ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត​មក—ការសន្យា​របស់​ព្រះ​ត្រូវបាន​បំពេញ


លូកា ២; ម៉ាថាយ ២:១–១៥

ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត​មក

ការសន្យា​របស់​ព្រះ​ត្រូវបាន​បំពេញ

យ៉ូសែប និ​ង​ម៉ារា​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ។

យ៉ូសែប និ​ង​ម៉ារា​បាន​រស់នៅ​ស្រុក​ណាសារ៉ែត ។ ម៉ារា​នឹង​មាន​កូន​ក្នុង​ពេល​ឆាប់ៗ​នេះ ។ មនុស្ស​គ្រប់គ្នា​ត្រូវ​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​ដើម្បី​បង់​ពន្ធ ។ ការណ៍​នេះ​មាន​ន័យ​ថា យ៉ូសែប និ​ង​ម៉ារា​ត្រូវ​ទៅ​ស្រុក​បេថ្លេហិម ដែល​ជា​ស្រុក​កំណើត​របស់​យ៉ូសែប ។ ពួកលោក​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ទៅ​ដល់​ទីនោះ ។

លូកា ២:១–៥

ម៉ារា និង​យ៉ូសែប​នៅ​ភូមិ​បេថ្លេហិម ។

ការធ្វើ​ដំណើរ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​សម្រាប់​ម៉ារា ។ ដោយសារ​មនុស្ស​ជាច្រើន​បាន​មក​ភូមិ​បេថ្លេហិម នោះ​ម៉ារា និង​យ៉ូសែប​មិន​មាន​កន្លែង​ដើម្បី​ឲ្យ​ម៉ារា​ប្រសូត​បុត្រ​របស់​នាង​នោះ​ទេ ។

លូកា ២:៦–៧

យ៉ូសែប និ​ង​ម៉ារា​បី​ព្រះឱរស​យេស៊ូវ​ទើប​ប្រសូត​ថ្មី ។

ពួកលោក​រកឃើញ​កន្លែង​មួយ ដែល​ជា​ធម្មតា​គេ​ដាក់​សត្វ​នៅ​ទីនោះ ។ នៅក្នុង​កន្លែង​ដ៏​រាបសា​នេះ ព្រះយេស៊ូវ​បាន​ប្រសូត​មក ។ ម៉ារា និង​យ៉ូសែប​បាន​ស្រឡាញ់ និង​ថែទាំ​ព្រះឱរស​យេស៊ូវ ។ ពួកលោក​បាន​រុំ​ទ្រង់​នឹង​សំពត់ ដើម្បី​ជួយ​ទ្រង់​ឲ្យ​មាន​ភាពកក់ក្តៅ និង​មាន​ផាសុកភាព ។ ពួកលោក​បាន​ដាក់​ទ្រង់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក ដែល​ជាធម្មតា​គេ​ប្រើ​វា​ដើម្បី​ដាក់​ចំណី​ឲ្យ​សត្វ ។

លូកា ២:៦–៧

ទេវតា​មួយ​អង្គ​បង្ហាញ​ព្រះកាយ​ដល់​អ្នកគង្វាល​មួយ​ក្រុម ។

នៅ​ក្បែរ​នោះ ពួក​អ្នកគង្វាល​កំពុង​មើល​ចៀម​របស់​ពួកគេ​នៅពេល​យប់ ។ ភ្លាមៗ​នោះ ពន្លឺ​ដ៏ភ្លឺ​មួយ​បាន​ចែងចាំង​ឡើង​នៅ​ជុំវិញ​ពួកគេ ហើយ​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ ។ ពួក​អ្នកគង្វាល​បាន​ភ័យខ្លាច ។

ទេវតា​មាន​បន្ទូល​ប្រាប់​ពួក​អ្នកគង្វាល​ថា ព្រះយេស៊ូវ​ទើបតែ​បាន​ប្រសូត ។

ទេវតា​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា កុំឲ្យ​ខ្លាច​អី ព្រោះ​ទ្រង់​មាន​ដំណឹង​ដ៏អស្ចារ្យ ! ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ហើយ​ពួកគេ​អាច​រកឃើញ​ទ្រង់​កំពុង​ផ្ទំ​នៅក្នុង​ស្នូក ។ បន្ទាប់​មក ពួក​ទេវតា​កាន់តែ​ច្រើន​បាន​យាង​មក ហើយ​មាន​បន្ទូល​ថា « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជាទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ។

លូកា ២:១០–១៥

ពួក​អ្នកគង្វាល​ស្វាគមន៍​ព្រះឱរស​យេស៊ូវ ។

ពួក​អ្នកគង្វាល​បាន​ប្រញាប់​ប្រញាល់​ទៅ​ភូមិ​បេថ្លេហិម ហើយ​បាន​រកឃើញ​ព្រះឱរស​យេស៊ូវ គឺ​ដូចជា​ទេវតា​បាន​មាន​បន្ទូល​អ៊ីចឹង ។ ពួកគេ​បាន​ប្រាប់​មនុស្ស​អំពី​រឿង​ដ៏អស្ចារ្យ​ដែល​ពួកគេ​បាន​ឃើញ និង​ឮ​នេះ ។ ពួកគេ​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺជា​កុមារ​ដ៏​ពិសេស​ម្នាក់ ។

លូកា ២:១៦–១៧

ស៊ីម្មាន បី​ព្រះឱរស​យេស៊ូវ ។

ម៉ារា និង​យ៉ូសែប​បាន​យក​ព្រះឱរស​យេស៊ូវ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​បង្ហាញ​ទ្រង់​ដល់​ព្រះ ។ នៅ​ទីនោះ ពួកលោក​បាន​ជួប​នឹង​បុរស​ម្នាក់​ឈ្មោះ ស៊ីម្មាន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ប្រាប់​ស៊ីម្មាន​ថា លោក​បាន​ជួប​ព្រះអង្គ​សង្គ្រោះ មុនពេល​លោក​ស្លាប់ ។ លោក​បាន​បី​ព្រះឱរស ហើយ​បាន​និយាយ​ថា ព្រះយេស៊ូវ​នឹង​សង្គ្រោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។ យ៉ូសែប និង​ម៉ារា​មាន​ការភ្ញាក់ផ្អើល​នឹង​អ្វី​ដែល​លោក​បាន​និយាយ ។

លូកា ២:២២–៣៥

អាណ​ជួប​ព្រះឱរស​យេស៊ូវ ។

នៅឯ​ព្រះវិហារ​បរិសុទ្ធ មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​ថា អាណ ។ ស្វាមី​របស់​នាង​បាន​ស្លាប់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ។ ឥឡូវ​នេះ អាណ​ចំណាយ​ពេលវេលា​ទាំងអស់​របស់​នាង​ថ្វាយបង្គំ​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នាង​បាន​អរព្រះគុណ​ព្រះ​សម្រាប់​ឱកាស​បាន​ជួប​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​ណា​ដែល​នាង​បាន​ជួប​នរណា​ម្នាក់ ដែល​កំពុង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ នាង​បាន​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូវ ។

លូកា ២:៣៦–៣៨

ពួកហោរ​មើលឃើញ​ផ្កាយ​ថ្មី​មួយ​រះ​នៅលើ​មេឃ ។

កាល​ព្រះយេស៊ូវ​បាន​ប្រសូត ពួកហោរា​នៅ​ស្រុក​មួយ​ទៀត​បាន​ឃើញ​ផ្កាយ​ថ្មី​មួយ ។ ពួកលោក​បាន​ដឹង​ថា វា​មាន​ន័យ​ថា បុត្រ​ពិសេស​មួយ​អង្គ​បាន​ប្រសូត​មក ដែល​នឹង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ពួកលោក​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​ដើម្បី​ទៅ​ជួប​បុត្រា​នេះ និង​ថ្វាយបង្គំ​ទ្រង់ ។ ពួកលោក​ចង់​យក​អំណោយ​ថ្វាយ​ទ្រង់ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកលោក​ចំពោះ​ទ្រង់ ។

ម៉ាថាយ ២:១–៧; សូមមើល Joseph Smith Translation នៅក្នុង​លេខយោង 2a ។

ពួកហោរ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅ​ក្រុង​យេរូសាឡិម ។

បន្ទាប់ពី​ធ្វើ​ដំណើរ​អស់​រយៈពេល​ជា​យូរមក ពួកហោរ​បាន​មក​ដល់​ក្រុង​យេរូសាឡិម ។ ពួកលោក​បាន​ថ្លែង​ថា ស្តេច​ថ្មី​នៃ​ពួកសាសន៍​យូដា ដែល​ជា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត​មក​ហើយ ហើយ​ពួកលោក​មក​ថ្វាយបង្គំ​ទ្រង់ ។ ពួកលោក​បាន​សួរ​ថា តើ​ពួកលោក​អាច​រកឃើញ​ស្តេច​ថ្មី​នេះ​នៅ​ឯណា​ទៅ ។

ម៉ាថាយ ២:១–២

ស្តេច​ហេរ៉ូឌ​បង្គាប់​ពួកសង្គ្រាជ​របស់​ទ្រង់​ឲ្យ​ស្វែងរក​ស្ដេច​ថ្មី​នេះ ។

ស្តេច​មួយ​អង្គ ដែល​មាន​ព្រះនាម​ថា​ហេរ៉ូឌ បាន​ឮ​ដំណឹង​ថា ពួកហោរ​បាន​ដើរ​ស្វែងរក​ស្ដេច​ថ្មី​នេះ ។ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ។ ពួកសង្គ្រាជ និង​ពួកអាចារ្យ​របស់​ទ្រង់​បាន​ទូល​ប្រាប់​ទ្រង់​ថា ព្រះគម្ពីរ​ចែង​ថា ស្ដេច​ថ្មី​នឹង​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ។ ស្តេច​ហេរ៉ូឌ​បាន​បង្គាប់​ពួកហោរ​ឲ្យ​រកមើល​នៅក្នុង​ភូមិ​បេថ្លេហិម រួច​ហើយ​ត្រឡប់​មក​វិញ ហើយ​ទូល​ប្រាប់​ទ្រង់ នៅពេល​ដែល​ពួកគេ​បាន​រកឃើញ​ស្តេច​ថ្មី​នេះ ។

ម៉ាថាយ ២:៣–៨

ពួកហោរ​កំពុង​ថ្វាយបង្គំ​ព្រះឱរស​យេស៊ូវ ។

ពួកហោរ​បាន​មក​ដល់​ភូមិ​បេថ្លេហិម ។ ពួកលោក​បាន​ដើរតាម​ផ្កាយ​នោះ ដែល​បាន​នាំ​ពួកលោក​ទៅរក​ព្រះយេស៊ូវ ។ នៅពេល​ពួកលោក​បាន​រកឃើញ​ទ្រង់ និង​ម៉ារា និង​យ៉ូសែប នោះ​ពួកលោក​បាន​ថ្វាយ​អំណោយ​ពិសេស​បី​ដល់​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយបង្គំ​ទ្រង់ ។ ព្រះ​បាន​ព្រមាន​ពួកលោក​មិន​ឲ្យ​ត្រឡប់​ទៅរក​ស្ដេច​ហេរ៉ូឌ​វិញ​ទេ ដូច្នេះ​ពួកលោក​បាន​ទៅ​ផ្ទះ​វិញ​តាម​ផ្លូវ​ផ្សេង ។

ម៉ាថាយ ២:៩–១២

ទេវតា​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា លោក​ត្រូវ​នាំ​គ្រួសារ​របស់​លោក​ទៅ​ស្រុក​អេសីព្ទ ។

បន្ទាប់ពី​ពួកហោរ​បាន​ចាកចេញ​ទៅ យ៉ូសែប​​បាន​មាន​សុបិន​មួយ ។ នៅក្នុង​សុបិន​នោះ ទេវតា​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា ស្ដេច​ហេរ៉ូឌ​ទ្រង់​ខ្ញាល់ ។ យ៉ូសែប​ត្រូវ​នាំ​ម៉ារា និង​ព្រះយេស៊ូវ​ទៅ​ស្រុក​អេសីព្ទ ដើម្បី​មាន​សុវត្ថិភាព​ដល់​ពួកគេ ។

ម៉ាថាយ ២:១៣

យ៉ូសែប ម៉ារា និង​ព្រះយេស៊ូវ​កំពុង​ភៀសខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ ។

យ៉ូសែប​បាន​ក្រោកឡើង​ភ្លាមៗ ។ លោក​បាន​ចាកចេញ​ទៅ​ស្រុក​អេស៊ីព្ទ​ជាមួយ​ម៉ារា និង​ព្រះយេស៊ូវ ខណៈ​ដែល​វា​នៅ​យប់​នៅឡើយ ។

ម៉ាថាយ ២:១៤

យ៉ូសែប ម៉ារា និង​ព្រះយេស៊ូវ​នៅ​ផ្ទះ ។

ម៉ារា យ៉ូសែប និង​ព្រះយេស៊ូវ​បាន​នៅ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទេវតា​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ស្តេច​ហេរ៉ូឌ​បាន​សុគត​ហើយ ហើយ​វា​មាន​សុវត្ថិភាព​ដើម្បី​ត្រឡប់​ទៅ​វិញ ។ ក្រោយ​មក ពួកលោក​បាន​ត្រឡប់​ទៅ​រស់នៅ​នៅ​ស្រុក​ណាសារ៉ែត​វិញ ។

ម៉ាថាយ ២:១៥, ១៩–២៣