លូកា ២៤:១៣–៣៥
ព្រះយេស៊ូវលួងលោមពួកសិស្សពីរនាក់
ការដើរជាមួយគ្នានៅលើផ្លូវទៅឯភូមិអេម៉ោស
នៅថ្ងៃដែលព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ពួកសិស្សពីរនាក់កំពុងដើរពីក្រុងយេរូសាឡិមទៅកាន់ភូមិមួយឈ្មោះ អេម៉ោស ។ ពួកលោកគឺជាអ្នកដើរតាមព្រះយេស៊ូវ ហើយពួកលោកកើតទុក្ខ ។ ពួកលោកកំពុងនិយាយគ្នាអំពីការសុគតរបស់ព្រះយេស៊ូវ និងរឿងផ្សេងទៀតដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
លូកា ២៤:១៣–១៤
កាលពួកលោកកំពុងដើរ ព្រះយេស៊ូវបានយាងមក ហើយយាងជាមួយពួកលោក ប៉ុន្តែពួកលោកមិនបានដឹងថាជាព្រះយេស៊ូវទេ ។ ទ្រង់បានសួរថា ពួកលោកកំពុងនិយាយអំពីអ្វី ហើយហេតុអ្វីបានជាពួកលោកកើតទុក្ខ ។
លូកា ២៤:១៥–១៧
ពួកលោកមានការភ្ញាក់ផ្អើល ដែលទ្រង់មិនដឹងថាមានអ្វីកើតឡើងនោះ ។ ពួកលោកបានប្រាប់ទ្រង់អំពីព្រះយេស៊ូវ ។ ពួកលោកបានគិតថា ទ្រង់នឹងក្លាយជាព្រះអង្គសង្គ្រោះរបស់ពួកលោក ប៉ុន្តែទ្រង់បានសុគតហើយ ។
លូកា ២៤:១៨–២១
ពួកលោកក៏បាននិយាយផងដែរថា ស្ត្រីមួយចំនួនបានទៅឯផ្នូររបស់ទ្រង់ ប៉ុន្តែព្រះសពរបស់ព្រះយេស៊ូវបានបាត់ទៅ ។ ពួកទេវតាបានមានបន្ទូលប្រាប់ស្ត្រីទាំងនោះថា ព្រះយេស៊ូវមានព្រះជន្មរស់ ។
លូកា ២៤:២១–២៤
បន្ទាប់មក ព្រះយេស៊ូវបានបង្រៀនពួកលោកអំពីអ្វីដែលព្រះគម្ពីរបានចែងអំពីព្រះអង្គសង្គ្រោះ ។ ទ្រង់បានមានបន្ទូលថា ពួកព្យាការីបានបង្រៀនថា ព្រះអង្គសង្គ្រោះនឹងសុគត ហើយនឹងមានព្រះជន្មរស់ឡើងវិញ ។
លូកា ២៤:២៥–២៧
នៅពេលពួកលោកទៅដល់ភូមិអេម៉ោស វាយប់ទៅហើយ ។ ពួកសិស្សទាំងពីរនាក់បានអញ្ជើញព្រះយេស៊ូវឲ្យស្នាក់នៅជាមួយនឹងពួកលោក ។ ព្រះយេស៊ូវគង់ចុះបរិភោគអាហារជាមួយពួកលោក ។ ទ្រង់បានយកនំប៉័ងមក ប្រទានពរវា រួចចែកដល់ពួកសិស្ស ។ គឺនៅពេលនោះឯងដែលពួកលោកដឹងថា ទ្រង់គឺជាព្រះយេស៊ូវ ។ នៅរំពេចនោះ ទ្រង់ក៏បាត់ព្រះកាយទៅ ។
លូកា ២៤:២៩–៣១
ពួកសិស្សទាំងពីរនាក់បាននិយាយអំពីអារម្មណ៍ដ៏កក់ក្តៅនៅក្នុងចិត្តរបស់ពួកលោក ខណៈដែលព្រះយេស៊ូវបានបង្រៀនពួកលោកចេញពីព្រះគម្ពីរ ។ ពួកលោកបានប្រញាប់ប្រញាល់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីប្រាប់ពួកសិស្សដទៃទៀតថា ពួកលោកបានឃើញព្រះយេស៊ូវ ។
លូកា ២៤:៣២–៣៥