ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​ដល់​យើង—ជា​ពលិកម្ម​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប និង​សេចក្ដី​ស្លាប់


ម៉ាថាយ ២៧; លូកា ២៣; យ៉ូហាន ១៩

ព្រះយេស៊ូវ​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​ដល់​យើង

ជា​ពលិកម្ម​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប និង​សេចក្ដី​ស្លាប់

ពួកទាហាន​ដាក់​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះយេស៊ូវ ។

បន្ទាប់ពី​លោក​ពីឡាត់​បាន​សម្រេច​ថា ព្រះយេស៊ូវ​គួរតែ​យក​ទៅ​ឆ្កាង​ហើយ គាត់​បាន​ប្រាប់​ពួកទាហាន​របស់​គាត់​ឲ្យ​យក​ព្រះយេស៊ូវ​ចេញ​ទៅ ។ ពួកគេ​បាន​វាយ​ទ្រង់ ស្ដោះ​ដាក់​ទ្រង់ បំពាក់​ភួង​បន្លា​លើ​ព្រះសិរ​របស់​ទ្រង់ ហើយ​បាន​ចំអក​មើលងាយ​ទ្រង់ ។

ម៉ាកុស ១៥:១៥–២០

ព្រះយេស៊ូវ​លី​ឈើឆ្កាង​ដ៏​ធ្ងន់​មួយ ។

ពួកទាហាន​បាន​បញ្ជា​ឲ្យ​ព្រះយេស៊ូវ​លី​ឈើឆ្កាង​ដ៏​ធ្ងន់​មួយ ។ ពួកគេ​បាន​នាំ​ទ្រង់​ទៅកន្លែង​មួយ​នៅ​ខាងក្រៅ​ក្រុង​យេរូសាឡិម ដែល​ហៅ​ថា គាល់កូថា ។

យ៉ូហាន ១៩:១៧

ពួកទាហាន​ដំ​ដែកគោល​ព្រះយេស៊ូវ​ទៅនឹង​ឈើឆ្កាង ។

ពួកទាហាន​បាន​ដំ​ដែកគោល​ព្រះហស្ដ និង​ព្រះបាទ​របស់​ព្រះយេស៊ូវ​ទៅនឹង​ឈើឆ្កាង ។ ព្រះយេស៊ូវ​បាន​ទូលសូម​ព្រះវរបិតា​សួគ៌​របស់​ទ្រង់​ឲ្យ​អត់ទោស​ដល់​ពួកទាហាន​ទាំងនេះ​ផង ពីព្រោះ​ពួកគេ​មិន​ដឹង​ថា ពួកគេ​កំពុង​ឆ្កាង​ព្រះរាជបុត្រា​នៃ​ព្រះ​នោះ​ទេ ។

លូកា ២៣:៣៣–៣៤; សូមមើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៅក្នុង​លេខយោង ៣៤

ហ្វូង​មនុស្ស​មើលទៅ​ព្រះយេស៊ូវ និង​ពួកចោរ​ពីរនាក់​ដែល​ត្រូវ​គេ​ឆ្កាង ។

ពួកចោរ​ពីរនាក់​ត្រូវបាន​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ​នៅ​ថ្ងៃ​នោះ ។ ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​មាន​បន្ទូល​ទៅកាន់​ទ្រង់​ថា « បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួនឯង ហើយ​នឹង​យើង​ផង » ។

លូកា ២៣:៣៩

ព្រះយេស៊ូវ​មាន​បន្ទូល​ជាមួយ​ចោរ​ម្នាក់ ។

ចោរ​ម្នាក់​ទៀត​បាន​និយាយ​ថា ពួកគេ​សម​នឹង​ទទួល​ការដាក់ទោស​របស់​ខ្លួន​មែន ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ។ គាត់​បាន​ទូលសូម​ព្រះយេស៊ូវ​ឲ្យ​ចងចាំ​គាត់​នៅក្នុង​នគរ​របស់​ទ្រង់​ផង ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា មិន​យូរ​ប៉ុន្មាន ពួកគេ​នឹង​ជុំគ្នា​នៅក្នុង​ពិភព​វិញ្ញាណ ។

លូកា ២៣:៤០–៤៣

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​យ៉ូហាន​ឲ្យ​មើលថែ​មាតា​ទ្រង់​ផង ។

ស្ត្រី​ជាច្រើន​ដែល​បាន​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ បាន​មកឯ​ឈើឆ្កាង​ដើម្បី​នៅ​ជាមួយ​ទ្រង់ ។ មាន​ស្ត្រី​ម្នាក់​គឺជា​ព្រះមាតា​របស់​ព្រះយេស៊ូវ ឈ្មោះ​ម៉ារា ។ ព្រះយេស៊ូវ​បាន​ឃើញ​មាតា ហើយ​បាន​ប្រាប់​យ៉ូហាន ដែល​ជា​សាវក​ម្នាក់​របស់​ទ្រង់ ឲ្យ​ជួយ​មើលថែ​មាតា​ទ្រង់​ផង ។

យ៉ូហាន ១៩:២៥–២៧; សូមមើល​ផងដែរ លូកា ៨:១–៣; ម៉ាកុស ១៥:៤០–៤១

ភាពងងឹត​គ្រប​ដណ្ដប់​ពេញ​ដែនដី ។

រយៈពេល​បី​ម៉ោង ភាពងងឹត​បាន​គ្រប​ដណ្ដប់​ពេញ​ដែនដី ។ ព្រះយេស៊ូវ​មាន​អារម្មណ៍​ឯកោ​ខ្លាំង​ណាស់ ។ ទ្រង់​មាន​អារម្មណ៍​ដូចជា​ព្រះវរបិតា​របស់​ទ្រង់ ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ចាកចោល​ទ្រង់ ។

ម៉ាថាយ ២៧:៤៥–៤៦

ព្រះយេស៊ូវ​អស់​ព្រះជន្ម ។

ជា​ចុងក្រោយ ព្រះយេស៊ូវ​បាន​ជ្រាប​ថា ទ្រង់​បាន​បញ្ចប់​ការរងទុក្ខ​របស់​ទ្រង់​ហើយ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ព្រះវរបិតា ការស្រេច​ហើយ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​សម្រេច » ។ បន្ទាប់មក ព្រះយេស៊ូវ​ឱន​ព្រះ‌សិរ​ទ្រង់ ហើយ​អស់​ព្រះជន្ម​ទៅ ។ ដើម្បី​បញ្ជាក់​ថា ទ្រង់​ពិតជា​សុគត​មែន នោះ​ទាហាន​ម្នាក់​បាន​ចាក់​ចំហៀង​ព្រះកាយ​ទ្រង់​នឹង​លំពែង ។

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៧:៥៤ ( នៅក្នុង ម៉ាថាយ ២៧:៥០ លេខ​យោង  ); យ៉ូហាន ១៩:២៨–៣០, ៣៤

វាំង‌នន​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​រហែក​ជា​ពីរ​ភាគ ។

កាល​ព្រះយេស៊ូវ​បាន​សុគត ផែនដី​បាន​រញ្ជួយ ។ ថ្ម​បាន​បែក​ជា​បំណែក ។ វាំង‌នន​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ ជា​វាំងនន​បាំង​គ្រប​ទី​ដ៏​ពិសិដ្ឋ​បំផុត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ បាន​រហែក​ជា​ពីរ​ភាគ ។

ម៉ាថាយ ២៧:៥១

ពួកទាហាន​ដែល​មើល​ព្រះយេស៊ូវ មាន​ការភ័យខ្លាច ។

ពួកទាហាន​បាន​ភិតភ័យ ។ ពួកគេ​បាន​និយាយ​ថា « នេះ​ពិតជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន » ។

ម៉ាថាយ ២៧:៥៤

ព្រះមាតា​របស់​ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់​ដាក់​ព្រះសព​របស់​ទ្រង់​នៅក្នុង​ផ្នូរ ។

ពួកសិស្ស​របស់​ព្រះយេស៊ូវ​បាន​រុំ​ព្រះសព​របស់​ទ្រង់​នឹង​ក្រណាត់ ហើយ​ដាក់​ទ្រង់​នៅក្នុង​ផ្នូរ​នៅក្នុង​សួនច្បារ​មួយ ។ ក្រោយមក ពួកគេ​បាន​រមៀល​ដុំ​ថ្ម​ធំ​មួយ​បាំង​នៅមុខ​ទ្វារ​ផ្នូរ​នោះ ។

ម៉ាថាយ ២៧:៥៧–៦១; យ៉ូហាន ១៩:៣៨–៤១