អេភេសូរ ២:១៩–២០; ៤:១១–១៤
រួបរួមខាងឯសេចក្ដីជំនឿ
ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកសាវក និងពួកព្យាការី
ពួកសាវករបស់ព្រះយេស៊ូវបានផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់នៅក្នុងប្រទេសជាច្រើន ។ មនុស្សដែលបានជឿលើដំណឹងល្អត្រូវបានជ្រមុជទឹក ។ សាវកប៉ុលចង់ឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ទទួលស្វាគមន៍នៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ទោះជាពួកគេមកពីកន្លែងផ្សេងគ្នាក៏ដោយ ។
ម៉ាថាយ ២៨:១៩–២០; អេភេសូរ ២:១៩
ប៉ុលបានសរសេរសំបុត្រទៅកាន់ពួកបរិសុទ្ធនៅក្រុងអេភេសូរ ។ លោកបាននិយាយថា នៅពេលព្រះយេស៊ូវបានសុគតសម្រាប់យើង វាដូចជាទ្រង់បានរុះជញ្ជាំងមួយ ដែលបំបែកបុត្រាបុត្រីរបស់ព្រះដែរ ។ មិនថាពួកគេមកពីទីណានោះទេ ពួកគេមិនមែនជាអ្នកដទៃទៀតឡើយ ។ ពួកគេអាចទទួលបានដំណឹងល្អ ហើយក្លាយជាផ្នែកមួយនៃ « ពួកដំណាក់ព្រះ » ដូចជាគ្រួសារដ៏ធំមួយដែរ !
អេភេសូរ ២:១១–១៩
ប៉ុលបាននិយាយថា សាសនាចក្រគឺដូចជាអគារដ៏រឹងមាំមួយ ។ អគារត្រូវការគ្រឹះដ៏មាំមួនមួយ ។ ថ្មដ៏សំខាន់បំផុតនៅក្នុងគ្រឹះនោះ គឺថ្មជ្រុងដ៏ចម្បង ។ ថ្មផ្សេងៗទៀតទាំងអស់សង់ជាជួរទៅកាន់ថ្មជ្រុងនោះ ។ ព្រះយេស៊ូវគ្រីស្ទគឺជាថ្មជ្រុងយ៉ាងឯកនៃសាសនាចក្ររបស់ទ្រង់ ។
អេភេសូរ ២:២០
ផ្នែកទាំងប៉ុន្មានទៀតនៃគ្រឹះនៃសាសនាចក្រ គឺពួកព្យាការី និងពួកសាវក ដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់ក៏អញ្ជើញយើងទាំងអស់គ្នាឲ្យជួយស្ថាបនាសាសនាចក្ររបស់ទ្រង់ផងដែរ—តាមរយៈការបង្រៀន ការផ្ដល់ការងារបម្រើ ការចែកចាយដំណឹងល្អ និងតាមវិធីជាច្រើនទៀត ។
អេភេសូរ ២:២០; ៤:១១–១២
ប៉ុលបាននិយាយថា សាសនាចក្រគឺចាំបាច់ដើម្បីជួយមនុស្សគ្រប់រូបឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទកំពុងមានវត្តមាននៅលើផែនដីនាសព្វថ្ងៃនេះ ដោយមានមូលដ្ឋានគ្រឹះដ៏មាំមួនលើព្រះយេស៊ូវគ្រីស្ទ និងពួកព្យាការី និងពួកសាវករបស់ទ្រង់ ។ តាមរយៈសាសនាចក្ររបស់ទ្រង់ យើងអាចបង្កើនចិត្ត « រួបរួមខាងឯសេចក្ដីជំនឿ » ហើយក្លាយកាន់តែដូចជាព្រះយេស៊ូវ ។
អេភេសូ ២:២១–២២; ៤:១៣