ហេព្រើរ ១១–១២
ការរស់នៅដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ទ្រង់គឺជា « មេផ្តើម ហើយជាមេសម្រេចសេចក្ដីជំនឿរបស់យើង »
វាមិនមែនជារឿងងាយស្រួលជានិច្ចនោះទេ ក្នុងការក្លាយជាអ្នកដើរតាមរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសាសនាចក្រជំនាន់ដើម ។ ពេលខ្លះ មនុស្សស្អប់សមាជិកសាសនាចក្រ ឬចំអកដាក់ពួកគេដោយសារតែជំនឿរបស់ពួកគេ ។ ប៉ុលចង់ជួយពួកគេឲ្យរក្សាសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
ហេព្រើរ ១០:៣២–៣៩
ប៉ុលបានសរសេរសំបុត្រមួយច្បាប់ទៅកាន់ពួកបរិសុទ្ធសាសន៍ហេព្រើរ ឬសាសន៍យូដា ។ លោកបានបង្រៀនថា សេចក្តីជំនឿមានន័យថា ការជឿ និងការមានសេចក្ដីសង្ឃឹមលើអ្វីមួយ ទោះជាយើងមិនអាចមើលឃើញវាក៏ដោយ ។ ឧទាហរណ៍ ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទមានន័យថា ការទុកចិត្តលើទ្រង់ និងការសន្យារបស់ទ្រង់ ទោះជាយើងមិនទាន់បានទទួលពរជ័យដែលយើងសង្ឃឹមចង់បានក៏ដោយ ។
ហេព្រើរ ១១:១, ៦
ដើម្បីជួយពួកបរិសុទ្ធសាសន៍ហេព្រើរឲ្យប្រឈមមុខនឹងបញ្ហាប្រឈមរបស់ពួកគេដោយសេចក្តីជំនឿ នោះប៉ុលបានរំឭកពួកគេអំពីដំណើររឿងទាំងឡាយ អំពីមនុស្សនៅក្នុងព្រះគម្ពីរដែលមានសេចក្ដីជំនឿយ៉ាងខ្លាំង ។
ហេព្រើរ ១១:៤–៤០
ឧទាហរណ៍ ប៉ុលបានប្រាប់អំពីណូអេ ។ ព្រះបានមានបន្ទូលប្រាប់ណូអេឲ្យសង់ទូកធំមួយ ដើម្បីជួយសង្គ្រោះគ្រួសាររបស់លោកពីទឹកជំនន់ ។ ណូអេមានសេចក្ដីជំនឿដើម្បីគោរពតាម តាំងតែពីមុនពេលលោកបានឃើញភ្លៀងទៅទៀត ។
ហេព្រើរ ១១:៧
ប៉ុលបានប្រាប់អំពីអ័ប្រាហាំ និងសារ៉ា ដែលមានសេចក្ដីជំនឿដើម្បីចាកចេញពីផ្ទះរបស់ពួកលោក ព្រោះព្រះបានសន្យាថានឹងនាំពួកលោកទៅកាន់កន្លែងមួយដែលប្រសើរជាងមុន ។ ពួកលោកក៏មានសេចក្ដីជំនឿលើការសន្យារបស់ព្រះផងដែរថា ពួកលោកនឹងមានគ្រួសារដ៏សែនធំមួយ ទោះបីជាពួកលោកចាស់ ហើយមិនទាន់មានកូនក៏ដោយ ។
ហេព្រើរ ១១:៨–១៦
ប៉ុលក៏បានប្រាប់អំពីម្តាយរបស់ម៉ូសេឈ្មោះ យ៉ុកិបិត ផងដែរ ។ នាងមានសេចក្ដីជំនឿដើម្បីលាក់ម៉ូសេ កាលលោកនៅជាទារក ដើម្បីរក្សាលោកឲ្យមានសុវត្ថិភាពពីស្តេចដ៏អាក្រក់ ។
ហេព្រើរ ១១:២៣
ម៉ូសេបានធំឡើងនៅក្នុងស្រុកអេស៊ីព្ទ ។ លោកអាចសោយសុខនឹងទ្រព្យសម្បត្តិ និងមានផាសុកភាពយ៉ាងស្រួល ។ ប៉ុន្តែលោកបានបោះបង់ចោលអ្វីទាំងអស់នោះ ដោយសារលោកមានសេចក្ដីជំនឿលើព្រះ និងពរជ័យរបស់ទ្រង់ ។
ហេព្រើរ ១១:២៤–២៧
ដោយសារតែសេចក្ដីជំនឿរបស់លោក ម៉ូសេបាននាំប្រជាជនរបស់ព្រះចេញពីទាសភាព ។ ពួកគេថែមទាំងបានដើរកាត់សមុទ្រក្រហមនៅលើដីស្ងួតទៀតផង !
ហេព្រើរ ១១:២៩
ប៉ុលក៏បានតំណាលប្រាប់អំពីនាងរ៉ាហាបផងដែរ ។ នាងមានសេចក្ដីជំនឿដើម្បីជួយប្រជាជនរបស់ព្រះ ទោះបីជាគ្មានមនុស្សណាម្នាក់នៅក្នុងទីក្រុងរបស់នាងជឿលើព្រះអម្ចាស់ក៏ដោយ ។ សេចក្ដីជំនឿរបស់នាងបានជួយសង្គ្រោះគ្រួសាររបស់នាង ។
ហេព្រើរ ១១:៣០–៣១
ប៉ុលបាននិយាយថា គំរូទាំងនេះជាច្រើនអំពីសេចក្តីជំនឿអាចជួយយើងឲ្យមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទផងដែរ ទោះបីជាជីវិតមានការលំបាកក៏ដោយ ។ យើងអាចប្រែចិត្តពីអំពើបាបរបស់យើងបាន ហើយមើលទៅព្រះយេស៊ូវដែលជា « មេផ្តើម ហើយជាមេសម្រេចសេចក្ដីជំនឿរបស់យើង » ។ ទ្រង់ស្ម័គ្រព្រះទ័យដើម្បីសុគតសម្រាប់យើង ព្រោះទ្រង់ជ្រាបថា ដង្វាយធួនរបស់ទ្រង់នឹងនាំមកនូវសេចក្តីអំណរ និងការព្យាបាលដ៏អស្ចារ្យ !
ហេព្រើរ ១២:១–២