កិច្ចការ ៦–៧
ស្ទេផានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
អ្នកបម្រើដ៏ក្លាហានម្នាក់លះបង់ជីវិតរបស់លោកដើម្បីទីបន្ទាល់របស់លោក
សាសនាចក្របានរីកចម្រើនយ៉ាងឆាប់រហ័ស ។ វាកាន់តែពិបាកឡើងៗ ដើម្បីឲ្យពួកសាវកថែទាំដល់សមាជិកទាំងអស់ ។
កិច្ចការ ៦:១–២
ពួកសាវកបានសម្រេចចិត្តហៅបុរសប្រាំពីរនាក់ ដែលអាចជួយបាន ។ ពួកលោកបានសុំឲ្យសមាជិកស្វែងរកបុរសដែលមានប្រាជ្ញា និងពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។
កិច្ចការ ៦:៣
បុរសម្នាក់ក្នុងចំណោមនោះដែលពួកលោកបានជ្រើសរើសគឺ ស្ទេផាន ។ ពួកសាវកបានប្រទានពរដល់គាត់ ។ សេ្ទផានជាមនុស្សពេញដោយសេចក្ដីជំនឿ ហើយបានធ្វើអព្ភូតហេតុដ៏អស្ចារ្យជាច្រើនក្នុងចំណោមប្រជាជន ។
កិច្ចការ ៦:៥–៨
ស្ទេផានបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទប្រកបដោយប្រាជ្ញា និងដោយព្រះវិញ្ញាណ ។ ប៉ុន្តែមេដឹកនាំនៃសាលាប្រជុំមួយមិនចូលចិត្តអ្វីដែលគាត់កំពុងបង្រៀននោះទេ ។ ពួកគេបាននិយាយថា គាត់និយាយប្រឆាំងនឹងម៉ូសេ និងប្រឆាំងនឹងព្រះ ។ ពួកគេបាននាំស្ទេផានទៅចំពោះមុខសង្ឃជាន់ខ្ពស់ និងមេដឹកនាំផ្សេងទៀត ។
កិច្ចការ ៦:៩–១៥; ៧:១
មុខរបស់ស្ទេផានមើលទៅដូចជាព្រះភ័ក្រ្ដរបស់ទេវតា ។ ស្ទេផានបានរំឭកមេដឹកនាំទាំងនោះថា ព្រះបានបញ្ជូនម៉ូសេមកដើម្បីជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែល ប៉ុន្តែពួកគេមិនបានធ្វើតាមម៉ូសេជានិច្ចនោះទេ ។ ស្ទេផានបាននិយាយថា ម៉ូសេគឺដូចជាព្រះយេស៊ូវគ្រីស្ទដែរ ។ ព្រះបានបញ្ជូនព្រះយេស៊ូវមកដើម្បីជួយសង្គ្រោះប្រជាជនរបស់ទ្រង់ ប៉ុន្តែមេដឹកនាំមិនបានធ្វើតាមទ្រង់នោះទេ ។ មេដឹកនាំទាំងនោះបានខឹងសម្បានឹងស្ទេផាន ។
កិច្ចការ ៧:២០–៤៣, ៥១–៥៤
កាលពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ស្ទេផានសម្លឹងមើលទៅស្ថានសួគ៌ ។ គាត់បានឃើញព្រះយេស៊ូវគ្រីស្ទគង់នៅក្បែរព្រះវរបិតាសួគ៌ ។
កិច្ចការ ៧:៥៥–៥៦
នៅពេលស្ទេផានបានប្រាប់ពួកមេដឹកនាំអំពីអ្វីដែលគាត់បានឃើញ ពួកគេកាន់តែខឹងសម្បាថែមទៀត ។ ពួកគេស្រែកទាំងខឹង ហើយបានចាប់ស្ទេផាន ។ រួចហើយពួកគេបានអូសគាត់ចេញទៅក្រៅក្រុង ។
កិច្ចការ ៧:៥៧
ពួកគេបានដាក់អាវរបស់ពួកគេនៅទៀបជើងមនុស្សកំលោះម្នាក់ឈ្មោះ សុល ។ បន្ទាប់មក ពួកគេបានចោលថ្មទៅស្ទេផានដើម្បីសម្លាប់គាត់ ។ សុលបានយល់ព្រមនឹងអ្វីដែលពួកគេកំពុងធ្វើ ។ ស្ទេផានបានអធិស្ឋាន ។ គាត់បានទូលសូមព្រះអម្ចាស់ឲ្យអត់ទោសដល់មនុស្សទាំងនេះ ដែលកំពុងធ្វើឲ្យគាត់ឈឺចាប់ ។ គាត់ក៏បានទូលសូមព្រះអម្ចាស់ឲ្យទទួលយកវិញ្ញាណរបស់គាត់ចូលទៅក្នុងស្ថានសួគ៌ផងដែរ ។
កិច្ចការ ៧:៥៩–៦០; ៨:១