ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សំបុត្រ​ទៅកាន់​ធីម៉ូថេ—ប៉ុល​ផ្ដល់​ការប្រឹក្សា​ដល់​មិត្ត​វ័យក្មេង​របស់​លោក


ធីម៉ូថេ ទី១ និង ទី២

សំបុត្រ​ទៅកាន់​ធីម៉ូថេ

ប៉ុល​ផ្ដល់​ការប្រឹក្សា​ដល់​មិត្ត​វ័យក្មេង​របស់​លោក

ធីម៉ូថេ​កំពុង​ទទួល​ការបង្រៀន​ពី​ម្តាយ និង​ជីដូន​របស់​លោក ។

ធីម៉ូថេ​គឺជា​យុវជន​ម្នាក់ ដែល​មាន​សេចក្ដី​ជំនឿ​យ៉ាង​រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ម្តាយ​របស់​លោក​ឈ្មោះ អ៊ើនីស និង​ជីដូន​របស់​លោក​ឈ្មោះ ឡូអ៊ីស ក៏​ជា​ស្ត្រី​ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង​ផងដែរ ។ ពួកគាត់​បាន​បង្រៀន​ធីម៉ូថេ​ចេញពី​ព្រះគម្ពីរ តាំងតែ​ពី​ពេល​លោក​នៅ​ក្មេង​នៅឡើយ ។

ធីម៉ូថេ ទី២ ១:៥; ៣:១៥

ប៉ុល និង​ធីម៉ូថេ​កំពុង​ដើរ​ជាមួយគ្នា ។ ប៉ុល​កាន់​ក្រណាត់​បាំង​ភ្លៀង​ឲ្យ​ពួកលោក ។

ធីម៉ូថេ និង​ប៉ុល​គឺជា​មិត្ត​ល្អ​នឹង​គ្នា។ ពួកលោក​បាន​ធ្វើការ និង​ធ្វើ​ដំណើរ​ជាមួយគ្នា បម្រើ​ព្រះអម្ចាស់ និង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ ប៉ុល​ស្រឡាញ់​ធីម៉ូថេ​ដូចជា​កូន ។

ភីលីព ២:១៩–២២; ធីម៉ូថេ ទី១ ១:២

ប៉ុល​ណែនាំ​ធីម៉ូថេ​ឲ្យ​ទៅកាន់​ក្រុង​អេភេសូរ ដើម្បី​ដឹកនាំ​សាសនាចក្រ​នៅ​ទីនោះ ។

ប៉ុល​បាន​សុំឲ្យ​ធីម៉ូថេ​ដឹកនាំ​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ ។ ប៉ុល​ត្រូវ​ទៅ​ទីក្រុង​ផ្សេងទៀត ។ ខណៈ​ដែល​លោក​នៅ​ឆ្ងាយ លោក​បាន​សរសេរ​សំបុត្រ​ទៅកាន់​ធីម៉ូថេ​ដើម្បី​ជួយ​ដល់​លោក ។

ធីម៉ូថេ ទី១ ១:១–៣

ធីម៉ូថេ​សង្កេត​ឃើញ​មនុស្ស​បដិសេធ​ដំណឹងល្អ ។

ក្រោយមក នៅពេល​ដែល​ប៉ុល​ជាប់​ក្នុង​គុក​នៅ​ក្រុង​រ៉ូម លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៀត​ទៅកាន់​ធីម៉ូថេ ។ លោក​បាន​ព្រមាន​ធីម៉ូថេ​ថា គ្រា​លំបាក​នឹង​មក​ដល់ ។ មនុស្ស​មួយ​ចំនួន​នឹង​ងាក​ចេញពី​សេចក្ដីពិត ហើយ​ស្រឡាញ់​រឿង​ខាង​លោកិយ​ច្រើន​ជាង​ស្រឡាញ់​ព្រះ ។ ពួកគេ​នឹង​បង្រៀន​អ្វីៗ​ដែល​មិន​ពិត ។

ធីម៉ូថេ ទី២ ៣:១–៧; ៤:៣–៤

ធីម៉ូថេ​កំពុង​បង្រៀន​ពួកបរិសុទ្ធ​មួយ​ក្រុម​អំពី​ដំណឹងល្អ ។

ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ថា កុំ​ខ្លាច​អី ។ លោក​បាន​និយាយ​ថា « ដ្បិត​ព្រះ‌​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង‌តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់​វិញ » ។ ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​បន្ត​ធ្វើ​អ្វី ដែល​លោក​បាន​រៀន ។ ព្រះគម្ពីរ​នឹង​នាំ​លោក​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ ។

ធីម៉ូថេ ទី២ ១:៧–៩; ៣:១៤–១៧

ប៉ុល​នៅក្នុង​គុក​នៅ​ក្រុង​រ៉ូម ។

ប៉ុល​បាន​ដឹង​ថា ជីវិត​របស់​លោក​ជិត​ដល់​ទីបញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ។ ប៉ុន្តែ​លោក​មិន​ខ្លាច​ស្លាប់​ឡើយ ។ ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ថា ទោះបីជា​លោក​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ជីវិត​របស់​លោក​ក៏ដោយ ក៏​លោក​នៅតែ​រក្សា​សេចក្ដី​ជំនឿ​របស់​លោក​ឲ្យ​នៅ​រឹងមាំ​ដែរ ។ លោក​ទុកចិត្ត​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រទាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​លោក ។

ធីម៉ូថេ ទី២ ៤:៦–៨