« ការផ្អាកដំណើរការ » នៅហ្គាណា ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« ការផ្អាកដំណើរការ » នៅហ្គាណា ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែមិថុនា ឆ្នាំ១៩៨៩–ខែវិច្ឆិកា ឆ្នាំ១៩៩០
« ការផ្អាកដំណើរការ » នៅហ្គាណា
ការរក្សាភាពស្មោះត្រង់ខណៈពេលដែលពួកបរិសុទ្ធមិនអាចប្រមូលផ្តុំគ្នាបាន
អាលីស ចនសុន គឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ដែលបម្រើនៅក្នុងប្រទេសកំណើតរបស់នាង ប្រទេសហ្គាណា ។ នាងចូលចិត្តចែកចាយទីបន្ទាល់របស់នាងអំពីព្រះយេស៊ូវគ្រីស្ទ និងជួយសាសនាចក្ររីកចម្រើន ។
ពួកបរិសុទ្ធ, ៤:៤១៦–៤១៧
ថ្ងៃមួយ អាលីស ទទួលបានដំណឹងមិនសប្បាយចិត្តមួយចំនួន ។ រដ្ឋាភិបាលនៅប្រទេសហ្គាណាបាននិយាយថា នឹងមិនឲ្យមានការប្រជុំរបស់សាសនាចក្រទៀតទេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាមិនអាចបង្រៀនបានតទៅទៀតទេ ។
ពួកបរិសុទ្ធ, ៤:៤១៧
មន្ត្រីប៉ូលីសបានបណ្តេញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យចាកចេញពីផ្ទះល្វែងរបស់ពួកគេ ហើយបានយកកង់របស់ពួកគេទៀតផង ។ សមាជិកមួយចំនួននៃសាសនាចក្រត្រូវបានចាប់ដាក់ពន្ធនាគារ ។ ទាហានបានចាក់សោអគារសាសនាចក្រ ហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលឡើយ ។ មនុស្សម្នាបានហៅការណ៍នេះថា « ការផ្អាកដំណើរការ » ។
ពួកបរិសុទ្ធ, ៤:៤១៧–៤១៨
ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវត្រឡប់ទៅផ្ទះវិញ ។ អាលីស បានទៅរស់នៅជាមួយមិត្តភក្តិម្នាក់នៅទីក្រុងមួយផ្សេងទៀត ។ នាងបារម្ភថា នាងនឹងមិនអាចបញ្ចប់បេសកកម្មរបស់នាងបានទេ ។
ពួកបរិសុទ្ធ, ៤:៤១៨
ពួកបរិសុទ្ធនៅក្នុងហ្គាណាមានភាពច្របូកច្របល់ សោកស្តាយ និងភ័យខ្លាច ។ ពួកគេឆ្ងល់ថា តើពួកគេបានធ្វើអ្វីខុស ? តើពួកគេនឹងអាចទៅព្រះវិហារម្តងទៀតដែរឬទេ ?
ពួកបរិសុទ្ធ, ៤:៤១៨
ទោះបីជាពួកគេមិនអាចប្រមូលផ្តុំគ្នាជាមួយវួដរបស់ពួកគេក្តី ក៏ពួកបរិសុទ្ធនៅតែស្រឡាញ់ព្រះអម្ចាស់ ហើយចង់ថ្វាយបង្គំទ្រង់ដែរ ។ ពួកគេមានការប្រជុំសាក្រាម៉ង់នៅក្នុងផ្ទះរបស់ពួកគេ ។ សមាជិកគ្រួសារដែលមានបព្វជិតភាព បានប្រទានពរដល់នំបុ័ង និងទឹក ហើយបានចែកវាទៅឲ្យគ្រួសារទាំងមូល ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣២, ពួកបរិសុទ្ធ, ៤:៤១៩
ពីមួយខែទៅមួយខែ ការផ្អាកដំណើរការនៅតែបន្ត ។ ពួកបរិសុទ្ធបានច្រៀងទំនុកតម្កើង និងបង្រៀនគ្នាទៅវិញទៅមកអំពីដំណឹងល្អនៅក្នុងផ្ទះរបស់ពួកគេ ។ ពួកគេបានទៅសួរសុខទុក្ខគ្នាដើម្បីជួយរក្សាសេចក្តីជំនឿរបស់ពួកគេឲ្យរឹងមាំ ។ ពួកគេបានទុកដង្វាយមួយភាគក្នុងដប់របស់ពួកគេមួយឡែក ដើម្បីបង់នៅពេលដែលពួកគេអាចត្រឡប់ទៅព្រះវិហារវិញ ។ ពួកគេបានអធិស្ឋាន និងតមអាហារឲ្យការផ្អាកដំណើរការនឹងបញ្ចប់ ។
ពួកបរិសុទ្ធ, ៤:៤៣៦–៤៣៧
នៅទីបំផុត បន្ទាប់ពី១៨ខែ រដ្ឋាភិបាលបានសម្រេចចិត្តថា សាសនាចក្រអាចបើកការប្រជុំម្តងទៀតបាន ។ ប្រធានបេសកកម្មថ្មីបានស្នើសុំនិយាយជាមួយ អាលីស ដែលឥឡូវនេះជានិស្សិតម្នាក់នៅក្នុងមហាវិទ្យាល័យ ។ លោកបានសួរថា « តើប្អូនចង់ត្រឡប់មកវិញ ហើយបម្រើបេសកកម្មបន្ទាប់ពីរៀនចប់ទេ ? » ។ នាងបាននិយាយថា « អត់ទេ » ។ « ខ្ញុំចង់បម្រើឥឡូវនេះ ! »
ពួកបរិសុទ្ធ, ៤:៤៣៧–៤៣៩
អាលីស និងពួកបរិសុទ្ធផ្សេងទៀតសប្បាយចិត្តណាស់ដែលពួកគេអាចទៅព្រះវិហារម្តងទៀត ! នៅថ្ងៃអាទិត្យដំបូងបន្ទាប់ពីការផ្អាកដំណើរការ ការប្រជុំសាក្រាម៉ង់មានរយៈពេលពីរម៉ោង ព្រោះមនុស្សជាច្រើនចង់ថ្លែងទីបន្ទាល់របស់ពួកគេ ។ ពួកគេបានប្រាប់គ្នាទៅវិញទៅមកពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេ និងបានជួយពួកគេរក្សាសេចក្តីជំនឿរបស់ពួកគេឲ្យរឹងមាំ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៥, ពួកបរិសុទ្ធ, ៤:៤៣៨