កិច្ចការ ១–៤
ពួកសាវករបស់ព្រះយេស៊ូវដឹកនាំសាសនាចក្ររបស់ទ្រង់
ការបង្រៀន ការជ្រមុជទឹក ការព្យាបាល និងការចែកចាយអ្វីៗគ្រប់យ៉ាង
បន្ទាប់ពីព្រះយេស៊ូវបានយាងត្រឡប់ទៅកាន់ព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌វិញ ពួកសាវកគឺជាថ្នាក់ដឹកនាំនៃសាសនាចក្រ ។ ពួកលោកបានបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ អញ្ជើញមនុស្សឲ្យចូលរួមក្នុងសាសនាចក្ររបស់ទ្រង់ និងបានធ្វើអព្ភូតហេតុជាច្រើនដោយប្រើព្រះចេស្ដារបស់ព្រះ ។ ព្រះយេស៊ូវបានសន្យាថានឹងជួយដល់ពួកលោក តាមរយៈការបញ្ជូនព្រះវិញ្ញាណបរិសុទ្ធ ។
កិច្ចការ ១:៨–១៣; ២:៤១–៤៧
ដោយសារយូដាសបានស្លាប់ នោះនៅសល់តែពួកសាវកចំនួនដប់មួយនាក់ប៉ុណ្ណោះ ។ ពួកសាវកបានអធិស្ឋានដើម្បីដឹងថា តើព្រះសព្វព្រះទ័យចង់ជំនួសយូដាសដោយនរណា និងធ្វើជាសាក្សីពិសេសម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះបានជ្រើសរើសបុរសម្នាក់ឈ្មោះ ម៉ាត់ធាស ។ លោកបានក្លាយជាសាវកម្នាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់ ។
កិច្ចការ ១:១៥–២៦
នៅថ្ងៃឈប់សម្រាកពិសេសមួយរបស់ពួកសាសន៍យូដា ពួកសិស្សបាននៅជុំគ្នានៅក្រុងយេរូសាឡិម ។ ភ្លាមៗនោះ វាមានអារម្មណ៍ដូចជាខ្យល់បក់មកពីស្ថានសួគ៌ មកពេញក្នុងផ្ទះនោះ ។ ពួកលោកបានឃើញពន្លឺដូចជាអណ្តាតភ្លើង ដែលមកសណ្ឋិតលើពួកលោកគ្រប់គ្នា ហើយពួកលោកទាំងអស់បានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ ដោយសារតែព្រះវិញ្ញាណបរិសុទ្ធ នោះពួកលោកអាចនិយាយជាភាសាផ្សេងបាន ។
កិច្ចការ ២:១–៤
នៅពេលប្រជាជននៅក្រុងយេរូសាឡិមបានឮអំពីរឿងនេះ នោះហ្វូងមនុស្សដ៏ធំមួយបានប្រមូលផ្តុំគ្នា ។ ទោះបីជាបណ្ដាមនុស្សនៅក្នុងហ្វូងមនុស្សនោះបានមកពីប្រទេសជាច្រើន និងនិយាយភាសាផ្សេងៗគ្នាក៏ដោយ ក៏ពួកគេម្នាក់ៗស្ដាប់ឮអ្វីដែលពួកសាវកបាននិយាយជាភាសារបស់ខ្លួនឯងដែរ ។ មនុស្សទាំងនោះមានការណ៍អស្ចារ្យក្នុងចិត្ត !
កិច្ចការ ២:៥–១៣
ពេត្រុសបានក្រោកឈរ ហើយនិយាយទៅកាន់ហ្វូងមនុស្ស ។ លោកបានប្រាប់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ លោកបានថ្លែងទីបន្ទាល់របស់លោកថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ ហើយទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។
កិច្ចការ ២:១៤–៣៦
នៅពេលប្រជាជនបានស្ដាប់ឮការណ៍នេះ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែផ្លាស់ប្តូរ ។ ពួកគេបានសួរពួកសាវកថា តើពួកគេគួរតែធ្វើអ្វីខ្លះ ។
កិច្ចការ ២:៣៧
ពេត្រុសបានឆ្លើយតបថា « ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ » ។ មនុស្សប្រហែល៣០០០នាក់បានទទួលបុណ្យជ្រមុជទឹក ហើយបានចូលរួមក្នុងសាសនាចក្រនៅថ្ងៃនោះ ។
កិច្ចការ ២:៣៨–៤៣
ក្រោយមក ពេត្រុស និងយ៉ូហានបានទៅព្រះវិហារបរិសុទ្ធ ។ ពួកលោកបានឃើញបុរសម្នាក់ ដែលមិនអាចដើរបាន ។ គាត់អង្គុយសុំទានគេនៅទីនោះជារៀងរាល់ថ្ងៃ ។
កិច្ចការ ៣:១–២
បុរសនោះបានសុំប្រាក់ពីពេត្រុស និងយ៉ូហាន ។ ពួកលោកបានឈប់ ហើយសម្លឹងមើលទៅគាត់ ។ ពេត្រុសបាននិយាយថា « ចូរមើលមកយើងឯណេះ » ។
កិច្ចការ ៣:៣–៤
ពេត្រុសបាននិយាយថា ពួកលោកមិនមានប្រាក់ ឬមាសនោះទេ ។ ប៉ុន្តែពួកលោកមានអ្វីមួយដែលល្អប្រសើរជាងនេះ ។ លោកបាននិយាយថា « ដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ » ។ ពេត្រុសបានជួយគាត់ឲ្យក្រោកឈរឡើង ។ នេះជាលើកទីមួយហើយក្នុងជីវិតរបស់គាត់ ដែលបុរសនេះអាចដើរបាន ! គាត់សប្បាយចិត្តខ្លាំងណាស់ រហូតដល់គាត់លោត ហើយដើរចូលទៅក្នុងព្រះវិហារបរិសុទ្ធជាមួយពេត្រុស និងយ៉ូហាន ។
កិច្ចការ ៣:៦–៨
ប្រជាជនមានការណ៍អស្ចារ្យក្នុងចិត្ត ។ ពេត្រុសបានប្រាប់ពួកគេថា វាមិនមែនជាអំណាចរបស់លោក ឬអំណាចរបស់យ៉ូហាននោះទេ ដែលបានព្យាបាលបុរសនោះ ។ គាត់ត្រូវបានព្យាបាលដោយព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីជំនឿលើទ្រង់ ។ ពេត្រុសបានប្រាប់ពួកគេឲ្យប្រែចិត្ត និងជឿលើព្រះយេស៊ូវ ។
កិច្ចការ ៣:៩–២៦
មេដឹកនាំសាសន៍យូដាមួយចំនួនមិនចូលចិត្តអ្វីដែលពេត្រុស និងយ៉ូហានបានបង្រៀន ។ ពួកគេបាននិយាយថា គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យបង្រៀនអំពីព្រះយេស៊ូវនោះទេ ។
កិច្ចការ ៤:១–១៨
ពេត្រុស និងយ៉ូហានបាននិយាយថា ពួកលោកស្តាប់តាមព្រះ ហើយព្រះសព្វព្រះទ័យឲ្យពួកលោកប្រាប់មនុស្សពីអ្វីដែលពួកលោកបានដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។
កិច្ចការ ៤:១៩–២០
ពួកសាវកបានបន្តបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដោយអំណាចដ៏អស្ចារ្យ ។ មនុស្សកាន់តែច្រើនឡើងបានចូលរួមក្នុងសាសនាចក្ររបស់ទ្រង់ ។ ពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេស្រឡាញ់គ្នាទៅវិញទៅមក ហើយចែកចាយអ្វីៗគ្រប់យ៉ាងជាមួយគ្នា ។ ពួកគេបានលក់អ្វីដែលពួកគេមាន ហើយផ្តល់ប្រាក់នោះជូនទៅពួកសាវកដើម្បីផ្តល់ឲ្យអ្នកក្រីក្រ ។
កិច្ចការ ៤:៣១–៣៧