ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​សុល—ការអញ្ជើញ​ឲ្យ​ប្រែចិត្ត និង​ធ្វើតាម​ព្រះអម្ចាស់


កិច្ចការ ៩:១–៣១

ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​សុល

ការអញ្ជើញ​ឲ្យ​ប្រែចិត្ត និង​ធ្វើតាម​ព្រះអម្ចាស់

សុល និង​មេដឹកនាំ​ផ្សេងទៀត​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ដាម៉ាស ។

សុល​គឺជា​ពួកផារិស៊ី—ជា​មេដឹកនាំ​សាសន៍​យូដា ដែល​ស្គាល់​ព្រះគម្ពីរ​ច្បាស់ ។ ប៉ុន្តែ​សុល​មិន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះអង្គ​សង្គ្រោះ​នោះ​ទេ ។ គាត់​ឧស្សាហ៍​ចាប់​អ្នកដើរតាម​ព្រះយេស៊ូវ​ដាក់​គុក​ណាស់ ។ ថ្ងៃ​មួយ សុល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​មួយ ដែល​មាន​ឈ្មោះ​ថា ដាម៉ាស ដើម្បី​ចាប់ខ្លួន​អ្នកដើរតាម​របស់​ព្រះយេស៊ូវ​មួយ​ចំនួន ហើយ​នាំ​ពួកគេ​ទៅ​ទីក្រុង​យេរូសាឡិម​ដើម្បី​ដាក់​ទោស ។

កិច្ចការ ៩:១–២; ២២:៤–៥; ២៦:៥

សុល​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះយេស៊ូវ ។

កាល​សុល​ធ្វើ​ដំណើរ ស្រាប់តែ​មាន​ពន្លឺ​បាន​ភ្លឺ​ចាំង​មកលើ​គាត់ ។ វា​ភ្លឺ​ជាង​ពន្លឺ​ព្រះអាទិត្យ​ទៅ​ទៀត ។ សុល​បាន​ដួល​ទៅ​ដី ។ គាត់​បាន​ឮ​សំឡេង​មួយ​និយាយ​ថា « សុល នែ​សុល » ។ បន្ទាប់មក សំឡេង​នោះ​បាន​សួរ​សុល​ថា ហេតុអ្វី​បានជា​គាត់​ប្រឆាំង​ទាស់​នឹង​ព្រះយេស៊ូវ ហើយ​ធ្វើឲ្យ​ពួកសិស្ស​របស់​ទ្រង់​ឈឺចាប់​បែបនេះ ។

កិច្ចការ ៩:៣–៤; ២៦:១៣–១៤

សុល​ទូលសួរ​ព្រះយេស៊ូវ​ថា តើ​គាត់​គួរតែ​ធ្វើ​អ្វី​ទៅ ។

សុល​បាន​សួរ​ថា តើ​អ្នកណា​កំពុង​និយាយ ។ សំឡេង​នោះ​ក៏​បន្លឺ​ឡើង​ថា « ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ » ។ សុល​បាន​ភ័យខ្លាច និង​ភ្ញាក់ផ្អើល ។ គាត់​បាន​ទូលសួរ​ព្រះយេស៊ូវ​ថា តើ​គាត់​គួរតែ​ធ្វើ​អ្វី​ទៅ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​សុល​ថា « ចូរ​ក្រោក​ឡើង​ចូល​ទៅក្នុង​ទីក្រុង​ទៅ » ។ នៅ​ទីនោះ គាត់​នឹង​ដឹង​ពី​អ្វី​ដែល​គាត់​គួរតែ​ធ្វើ​បន្ទាប់​ទៀត ។

កិច្ចការ ៩:៥–៦

សុល​ត្រូវបាន​គេ​នាំ​ចូល​ទៅ​ក្រុង​ដាម៉ាស ។

សុល​បាន​គោរព​តាម ហើយ​បាន​ក្រោកឡើង ។ ប៉ុន្តែ គាត់​ពិការ​ភ្នែក​ហើយ​ឥឡូវ​នេះ ។ គាត់​មិន​អាច​មើល​អ្វី​ឃើញ​ទេ ។ មនុស្ស​ដែល​ធ្វើ​ដំណើរ​ជាមួយ​គាត់ បាន​នាំ​គាត់​ចូល​ទៅ​ក្រុង​ដាម៉ាស ។ អស់​រយៈពេល​បី​ថ្ងៃ សុល​មិន​បាន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ។

កិច្ចការ ៩:៨–៩

ព្រះយេស៊ូវ​យាង​មក​ជួប​អាន៉្នានាស ។

សិស្ស​ម្នាក់​ក្នុង​ចំណោម​ពួកសិស្ស​របស់​ព្រះយេស៊ូវ ដែល​បាន​រស់នៅ​ក្នុង​ក្រុង​ដាម៉ាស​មាន​ឈ្មោះ​ថា អាន៉្នានាស ។ ព្រះយេស៊ូវ​បាន​យាង​មក​ជួប​អាន៉្នានាស​នៅក្នុង​ការនិមិត្ត​មួយ ហើយ​មាន​បន្ទូល​ប្រាប់​លោក​ឲ្យ​ទៅ​ជួយ​សុល ។

កិច្ចការ ៩:១០–១២

អាន៉្នានាស​ឆ្លើយតប​ទៅ​ព្រះយេស៊ូវ ។

ប៉ុន្តែ អាន៉្នានាស​បាន​ភាន់ភាំង ។ លោក​បាន​ឮ​ពី​សុល ។ លោក​បាន​ដឹង​ថា សុល​បាន​ប្រឆាំង​នឹង​ពួកសិស្ស​របស់​ព្រះយេស៊ូវ​យ៉ាង​ខ្លាំង ។

កិច្ចការ ៩:១៣–១៤

ព្រះយេស៊ូវ​សុំឲ្យ​អាន៉្នានាស​ជួយ​ដល់​សុល ។

ទោះយ៉ាងណា ព្រះយេស៊ូវ​បាន​សុំឲ្យ​អាន៉្នានាស​ជួយ​ដល់​សុល ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​បាន​ជ្រើសរើស​សុល ដើម្បី​នាំយក​ដំណឹងល្អ​របស់​ទ្រង់​ទៅកាន់​មនុស្ស​ជាច្រើន ដែល​មិន​មែន​ជា​សាសន៍​យូដា និង​មិន​ដឹង​អំពី​ទ្រង់ ។

កិច្ចការ ៩:១៥–១៦

អាន៉្នានាស​ផ្តល់​ពរជ័យ​ដល់​សុល ។

អាន៉្នានាស​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះយេស៊ូវ ។ លោក​បាន​រកឃើញ​សុល ហើយ​បាន​ផ្តល់​ពរជ័យ​ដល់​គាត់ ។ អាន៉្នានាស​បាន​ហៅ​គាត់​ថា « អ្នក​សុល​អើយ » ។

កិច្ចការ ៩:១៧

ភ្នែក​របស់​សុល​បាន​ភ្លឺ​ឡើងវិញ ។

អាន៉្នានាស​បាន​និយាយ​ថា ព្រះយេស៊ូវ​បាន​បញ្ជូន​លោក​មក​ដល់​គាត់ ដើម្បី​ឲ្យ​សុល​បាន​ជា​សះស្បើយ និង​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ភ្លាមៗ​នោះ សុល​អាច​មើលឃើញ​ម្តងទៀត ។

កិច្ចការ ៩:១៧–១៨

សុល​បង្រៀន​មនុស្ស​អំពី​ដំណឹងល្អ ។

សុល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ បន្ទាប់មក គាត់​បាន​បង្រៀន​មនុស្ស​គ្រប់គ្នា​នៅ​ទីក្រុង​នោះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រជាជន​មាន​ការភ្ញាក់ផ្អើល​ដែល​សុល​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ។ ពេញ​មួយ​ជីវិត​របស់​គាត់ សុល​ត្រូវបាន​ហៅ​ថា ប៉ុល ។ លោក​បាន​បង្រៀន​មនុស្ស​ទាំងអស់ ទាំង​ពួកសាសន៍​យូដា និង​មនុស្ស​ដទៃ​ទៀត​ជាច្រើន​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវ ។ ប៉ុល​បាន​ក្លាយជា​សាវក​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កិច្ចការ ៩:១៨–២២, ២៩–៣១; ១៣:៩