ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ចៀម​ដែល​បាត់ ប្រាក់​ដែល​បាត់ និង​កូនប្រុស​ដែល​វង្វេង—ពាក្យ​ប្រៀប​ប្រដូច​បី​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ


លូកា ១៥

ចៀម​ដែល​បាត់ ប្រាក់​ដែល​បាត់ និង​កូនប្រុស​ដែល​វង្វេង

ពាក្យ​ប្រៀប​ប្រដូច​បី​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ

ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល និង​សោយ​អាហារ​ជាមួយ​មនុស្ស​មួយ​ក្រុម ។

ថ្នាក់ដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន​បាន​ឃើញ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល និង​សោយ​អាហារ​ជាមួយ​មនុស្ស ដែល​ពួកគេ​គិត​ថា​ជា​អ្នកមាន​អំពើបាប ។ ថ្នាក់ដឹកនាំ​ទាំងនោះ​គិត​ថា វា​គឺជា​រឿង​ខុសឆ្គង​ដែល​ព្រះយេស៊ូវ​បាន​សោយ​អាហារ​ជាមួយ​អ្នកមាន​អំពើបាប ។ ព្រះយេស៊ូវ​បាន​តំណាល​ប្រាប់​ថ្នាក់ដឹកនាំ​ទាំងនោះ​នូវ​ដំណើររឿង ឬ​ពាក្យ​ប្រៀប​ប្រដូច​ចំនួន​បី ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ថា ទ្រង់​សព្វ​ព្រះទ័យ​ចង់​ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​ប្រែចិត្ត ហើយ​ថា​ទ្រង់​សប្បាយ​ព្រះទ័យ​យ៉ាង​ខ្លាំង នៅពេល​ពួកគេ​ប្រែចិត្ត​មែន​នោះ ។

លូកា ១៥:១–៣

អ្នកគង្វាល​ម្នាក់​កំពុង​តាម​រក​ចៀម​មួយ​ដែល​បាត់ 

ពាក្យ​ប្រៀប​ប្រដូច​ទីមួយ​គឺ​អំពី​បុរស​ម្នាក់​ដែល​មាន​ចៀម​មួយ​រយ ។ ចៀម​របស់​គាត់​មួយ​បាន​វង្វេង​បាត់ ។

លូកា ១៥:៤

អ្នកគង្វាល​នោះ​រកឃើញ​ចៀម​ដែល​បាត់ ។

បុរស​នោះ​បាន​ទុក​ចៀម​៩៩​ក្បាល​ទៀត​ចោល​សិន ហើយ​បាន​តាម​រក​ចៀម​ដែល​បាត់​នោះ ។ គាត់​បាន​បន្ត​តាម​រក ទាល់តែ​គាត់​រកឃើញ​ចៀម​នោះ ។

លូកា ១៥:៤

អ្នកគង្វាល​នោះ​លើក​ព្រនរ​ចៀម​ដែល​បាត់​នោះ​នៅលើ​ស្មា​របស់​គាត់ ។

នៅពេល​គាត់​បាន​រកឃើញ​ចៀម​ដែល​បាត់​របស់​គាត់​មកវិញ គាត់​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ! គាត់​បាន​លើក​ព្រនរ​ចៀម​នោះ​នៅលើ​ស្មា​របស់​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​ប្រាប់​ពួកសម្លាញ់ និង​ពួក​អ្នកជិតខាង​របស់​គាត់​ឲ្យ​អរសប្បាយ​ជាមួយ​នឹង​គាត់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា នេះ​គឺជា​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ នៅពេល​នរណាម្នាក់​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ហើយ​ត្រឡប់​មករក​ទ្រង់​វិញ ។

លូកា ១៥:៥–៧

ស្ត្រី​ម្នាក់​រកមើល​ប្រាក់​ដែល​បាត់ 

ពាក្យ​ប្រៀប​ប្រដូច​ទីពីរ​គឺ​អំពី​ស្ដ្រី​ម្នាក់ ដែល​មាន​ប្រាក់​១០​ដួង ។ នៅពេល​នាង​បាត់​ប្រាក់​មួយ​ដួង នាង​បាន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​របស់​នាង​រក​ប្រាក់​ដែល​បាត់​នោះ ។ នាង​បន្ត​រកមើល រហូត​ដល់​នាង​រក​ប្រាក់​នោះ​ឃើញ ។

លូកា ១៥:៨

ស្ត្រី​នោះ​រកឃើញ​ប្រាក់​ដែល​បាត់ ហើយ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ។

នៅ​ទីបំផុត កាល​នាង​រក​ឃើញ​ប្រាក់​ដែល​បាត់​របស់​នាង នាង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ! នាង​បាន​ប្រាប់​ពួកសម្លាញ់ និង​ពួក​អ្នកជិតខាង​របស់​គាត់​ឲ្យ​អរសប្បាយ​ជាមួយ​នឹង​នាង ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា នេះ​គឺជា​សេចក្ដី​អំណរ​នៅ​មុខ​ពួកទេវតា​នៃ​ស្ថានសួគ៌ នៅពេល​នរណាម្នាក់​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។

លូកា ១៥:៩–១០

កូនប្រុស​ពៅ​ចាកចេញ​ពី​គ្រួសារ​របស់​គាត់ 

ពាក្យ​ប្រៀប​ប្រដូច​ទីបី​គឺ​អំពី​បុរស​ម្នាក់​ដែល​មាន​កូនប្រុស​ពីរ​នាក់ ។ កូនប្រុស​ពៅ​មិន​ចង់​រស់នៅ​ជាមួយ​ឪពុក​របស់​គាត់​ទៀត​ទេ ។ គាត់​បាន​ស្នើទៅ​ឪពុក​របស់​គាត់​ឲ្យ​ប្រគល់​ចំណែក​មរដក​របស់​គ្រួសារ ដែល​ត្រូវ​ចែក​ដល់​គាត់​នោះ​ឥឡូវ​នេះ ។ បន្ទាប់មក កូនប្រុស​នោះ​ក៏​បាន​ចាកចេញ​ពី​ផ្ទះ ហើយ​ទៅ​ស្រុក​ឆ្ងាយ​មួយ ។

លូកា ១៥:១១–១៣

កូនប្រុស​នោះ​បាន​ចាយ​ខ្ជះខ្ជាយ​ទ្រព្យ​ពី​ឪពុក​របស់​គាត់ ។

កូនប្រុស​នោះ​បាន​ធ្វើការ​ជ្រើសរើស​ដ៏​អាក្រក់​ខ្លាំង​មួយ​ចំនួន ។ គាត់​បាន​ចាយ​ខ្ជះខ្ជាយ​ទ្រព្យ​ដែល​ឪពុក​របស់​គាត់​បាន​ចែកឲ្យ​គាត់ ។

លូកា ១៥:១៣

កូនប្រុស​នោះ​មិន​មាន​អ្វី​បរិភោគ​ទេ ។

ក្រោយពី​គាត់​បាន​ចាយ​ប្រាក់​អស់​រលីង​ហើយ គាត់​ក៏​ស្រេកឃ្លាន​យ៉ាង​ខ្លាំង ។ គ្មាន​នរណា​ម្នាក់​ឲ្យ​អ្វី​គាត់​បរិភោគ​ទេ ។ ទីបំផុត គាត់​រក​បាន​ការងារ​ចិញ្ចឹម​ជ្រូក ។ កូនប្រុស​នោះ​ស្រេកឃ្លាន​ខ្លាំង​ណាស់ គាត់​ប្រាថ្នា​ថា គាត់​អាច​បរិភោគ​ចំណី​ជ្រូក​បាន ។ គាត់​ភ្ញាក់​ដឹង​ខ្លួន​ថា គាត់​ត្រូវ​ត្រឡប់​ទៅរក​ឪពុក​របស់​គាត់​វិញ ។

លូកា ១៥:១៤–១៨

កូនប្រុស​នោះ​សម្រេច​ចិត្ត​ទៅ​សូម​ឪពុក​របស់​គាត់​ថា តើ​គាត់​អាច​ធ្វើជា​ជើងឈ្នួល​បាន​ដែរ​ឬ​ទេ ។

ប៉ុន្តែ​កូនប្រុស​នោះ​មិន​ប្រាកដ​ថា ឪពុក​របស់​គាត់​នឹង​ស្វាគមន៍​គាត់​ត្រឡប់​មក​វិញ​ឬ​អត់​ទេ ។ គាត់​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​ទៅ​សូម​ឪពុក​របស់​គាត់​ថា តើ​គាត់​អាច​ធ្វើជា​ជើងឈ្នួល​ម្នាក់​របស់​គាត់​បាន​ដែរ​ឬ​ទេ ។

លូកា ១៥:១៧–១៩

ឪពុក​សប្បាយ​ចិត្ត​ពេល​ឃើញ​កូនប្រុស​របស់​គាត់ ។

ខណៈដែល​កូនប្រុស​នោះ​កំពុង​ដើរ​ទៅ​ផ្ទះ ឪពុក​របស់​គាត់​បាន​ឃើញ​គាត់​មកពី​ចម្ងាយ ។ ឪពុក​សប្បាយ​ចិត្ត​ណាស់ គាត់​បាន​រត់​ទៅរក​កូនប្រុស​របស់​គាត់ !

លូកា ១៥:២០

ឪពុក និង​កូន​កំពុង​ឱប​គ្នា ។

ឪពុក​បាន​ឱប​កូនប្រុស​របស់​គាត់ ហើយ​ថើប​គាត់ ។ គាត់​បាន​ប្រាប់​បាវ​បម្រើ​របស់​គាត់​ឲ្យ​យក​សម្លៀក​បំពាក់​ល្អ​បំផុត​មក​ឲ្យ​កូនប្រុស​របស់​គាត់ និង​រៀបចំ​ពិធី​ជប់លៀង​មួយ ។ គាត់​ចង់​ឲ្យ​អ្នកគ្រប់គ្នា​អបអរ​សាទរ និង​សប្បាយ​ចិត្ត ព្រោះ​កូនប្រុស​របស់​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ ។

លូកា ១៥:២០–២៤

កូនប្រុស​ច្បង​ត្រឡប់​មកពី​ធ្វើការ​នៅ​ចម្ការ​វិញ ។

ក្នុង​ពេល​ប៉ុន្មាន​នេះ កូនប្រុស​ច្បង​បាន​ធ្វើការ​នៅឯ​ចម្ការ ។ កាល​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ គាត់​ក៏​ឮ​សូរ​ភ្លេង និង​របាំ ។ គាត់​ហៅ​ពួកបាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង ។ បាវ​នោះ​ជម្រាប​គាត់​ថា ប្អូន​ប្រុស​របស់​លោក​បាន​ត្រឡប់​មក​វិញ ដូច្នេះ​ពួកគេ​ធ្វើ​ពិធី​ជប់់លៀង​មួយ​ដើម្បី​អបអរ​សាទរ ។

លូកា ១៥:២៥–២៧

ឪពុក​សុំឲ្យ​កូនប្រុស​ច្បង​សប្បាយ​ចិត្ត ដែល​កូនប្រុស​ពៅ​នេះ​បាន​ត្រឡប់​មក​វិញ ។

បងប្រុស​នោះ​ក៏​ខឹង ។ ឪពុក​របស់​គាត់​បាន​ហៅ​គាត់​ឲ្យ​ទៅ​ពិធី​ជប់លៀង​នេះ ប៉ុន្តែ​គាត់​មិន​ព្រម​ចូល​ទៅ​សោះ ។ គាត់​បាន​ប្រាប់​ឪពុក​របស់​គាត់​ថា គាត់​បាន​បម្រើ​លោក​ឪពុក​អស់​ពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​គ្មាន​នរណា​ធ្វើ​ពិធី​ជប់លៀង​ឲ្យ​គាត់​ឡើយ ។ ឪពុក​បាន​ប្រាប់​គាត់​ថា « របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ » ប៉ុន្ដែ​វា​ជា​ការណ៍​ល្អ​ដើម្បី​អរ​សប្បាយ នៅពេល​នរណាម្នាក់​ប្រែចិត្ត ហើយ​ត្រឡប់​មក​ផ្ទះ​វិញ !

លូកា ១៥:២៨–៣២