ម៉ាថាយ ២:១–១៦
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម
បណ្ដាមនុស្សស្វាគមន៍ព្រះអង្គសង្គ្រោះរបស់ពួកគេ
វាជិតដល់ពេលធ្វើបុណ្យរំលងហើយ ដែលជាពិធីបុណ្យដ៏សំខាន់សម្រាប់ពួកសាសន៍យូដា ។ មនុស្សជាច្រើនបានទៅក្រុងយេរូសាឡិមធ្វើបុណ្យរំលង ។ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានយាងទៅផងដែរ ។ នៅពេលបណ្ដាមនុស្សបានឮថា ព្រះយេស៊ូវយាងទៅផងដែរ ពួកគេបានទៅជួបទ្រង់ ។
ម៉ាថាយ ២១:១; យ៉ូហាន ១២:១២–១៣
នៅពេលព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានយាងជិតដល់ក្រុងយេរូសាឡិម ទ្រង់បានចាត់ឲ្យពួកគេទៅយកសត្វលាមួយថ្វាយទ្រង់ ។ ជាច្រើនឆ្នាំមុន ព្យាការីម្នាក់បាននិយាយថា ព្រះអង្គសង្គ្រោះនឹងយាងមកដោយសុភាពរាបសា ហើយគង់លើសត្វលាជំទង់ ។
ម៉ាថាយ ២១:១–៧; សូមមើលផងដែរ សាការី ៩:៩
ព្រះយេស៊ូវបានយាងចូលក្រុង ដោយគង់លើសត្វលា ។ បណ្ដាមនុស្សមានសេចក្ដីរីករាយជាខ្លាំងដែលបានឃើញទ្រង់ ។ ពួកគេបានស្វាគមន៍ទ្រង់ដូចជាស្តេចមួយអង្គ ។ ពួកគេបានក្រាលធាងចាក និងអាវនៅនឹងដី ដើម្បីឲ្យសត្វលានោះដើរលើ ។ ពួកគេបានអរព្រះគុណព្រះ ហើយបានស្រែកថា « ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ » ។
ម៉ាថាយ ២១:៨–៩; លូកា ១៩:៣៦–៣៨; យ៉ូហាន ១២:១៣
មនុស្សជាច្រើននៅក្រុងយេរូសាឡិមបានឆ្ងល់ថា តើមានអ្វីកើតឡើង ។ ពួកគេបានសួរថា « លោកនេះជាអ្នកណា ? » អ្នកផ្សេងទៀតឆ្លើយថា គឺព្រះយេស៊ូវមកពីភូមិណាសារ៉ែត ។
ម៉ាថាយ ២១:១០–១១
ក្រោយមក ព្រះយេស៊ូវបានយាងទៅព្រះវិហារបរិសុទ្ធ ។ មនុស្សមួយចំនួននៅទីនោះបានប្តូរប្រាក់ និងលក់សត្វដើម្បីធ្វើយញ្ញបូជា ។ ព្រះយេស៊ូវបានជ្រាបថា ពួកគេមិនស្មោះត្រង់នោះទេ ។
ម៉ាថាយ ២១:១២
ព្រះយេស៊ូវមិនសព្វព្រះទ័យដែលពួកគេចំណេញប្រាក់ពីមនុស្ស ដែលចង់ថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ទ្រង់បានបណ្តេញពួកគេចេញពីព្រះវិហារបរិសុទ្ធ ហើយទ្រង់ផ្កាប់តុរបស់ពួកគេ ។ ទ្រង់មានព្រះបន្ទូលថា « ដំណាក់យើងត្រូវហៅថា ជាទីសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ » ។
ម៉ាថាយ ២១:១២–១៣; សូមមើលផងដែរ អេសាយ ៥៦:៧; យេរេមា ៧:១១
ពួកមនុស្សដែលខ្វាក់ ឬមនុស្សដែលខ្វិន បានមកឯព្រះយេស៊ូវនៅក្នុងព្រះវិហារបរិសុទ្ធ ហើយទ្រង់បានព្យាបាលពួកគេ ។ កូនក្មេងស្រែកថា « ហូសាណា » សរសើរព្រះយេស៊ូវ ហើយនិយាយថា ទ្រង់គឺជាព្រះអង្គសង្គ្រោះ ។
ម៉ាថាយ ២១:១៤–១៥
ពួកសង្គ្រាជ និងពួកអាចារ្យមួយចំនួនមានចិត្តគ្នាន់ក្នាញ់ នៅពេលពួកគេបានឃើញអ្វីដែលព្រះយេស៊ូវបានធ្វើ និងបានឮអ្វីដែលពួកកូនក្មេងនិយាយ ។ ព្រះយេស៊ូវបានរំឭកពួកគេពីបទគម្ពីរមួយដែលចែងថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ចេញពីមាត់កូនក្មេង ។
ម៉ាថាយ ២១:១៥–១៦; សូមមើលផងដែរ ទំនុកដំកើង ៨:២