានបន្ទូលប្រាប់កូនេលាសឲ្យទៅរកសាវកពេត្រុស ដែលកំពុងស្នាក់នៅក្នុងក្រុងមួយដែលមានឈ្មោះថា យ៉ុបប៉េ ។ ពេត្រុសនឹងប្រាប់កូនេលាសអំពីអ្វីដែលត្រូវធ្វើ ។
កិច្ចការ ១០:៣–៦, ៣០–៣២
កូនេលាសបានប្រាប់អ្នកបម្រើរបស់គាត់អំពីអ្វីដែលទេវតាបានមានបន្ទូល ។ គាត់បានបញ្ជូនពួកគេទៅក្រុងយ៉ុបប៉េ ដើម្បីសូមឲ្យពេត្រុសមកជួបគាត់ ។
កិច្ចការ ១០:៧–៨
នៅក្រុងយ៉ុបប៉េ ពេត្រុសបាននៅលើដំបូលផ្ទះអធិស្ឋាន ។ លោកបានឃ្លាន ហើយហៀបនឹងចេញទៅបរិភោគ កាលដែលភ្លាមៗនោះ លោកបានឃើញការនិមិត្តមួយ ។
កិច្ចការ ១០:៩–១០
ពេត្រុសបានឃើញមានប្រដាប់មួយដូចជាសំពត់កម្រាលយ៉ាងធំមួយចុះមកពីស្ថានសួគ៌ ដែលមានពេញដោយសត្វ និងបក្សីគ្រប់ប្រភេទទាំងអស់ ។ បន្ទាប់មក ពេត្រុសបានឮសំឡេងមួយនិយាយថា គាត់គួរតែបរិភោគសត្វទាំងនោះទៅ ។ ប៉ុន្តែសត្វទាំងនេះគឺជាសត្វដែលពួកសាសន៍យូដាមិនត្រូវបានអនុញ្ញាតឲ្យបរិភោគនោះទេ ។ ច្បាប់របស់ម៉ូសេបានចែងថា វាជាសត្វមិនស្អាត ។ ពេត្រុសមិនចង់បរិភោគវានោះទេ ។
កិច្ចការ ១០:១១–១៤
សំឡេងនោះបាននិយាយថា ប្រសិនបើរបស់អ្វីដែលព្រះបានសម្អាតហើយ នោះមិនគួរឲ្យអ្នករាប់ថាជាមិនស្អាតឡើយ ។ ការនិមិត្តនោះបានធ្វើម្តងទៀតចំនួនបីដង ។ ពេត្រុសបានឆ្ងល់ពីអត្ថន័យនៃការនិមិត្តនេះ ។
កិច្ចការ ១០:១៥–១៧
នៅរំពេចនោះ ព្រះវិញ្ញាណបានមានបន្ទូលប្រាប់ពេត្រុសថា មានបុរសបីនាក់កំពុងស្វែងរកលោក ។ ព្រះវិញ្ញាណបានមានបន្ទូលថា « ចូរទៅជាមួយនឹងគេចុះ ពីព្រោះគឺខ្ញុំហើយ ដែលចាត់ឲ្យគេមក » ។
កិច្ចការ ១០:១៦–២១
បុរសទាំងបីនាក់គឺជាអ្នកបម្រើរបស់កូនេលាស ។ ពួកគេបានប្រាប់ពេត្រុសអំពីទេវតាដែលកូនេលាសបានឃើញ ហើយបានសួរថា តើពេត្រុសព្រមមកបង្រៀនគាត់ដែរឬទេ ។ ជាធម្មតា ពួកសាសន៍យូដាមិនចូលទៅក្នុងផ្ទះរបស់មនុស្សដែលមិនមែនជាសាសន៍យូដានោះទេ ហើយពួកសាវកក៏មិនបង្រៀនដំណឹងល្អដល់ពួកគេដែរ ។ ប៉ុន្តែនៅពេលលោកនឹកចាំដល់ការនិមិត្តរបស់លោក ពេត្រុសបានសម្រេចចិត្តទៅ ។
កិច្ចការ ១០:២២, ២៨
នៅពេលពេត្រុសបានមកដល់ កូនេលាសកំពុងរង់ចាំគាត់ជាមួយមិត្តភក្តិ និងសមាជិកគ្រួសារជាច្រើន ។ គាត់បានប្រាប់ពេត្រុសថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់អ្វី ដែលព្រះបានបង្គាប់ឲ្យលោកប្រាប់ពួកគេ ។
កិច្ចការ ១០:២៦, ៣៣
ឥឡូវនេះ ពេត្រុសយល់ពីអ្វីដែលព្រះបានបង្រៀនលោកនៅក្នុងការនិមិត្តនោះ ។ ពេត្រុសបានប្រាប់មនុស្សគ្រប់គ្នាថា ព្រះមិនស្រឡាញ់ប្រជាជាតិមួយ ឬមនុស្សមួយក្រុម ខ្លាំងជាងប្រជាជាតិ ឬមនុស្សមួយក្រុមទៀតនោះទេ ។ ព្រះទទួលយកមនុស្សគ្រប់រូប ដែលដើរតាមទ្រង់ និងធ្វើអ្វីដែលត្រឹមត្រូវ ។ ពេត្រុសបានបង្រៀនកូនេលាស និងគ្រួសារ និងមិត្តភក្តិរបស់គាត់អំពីព្រះយេស៊ូវគ្រីស្ទ ។
កិច្ចការ ១០:៣៤–៤៣
កាលលោកបានបង្រៀន ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកមនុស្សគ្រប់គ្នាដែលកំពុងស្តាប់ ។ ពេត្រុសបានអញ្ជើញពួកគេឲ្យទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុសបានរៀនថា បុត្រាបុត្រីទាំងអស់របស់ព្រះត្រូវបានស្វាគមន៍មកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានផ្សព្វផ្សាយដល់មនុស្សគ្រប់រូប ។
កិច្ចការ ១០:៤៤–៤៨