ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​នៅឯ​ស្រះ​បេថែសដា—ព្យាបាល​បុរស​ម្នាក់​ដែល​ឈឺ​ជា​យូរ​មក​ហើយ


យ៉ូហាន ៥:១–១៧

ព្រះយេស៊ូវ​នៅឯ​ស្រះ​បេថែសដា

ព្យាបាល​បុរស​ម្នាក់​ដែល​ឈឺ​ជា​យូរ​មក​ហើយ

មនុស្ស​ប្រមូលផ្ដុំ​គ្នា​នៅឯ​ស្រះ​បេថែសដា ។

នៅ​ក្រុង​យេរូសាឡិម មាន​កន្លែង​មួយ​ដែល​គេ​ហៅ​ថា ស្រះ​បេថែសដា ។ មនុស្ស​ជឿ​ថា ស្រះ​នេះ​មាន​អំណាច​ព្យាបាល ។ មនុស្ស​ជាច្រើន​ដែល​ឈឺ ពិការ​ភ្នែក ឬ​មិន​អាច​ដើរ​បាន បាន​មក​ស្រះ​នេះ ។

យ៉ូហាន ៥:២–៣

មនុស្ស​ដើរ​ចូល​ទៅក្នុង​ទឹក​ដើម្បី​បាន​ជា​សះស្បើយ ។

មនុស្ស​បាន​ជឿ​ថា នៅ​ជួនណា មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ ។ មនុស្ស​ដំបូង​គេ​ដែល​ចុះ​ទៅក្នុង​ទឹក​មុន​គេ បន្ទាប់ពី​វា​បាន​កូរ​ហើយ នឹង​បាន​ជា​សះស្បើយ​ពី​ជំងឺ​នានា​ដែល​ពួកគេ​បាន​មាន ។ មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចុះ​ទៅក្នុង​ស្រះ​នោះ​មុន​គេ ។

យ៉ូហាន ៥:៤

បុរស​ម្នាក់​ដែល​ឈឺ​កំពុង​ដេក​នៅក្បែរ​ស្រះ​នេះ ។

មនុស្ស​ម្នាក់​នៅ​ស្រះ​ទឹក​នោះ គឺជា​បុរស​ម្នាក់​ដែល​មិន​អាច​ដើរ​បាន ។ គាត់​បាន​ឈឺ​អស់​រយៈពេល​៣៨​ឆ្នាំ​មក​ហើយ ។ គាត់​ចង់​ចូល​ទៅក្នុង​ស្រះ​នេះ​ដើម្បី​បាន​ជា​សះស្បើយ ប៉ុន្ដែ​នៅពេល​ណា​ដែល​គាត់​ព្យាយាម​ចូល នោះ​មាន​អ្នកផ្សេងទៀត​ចុះ​ទៅ​បាន​មុន​គាត់ ។

យ៉ូហាន ៥:៥–៧

ព្រះយេស៊ូវ​សម្គាល់​ឃើញ​បុរស​ដែល​ឈឺ​នេះ ។

នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ ព្រះយេស៊ូវ​បាន​ទៅ​ក្រុង​យេរូសាឡិម ។ កាល​ទ្រង់​យាង​កាត់​ទីក្រុង​នេះ ទ្រង់​បាន​យាង​មក​ស្រះ​បេថែសដា ហើយ​បាន​ឃើញ​បុរស​ម្នាក់​ដេក​នៅ​ទីនោះ ។

យ៉ូហាន ៥:៦

ព្រះយេស៊ូវ​បាន​សួរ​បុរស​នោះ​ថា តើ​គាត់​ចង់​ជា​សះស្បើយ​ដែរ​ឬទេ ។

ព្រះយេស៊ូវ​បាន​ជ្រាប​ថា បុរស​នោះ​បាន​ឈឺ​ជា​យូរ​មក​ហើយ ហើយ​មិន​អាច​ដើរ​បាន​ទេ ។ ព្រះយេស៊ូវ​បាន​សួរ​បុរស​នោះ​ថា តើ​គាត់​ចង់​ជា​សះស្បើយ​ដែរ​ឬទេ ។

យ៉ូហាន ៥:៦

បុរស​នោះ​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា គ្មាន​នរណា​ជួយ​គាត់​ទេ ។

បុរស​នោះ​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា គ្មាន​នរណា​ជួយ​គាត់​ឲ្យ​ចុះ​ទៅក្នុង​ស្រះ​ទេ ហើយ​នៅពេល​ទឹក​កូរ​ហើយ អ្នកដទៃ​ទៀត​ចុះ​ទៅមុន​គាត់​រហូត ។

យ៉ូហាន ៥:៧

ព្រះយេស៊ូវ​ព្យាបាល​បុរស​នោះ ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅកាន់​បុរស​នេះ​ថា « ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ » ។ ភ្លាមៗ​នោះ បុរស​នោះ​បាន​ជា​សះស្បើយ ! បន្ទាប់​មក គាត់​បាន​ក្រោកឈរ​ឡើង ហើយ​បាន​យក​គ្រែ​របស់​គាត់​ទៅ ។ ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣៨​ឆ្នាំ គាត់​អាច​ដើរ​បាន !

យ៉ូហាន ៥:៨–៩

អ្នកដឹកនាំ​សួរ​បុរស​នេះ​ថា ហេតុអ្វី​បានជា​គាត់​ធ្វើការ​នៅ​ថ្ងៃ​ឈប់​សម្រាក ។

អ្នកដឹកនាំ​សាសន៍​យូដា​ឃើញ​បុរស​នេះ​លី​គ្រែ​របស់​គាត់ ។ ពួកគេ​បាន​និយាយ​ថា គាត់​មិន​បាន​គោរព​ថ្ងៃ​ឈប់​សម្រាក​ទេ ព្រោះ​ពួកគេ​គិត​ថា ការលី​គ្រែ​របស់​គាត់​គឺ​ដូចជា​ការធ្វើការ​ដែរ ។ បុរស​នោះ​បាន​ពន្យល់​ថា គាត់​ទើបតែ​បាន​ជា​សះស្បើយ ហើយ​បុរស​ដែល​បាន​ព្យាបាល​គាត់ បាន​ប្រាប់​គាត់​ឲ្យ​យក​គ្រែ​របស់​គាត់​ទៅ ។

យ៉ូហាន ៥:១០–១១

អ្នកដឹកនាំ​មិន​សប្បាយ​ចិត្ត​នឹង​ព្រះយេស៊ូវ ដែល​បាន​ព្យាបាល​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ ។

អ្នកដឹកនាំ​បាន​រកឃើញ​ថា គឺ​ព្រះយេស៊ូវ​ដែល​បាន​ព្យាបាល​បុរស​នោះ និង​បាន​ប្រាប់​គាត់​ឲ្យ​លី​គ្រែ​របស់​គាត់​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ពួកគេ​ខឹង​សម្បា​នឹង​ព្រះយេស៊ូវ ហើយ​ចង់​សម្លាប់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ទ្រង់​កំពុង​ធ្វើ​អ្វីៗ​ដែល​ព្រះវរបិតា​របស់​ទ្រង់​ដែល​គង់​នៅ​ស្ថានសួគ៌ បាន​បង្រៀន​ទ្រង់​ឲ្យ​ធ្វើ​តែ​ប៉ុណ្ណោះ ។

យ៉ូហាន ៥:១៥–១៧