ម៉ាថាយ ១០; លូកា ៥:១–១១; ៦:១២–១៦
ព្រះយេស៊ូវជ្រើសរើសសាវករបស់ទ្រង់
ការអញ្ជើញឲ្យធ្វើជា « អ្នកនេសាទមនុស្ស »
ថ្ងៃមួយ មនុស្សបានមកសមុទ្រកាលីឡេដើម្បីស្តាប់ព្រះយេស៊ូវបង្រៀន ។ ព្រះយេស៊ូវបានបង្រៀនពួកគេពីលើទូក ខណៈដែលពួកគេស្តាប់ពីឆ្នេរសមុទ្រមក ។ ទូកនេះជាកម្មសិទ្ធិរបស់អ្នកនេសាទម្នាក់ឈ្មោះ ស៊ីម៉ូន ។
លូកា ៥:១–៣
នៅពេលព្រះយេស៊ូវបានបញ្ចប់ការបង្រៀនហើយ ទ្រង់បានសុំឲ្យស៊ីម៉ូនចេញទូកទៅផ្នែកដ៏ជ្រៅនៃសមុទ្រ ។ ទ្រង់មានបន្ទូលប្រាប់ស៊ីម៉ូនឲ្យទម្លាក់សំណាញ់របស់លោកទៅក្នុងទឹក ដើម្បីបង់សំណាញ់ត្រីខ្លះៗ ។ ស៊ីម៉ូនបាននិយាយថា លោកបាននេសាទពេញមួយយប់ហើយ ហើយចាប់មិនបានត្រីសោះ ។ ប៉ុន្តែដោយសារព្រះយេស៊ូវបានសុំលោកឲ្យទម្លាក់សំណាញ់ នោះលោកនឹងព្យាយាមម្តងទៀត ។
លូកា ៥:៤–៥
ស៊ីម៉ូនបង់បានត្រីច្រើនណាស់ រហូតដល់សំណាញ់របស់លោកធ្លាយ ! លោកបានហៅមិត្តភក្តិរបស់លោកនៅទូកមួយទៀតឲ្យមកជួយលោក ។ មិនយូរប៉ុន្មាន ទូកបានពេញទៅដោយត្រី ទូករបស់ពួកលោកសឹងតែលិចចូលទឹក ។ ស៊ីម៉ូន និងមិត្តភក្តិរបស់លោកមានការអស្ចារ្យក្នុងចិត្ត !
លូកា ៥:៦–៧, ៩
ស៊ីម៉ូនបានលុតជង្គង់ចុះចំពោះព្រះភ័ក្ដ្រព្រះយេស៊ូវ ។ លោកបាននិយាយថា « ព្រះអម្ចាស់អើយ ទូលបង្គំជាមនុស្សមានបាប » ។ លោកដឹងថា ព្រះយេស៊ូវត្រូវបានបញ្ជូនមកពីព្រះ ។ ព្រះយេស៊ូវបានមានបន្ទូលទៅលោកថា កុំខ្លាចអី ។
លូកា ៥:៨
ព្រះយេស៊ូវបានអញ្ជើញស៊ីម៉ូន បងប្រុសរបស់លោកឈ្មោះ អនទ្រេ និងមិត្តភក្ដិរបស់លោកឈ្មោះ យ៉ាកុប និងយ៉ូហាន ឲ្យដើរតាមទ្រង់ ។ ជំនួសឲ្យការនេសាទត្រី ពួកលោកនឹងជួយមនុស្សឲ្យមករកព្រះយេស៊ូវ ។
ម៉ាកុស ១:១៦–១៧; លូកា ៥:១០–១១
ស៊ីម៉ូន យ៉ាកុប និងយ៉ូហានបានទុកទូកនេសាទរបស់ពួកលោកចោល ហើយបានក្លាយជាពួកសាវករបស់ព្រះយេស៊ូវ ។ ក្រោយមក ព្រះយេស៊ូវបានដាក់ឈ្មោះថ្មីឲ្យស៊ីម៉ូនថា ពេត្រុស ។ សាវកគឺជាសាក្សីពិសេសមួយរូបរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវបានហៅបុរសចំនួន១២នាក់ ឲ្យធ្វើជាសាវករបស់ទ្រង់ ។ ទ្រង់បានអធិស្ឋានដើម្បីដឹងថា តើទ្រង់គួរតែហៅអ្នកណា ។ ទ្រង់បានប្រទានសិទ្ធិអំណាចបព្វជិតភាពដល់ពួកសាវករបស់ទ្រង់ ដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់ ។
ម៉ាថាយ ១០; លូកា ៦:១២–១៦; ៩:១–២
ដោយសារពួកសាវកមានព្រះចេស្ដារបស់ព្រះ នោះពួកលោកក៏អាចព្យាបាលមនុស្សដែលឈឺឲ្យជាសះស្បើយ ប្រោសមនុស្សឲ្យមានជីវិតរស់ឡើងវិញបន្ទាប់ពីពួកគេបានស្លាប់ និងធ្វើអព្ភូតហេតុផ្សេងៗទៀតផងដែរ ។
ម៉ាថាយ ១០:៨
ព្រះយេស៊ូវបានបញ្ជូនពួកសាវករបស់ទ្រង់ឲ្យទៅកាន់ទីក្រុងជាច្រើន ដើម្បីបង្រៀនប្រជាជនពីដំណឹងល្អរបស់ទ្រង់ ។ ទ្រង់មានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយពួកលោកឲ្យដឹងពីអ្វីដែលត្រូវនិយាយ ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា មនុស្សមួយចំនួននឹងមិនចូលចិត្តអ្វីដែលពួកលោកបង្រៀននោះទេ ប៉ុន្ដែដរាបណាពួកលោកបម្រើដោយស្មោះត្រង់ នោះព្រះនឹងគង់នៅជាមួយពួកគេ ។
ម៉ាថាយ ១០:៥–៧, ១៩–២២