លូកា ១៧:១១–១៩
ព្រះយេស៊ូវព្យាបាលមនុស្សឃ្លង់ដប់នាក់
សារៈសំខាន់នៃការដឹងគុណ
ខណៈដែលព្រះយេស៊ូវកំពុងធ្វើដំណើរ ទ្រង់បានយាងចូលទៅក្នុងភូមិមួយ ក៏ទតឃើញមនុស្សដប់នាក់ដែលមានជំងឺស្បែកដ៏អាក្រក់ ដែលគេហៅថាជំងឺឃ្លង់ ។ មនុស្សដែលមានជំងឺឃ្លង់ត្រូវនៅឆ្ងាយពីមនុស្សគ្រប់គ្នា សូម្បីតែក្រុមគ្រួសាររបស់ពួកគេក្ដី ដើម្បីកុំឲ្យពួកគេអាចចម្លងជំងឺទៅអ្នកផ្សេងទៀតបាន ។
លូកា ១៧:១១–១២
បុរសទាំងនោះបានស្រែកហៅព្រះយេស៊ូវ ហើយបានទូលសូមឲ្យទ្រង់ព្យាបាលពួកគេ ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេឲ្យទៅជួបពួកសង្ឃនៅឯក្រុងទៅ ។ មានតែពួកសង្ឃប៉ុណ្ណោះ ទើបអាចសម្រេចបានថា តើពួកគេអាចនៅជាមួយមនុស្សផ្សេងទៀតម្តងទៀតបានដែរឬទេ ។
លូកា ១៧:១៣–១៤; សូមមើលផងដែរ លេវីវិន័យ ១៤:២–៣
កាលមនុស្សឃ្លង់ទាំងដប់នាក់នោះដើរទៅជួបពួកសង្ឃ នោះអព្ភូតហេតុមួយបានកើតឡើង ។ ជំងឺរបស់ពួកគេក៏បានបាត់ទៅ ។ ពួកគេបានជាស្អាតទាំងអស់គ្នា !
លូកា ១៧:១៤
នៅពេលបុរសម្នាក់ឃើញថា គាត់បានជាស្អាតហើយ នោះគាត់បានវិលមកវិញ ហើយអរព្រះគុណព្រះដោយសំឡេងខ្លាំងៗ ។ គាត់គឺជាសាសន៍សាម៉ារីម្នាក់ ។
លូកា ១៧:១៥–១៦
បុរសនេះបានទម្លាក់ខ្លួនផ្កាប់មុខនៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផងសម្រាប់អ្វីដែលទ្រង់បានធ្វើ ។ ព្រះយេស៊ូវបានសួរថា តើបុរសប្រាំបួននាក់ទៀតដែលបានជាស្អាតនោះនៅឯណា ។ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលបានត្រឡប់មកអរព្រះគុណទ្រង់វិញ ! រួចព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅបុរសនោះថា « ចូរក្រោកឡើងទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ » ។
លូកា ១៧:១៦–១៩