ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពាក្យ​ប្រៀប​ប្រដូច​អំពី​បាវ​បម្រើ​ដែល​មិន​ព្រម​អត់ទោស—ព្រះយេស៊ូវ​បង្រៀន​អំពី​ការអត់ទោស


ម៉ាថាយ ១៨:២១–៣៤

ពាក្យ​ប្រៀប​ប្រដូច​អំពី​បាវ​បម្រើ​ដែល​មិន​ព្រម​អត់ទោស

ព្រះយេស៊ូវ​បង្រៀន​អំពី​ការអត់ទោស

ពេត្រុស​ទូលសួរ​ព្រះយេស៊ូវ​នូវ​សំណួរ​មួយ ។

នៅ​ថ្ងៃ​មួយ ពេត្រុស​បាន​ទូលសួរ​ព្រះយេស៊ូវ​នូវ​សំណួរ​ដ៏​សំខាន់​មួយ ។ លោក​ចង់​ដឹង​ថា តើ​លោក​គួរ​អត់ទោស​ឲ្យ​មនុស្ស​ប៉ុន្មាន​ដង នៅពេល​ដែល​ពួកគេ​ប្រព្រឹត្ត​អំពើបាប ។ ពេត្រុស​បាន​សួរ​ថា « ៧​ដង​ឬ​អី ? » ព្រះយេស៊ូវ​បាន​ឆ្លើយ​សំណួរ​របស់​ពេត្រុស ដោយ​តំណាល​ប្រាប់​លោក​ពី​ដំណើររឿង​មួយ ឬ​ពាក្យ​ប្រៀប​ប្រដូច​មួយ ។

ម៉ាថាយ ១៨:១៥–២១

បាវ​បម្រើ​ម្នាក់​ជំពាក់​ប្រាក់​ស្ដេច ។

នៅក្នុង​ដំណើររឿង​នេះ មាន​ស្តេច​មួយ​អង្គ ដែល​មាន​បាវ​បម្រើ​ជាច្រើន​នាក់ ។ បាវ​បម្រើ​ម្នាក់​ក្នុង​ចំណោម​បាវ​បម្រើ​ទាំងអស់ ជំពាក់​ប្រាក់​ស្ដេច​ពីរ​កោដិ ។ វា​ជា​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក !

ម៉ាថាយ ១៨:២៣–២៤

បាវ​បម្រើ​នោះ​មិន​អាច​សង​បំណុល​បាន​ទេ ។

បាវ​បម្រើ​នោះ​មិន​អាច​សង​ស្ដេច​វិញ​បាន​ទេ ។ ស្តេច​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​លក់​បាវ​បម្រើ​នេះ និង​គ្រួសារ​របស់​គាត់​ដើម្បី​សង​បំណុល​នោះ​មកវិញ ។

ម៉ាថាយ ១៨:២៥

បាវ​បម្រើ​នោះ​ទូលសូម​ការអត់ទោស ។

នៅពេល​ដែល​បាវ​បម្រើ​នោះ​បាន​ឮ​បែបនេះ គាត់​បាន​លុត​ជង្គង់​ចុះ ។ គាត់​បាន​ទូលអង្វរ​ស្តេច​ឲ្យ​ប្រទាន​ពេលវេលា​ថែមទៀត​ឲ្យ​គាត់ ។ គាត់​បាន​និយាយ​ថា « សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន » ។

ម៉ាថាយ ១៨:២៦

ស្តេច​ព្រះរាជទាន​ទោស​ឲ្យ​បាវ​បម្រើ​នោះ ។

ស្ដេច​មាន​ព្រះ‌ទ័យ​ក្តួល​អាណិត​បាវ​បម្រើ​នោះ ។ ទ្រង់​បាន​សម្រេច​ព្រះទ័យ​ថា​ព្រម​អត់ទោស​ឲ្យ​គាត់ ។ បាវ​បម្រើ​នោះ​មិន​ចាំបាច់​សង​ប្រាក់​វិញ​នោះ​ទេ ។ គាត់​អាច​ចេញ​ទៅ​បាន​ដោយ​សេរី !

ម៉ាថាយ ១៨:២៧

បាវ​បម្រើ​នោះ​ទារ​ប្រាក់​ពី​បុរស​ម្នាក់​ទៀត ។

បន្ទាប់​មក បាវ​បម្រើ​នោះ​បាន​ទៅ ហើយ​ក៏​ប្រទះ​ជួប​បុរស​ម្នាក់​ដែល​ជំពាក់​ប្រាក់​គាត់​ក្នុង​ចំនួន​តិចតួច​មួយ ។ គាត់​ចាប់​អ្នកនោះ ហើយ​បាន​និយាយ​ថា « ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក » ។

ម៉ាថាយ ១៨:២៨

បុរស​នោះ​សូម​ឲ្យ​បាវ​បម្រើ​នោះ​អត់ទោស​ឲ្យ​គាត់ ។

បុរស​នោះ​បាន​លុង​ជង្គង់​ចុះ ។ គាត់​បាន​និយាយ​ថា « សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក » ។ ប៉ុន្តែ​បាវ​បម្រើ​នោះ​មិន​បាន​អត់ទោស​ឲ្យ​គាត់​ឡើយ ។ គាត់​បាន​ចាប់​អ្នកនោះ នាំ​ទៅ​ដាក់​គុក​វិញ ។

ម៉ាថាយ ១៨:២៩–៣០

ស្តេច​ប្រាប់​បាវ​បម្រើ​នោះ​អំពី​ការអត់ទោស ។

កាល​ស្តេច​ជ្រាបពី​អ្វី​ដែល​បាន​កើតឡើង នោះ​ទ្រង់​ហៅ​បាវ​បម្រើ​នោះ​មក​ជួប ។ ស្តេច​បាន​រំឭក​បាវ​បម្រើ​របស់​ទ្រង់​ថា ទ្រង់​លែង​ទារ​បំណុល​គាត់​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​បាវ​បម្រើ​របស់​គាត់​ថា គាត់​គួរតែ​អត់ទោស​ឲ្យ​បុរស​ដែល​ជំពាក់​ប្រាក់​គាត់​នោះ​ផងដែរ ។

ម៉ាថាយ ១៨:៣១–៣៣

ព្រះយេស៊ូវ​មាន​បន្ទូល​ជាមួយ​ពេត្រុស​អំពី​ការអត់ទោស ។

យើង​ទាំងអស់គ្នា​ជំពាក់​បំណុល ដែល​យើង​មិន​អាច​បង់សង​វិញ​ដោយ​ខ្លួនឯង​បាន​ទេ ។ ព្រះយេស៊ូវ​បាន​ពន្យល់​ប្រាប់​ពេត្រុស​ថា ព្រះ​អត់ទោស​ឲ្យ​យើង ដូច្នេះ​យើង​គួរតែ​អត់ទោស​ឲ្យ​អ្នកដទៃ​ផងដែរ ។ ហើយ​យើង​មិន​គួរ​បញ្ឈប់​ក្រោយពី​បាន​អត់ទោស​ឲ្យ​ចំនួន​ប្រាំពីរ​ដង​នោះ​ទេ ប៉ុន្តែ​គួរតែ​មាន​ឆន្ទៈ​ក្នុង​ការអត់ទោស​ជានិច្ច ។

ម៉ាថាយ ១៨:២២, ៣៤–៣៥; សូមមើល​ផងដែរ ម៉ាថាយ ៦:១៤; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៩–១០