សេចក្ដីផ្ដើម
អំពីព្រះគម្ពីរសញ្ញាថ្មី
ដំណើររឿងអំពីព្រះយេស៊ូវគ្រីស្ទ និងអ្នកដើរតាមរបស់ទ្រង់
ព្រះគម្ពីរប៊ីបមានពីរផ្នែក ៖ ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី ។ ព្រះគម្ពីរសញ្ញាចាស់មាននូវការសរសេរជាច្រើនរបស់ពួកព្យាការីតាំងពីយូរលង់ណាស់មកហើយ ។ ព្យាការីទាំងនេះមួយចំនួនបានសរសេរថា ព្រះបានសន្យាថានឹងបញ្ជូនព្រះអង្គសង្គ្រោះមក ។ ទ្រង់នឹងជាព្រះរាជបុត្រានៃព្រះ ហើយសង្គ្រោះយើងពីអំពើបាប និងសេចក្ដីស្លាប់ ដូច្នេះយើងអាចរស់នៅជាមួយព្រះម្តងទៀតបាន ។
អេសាយ ៥៣:៣–៥; យ៉ាកុប ៧:១១; ម៉ូសេ ៤
ព្រះគម្ពីរសញ្ញាថ្មីប្រាប់អំពីរបៀបដែលការសន្យានេះត្រូវបានបំពេញ ។ វាប្រាប់ពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ ។
លូកា ២:៤–៧
ព្រះគម្ពីរសញ្ញាថ្មីក៏ប្រាប់អំពីព្រះជន្មរបស់ព្រះយេស៊ូវផងដែរ ។ ទ្រង់បានរស់នៅក្នុងចំណោមពួកសាសន៍យូដា និងបានបង្រៀនយើងពីរបៀបរស់នៅ ដើម្បីយើងអាចត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញនៅថ្ងៃណាមួយ ។
ម៉ាថាយ ៥:១–២
ព្រះយេស៊ូវបានប្រទានពរ និងបម្រើដល់ប្រជាជន ។ ទ្រង់បានធ្វើអព្ភូតហេតុជាច្រើនសម្រាប់ពួកគេ ដូចជាការព្យាបាលមនុស្សដែលឈឺ និងប្រោសមនុស្សដែលបានស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ។
ម៉ាថាយ ៤:២៣
ព្រះយេស៊ូវបានជ្រើសរើសអ្នកដើរតាមទ្រង់ចំនួនដប់ពីរនាក់ឲ្យធ្វើជាសាវក ។ ទ្រង់បានប្រទានសិទ្ធិអំណាចដល់ពួកលោកឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ។
លូកា ៩:១–២
ដោយសារទ្រង់ស្រឡាញ់យើង នោះព្រះយេស៊ូវបានលើកដាក់មកលើព្រះអង្គទ្រង់នូវការឈឺចាប់ ទុក្ខសោក និងអំពើបាបរបស់យើងទាំងអស់គ្នា ។ ទ្រង់បានសុគតជំនួសយើង ។ រួចហើយបីថ្ងៃក្រោយមក ទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់ ហើយបានមានព្រះជន្មរស់ឡើងវិញ ! ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយដោយសារតែទ្រង់ យើងអាចប្រែចិត្តពីអំពើបាបរបស់យើងបាន និងរស់នៅម្ដងទៀតបន្ទាប់ពីយើងស្លាប់ទៅ ។
មនុស្សដែលបានស្គាល់ និងស្រឡាញ់ព្រះយេស៊ូវ បានសរសេរអំពីដំណើររឿងទាំងអស់នេះ ។ ពួកសាវករបស់ទ្រង់បានសរសេរសំបុត្រជាច្រើន ដើម្បីជួយសមាជិកសាសនាចក្រឲ្យស្ថាបនាសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ ដំណើររឿងដែលពួកលោកបានសរសេរ ត្រូវបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ឥឡូវនេះ អ្នកអាចអានវានៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងរៀនពីរបៀបធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ។
លូកា ១:១–៤