លូកា ២:៣៩–៥២
កុមារាយេស៊ូវ
រៀនសូត្រ និងរីកចម្រើន
ព្រះយេស៊ូវបានធំឡើងនៅភូមិណាសារ៉ែតជាមួយម៉ារា និងយ៉ូសែប ។ កាលពេលវេលាចេះតែកន្លងទៅ ទ្រង់បានរៀនកាន់តែច្រើនអំពីព្រះវរបិតាសួគ៌ ។ ទ្រង់បានរៀបចំខ្លួនសម្រាប់កិច្ចការដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យទ្រង់ធ្វើ ។
លូកា ២:៣៩–៤០; គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១២–១៤
កាលព្រះយេស៊ូវមានព្រះជន្ម១២ព្រះវស្សា ទ្រង់បានទៅក្រុងយេរូសាឡិមជាមួយគ្រួសារ និងមិត្តភក្ដិ ដើម្បីប្រារព្ធធ្វើបុណ្យរំលង ។ ពួកលោកស្នាក់នៅទីនោះរយៈពេលជាច្រើនថ្ងៃ ។
លូកា ២:៤១–៤៣
នៅតាមផ្លូវទៅផ្ទះ យ៉ូសែប និងម៉ារាបានដឹងថា ព្រះយេស៊ូវមិននៅជាមួយពួកលោកនោះទេ ។ ពួកលោកបានត្រឡប់ទៅក្រុងយេរសាឡិមវិញដើម្បីស្វែងរកទ្រង់ ។ ពួកលោកព្រួយបារម្ភជាខ្លាំង ។
លូកា ២:៤៤–៤៦
បន្ទាប់ពីដើររកអស់រយៈពេលបីថ្ងៃ ទីបំផុត ម៉ារា និងយ៉ូសែបបានរកឃើញព្រះយេស៊ូវ ។ ទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធ កំពុងជជែកជាមួយគ្រូបង្រៀនមួយចំនួនអំពីព្រះគម្ពីរ ។ គ្រូបង្រៀនទាំងនោះបានសួរសំណួរទ្រង់ជាច្រើន ។ ពួកគេបានភ្ញាក់ផ្អើលនឹងចំណេះដឹង និងការយល់ដឹងដ៏ជ្រៅជ្រះរបស់ព្រះយេស៊ូវ !
លូកា ២:៤៦–៤៧; សូមមើលផងដែរ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៅក្នុងលេខយោង ៤៦គ
ម៉ារ៉ាបានប្រាប់ព្រះយេស៊ូវថា តើពួកលោកព្រួយបារម្ភខ្លាំងប៉ុនណា ពេលពួកលោករកទ្រង់មិនឃើញ ។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់កំពុងធ្វើកិច្ចការរបស់ព្រះវរបិតាសួគ៌ទ្រង់ ។ ព្រះយេស៊ូវបានត្រឡប់ទៅភូមិណាសារ៉ែតវិញជាមួយគ្រួសាររបស់ទ្រង់ ។ ទ្រង់បានគោរពប្រតិបត្តិតាមម៉ារា និងយ៉ូសែប ។
លូកា ២:៤៨–៥២
ព្រះយេស៊ូវបានបន្តរៀនសូត្រ ។ ទ្រង់កាន់តែធំឡើង និងរឹងមាំខ្លាំងឡើង ។ ព្រះវរបិតាសួគ៌ស្រឡាញ់ទ្រង់ និងជួយទ្រង់ឲ្យរៀបចំខ្លួនសម្រាប់បេសកកម្មរបស់ទ្រង់ ។ ព្រះយេស៊ូវស្រឡាញ់មនុស្សនៅជុំវិញទ្រង់ ហើយពួកគេស្រឡាញ់ទ្រង់ ។
លូកា ២:៥២