ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រួសារ ចាកសុន


« គ្រួសារ ចាកសុន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« គ្រួសារ ចាកសុន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែឧសភា–ខែវិច្ឆិកា ឆ្នាំ១៨៥៦

4:1

គ្រួសារ ចាកសុន

ដំណើរ​នៃ​សេចក្តីជំនឿ និង​ការជួយ​សង្គ្រោះ

គ្រួសារ ចាកសុន ជិះ​កប៉ាល់​នៅ​ទីក្រុង​លីវើភូល ប្រទេស​អង់គ្លេស ។

បន្ទាប់ពី​ក្រុម​ដំបូង​នៃ​ពួកបរិសុទ្ធ​បាន​ទៅដល់​ជ្រលងភ្នំ សលត៍ លេក ពួកបរិសុទ្ធ​រាប់ពាន់នាក់​ផ្សេងទៀត​ក៏បាន​ធ្វើដំណើរ​ទៅ​ផងដែរ ។ ពួកគេ​បាន​ធ្វើដំណើរ​ដ៏​សែនឆ្ងាយ ហើយ​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ ។ គ្រួសារ​មួយ​ដែល​បាន​ធ្វើដំណើរ​មក​គឺ​គ្រួសារ ចាកសុន ។ ពួកគេ​បាន​ចាកចេញ​ពីផ្ទះ​របស់ពួកគេ​នៅ​ប្រទេស​អង់គ្លេស ហើយ​មាន​សេចក្តី​រំភើប​ក្នុង​ការ​ទៅ​ជួយ​ពួកបរិសុទ្ធ​កសាង​ក្រុង​ស៊ីយ៉ូន ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៦:១–១១, ពួកបរិសុទ្ធ, ២:២២២–២២៣

គ្រួសារ ចាកសុន ធ្វើ​ដំណើរ​តាម​កប៉ាល់ 

គ្រួសារ ចាកសុន បាន​ឆ្លង​មហាសមុទ្រ​នៅលើ​កប៉ាល់​មួយ ។ បន្ទាប់មក ពួកគេ​បាន​ជិះ​រថភ្លើង​បន្ត​ដំណើរ​ទៅកាន់​ជ្រលងភ្នំ សលត៍ លេក ។ ពួកគេ​នឹង​ត្រូវ​ដើរ​ដោយ​ថ្មើរជើង​បន្ទាប់ពី​នោះ ។

ពួកបរិសុទ្ធ, ២:២២២–២២៣

គ្រួសារ ចាកសុន រើអីវ៉ាន់​ដាក់លើ​រទេះអូស​របស់​ពួកគេ 

ពួកគេ​បាន​ធ្វើ​រទេះ​អូស​តូចមួយ​ដើម្បី​ដឹក​ស្បៀង​អាហារ សម្លៀកបំពាក់ និង​របស់របរ​ផ្សេងទៀត​ដែល​ពួកគេ​ចង់​យកទៅ​ជាមួយ ។ ពួកបរិសុទ្ធ​ជាច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ទៅ​ដល់​ជ្រលងភ្នំ​តាម​វិធី​នេះ ។

ពួកបរិសុទ្ធ, ២:២២៣–២២៦

គ្រួសារ ចាកសុន ធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច​ជាមួយនឹង​រទេះ​អូស​របស់ពួកគេ ។

អេលីស្សាប៊ែត និង អើរ៉ុន ចាកសុន បាន​ទាញ​រទេះ​អូស​ដ៏ធ្ងន់​របស់ពួកគេ ។ កូនៗ​របស់ពួកគេ ម៉ាថា ម៉ារី និង អើរ៉ុន ជុញ្ញ័រ បានដើរ​ពីក្រោយ ។ ការធ្វើ​ដំណើរ​នេះ​លំបាក​ណាស់ ។ ពួកគេ​សង្ឃឹមថា​នឹង​ទៅដល់​ជ្រលងភ្នំ​មុន​រដូវរងា ។ ប៉ុន្តែ​នៅពេល​ដែល​រដូវ​ស្លឹកឈើ​ជ្រុះ​មកដល់ ពួកគេ​នៅតែ​បន្តដំណើរ​ដ៏​វែងឆ្ងាយ​ទៀត ។ អាកាសធាតុ​ចាប់ផ្តើម​ត្រជាក់ ហើយ​ពួកគេ​កំពុង​តែជិតអស់​ស្បៀង​អាហារ ។

ពួកបរិសុទ្ធ, ២:២២៣–២២៦, ២២៩, ២៣១–២៣២

ព្រិកហាំ យ៉ង់ សូម​ពួកបរិសុទ្ធ​នៅ សលត៍ លេក ឲ្យ​ជួយ​ពួកបរិសុទ្ធ​ដែល​ធ្វើដំណើរ​ទៅ​ទិស​ខាងលិច 

នៅ​ទីក្រុង សលត៍ លេក ព្រិកហាំ យ៉ង់ បាន​ដឹង​អំពី​ពួកបរិសុទ្ធ​ដែល​នឹង​មកដល់​ជ្រលងភ្នំ ។ គាត់​បាន​ព្រួយបារម្ភ​អំពី​ពួកគេ ។ ថ្ងៃបន្ទាប់​នៅឯ​ព្រះវិហារ លោក​បាន​ប្រាប់​អ្នករាល់គ្នា​ថា ពួកបរិសុទ្ធ​ទាំងនេះ​បាន​ជួប​បញ្ហា ។ លោក​បាន​ស្នើឲ្យ​ពួកគេ​ដឹក​របស់របរ​តាម​រទេះ​ដើម្បីនឹង​ផ្គត់ផ្គង់​ពួកបរិសុទ្ធ​ដែល​ត្រូវការ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ចូរ​ទៅ ហើយ​នាំ​មនុស្ស​ទាំងនោះ​មក » ។

ពួកបរិសុទ្ធ, ២:២២៩–២៣០

ពួកបរិសុទ្ធ​នៅ សលត៍ លេក ប្រមូល​របស់របរ​ដើម្បី​ជួយ​ពួកបរិសុទ្ធ​ដែល​ធ្វើដំណើរ​ទៅ​ទិស​ខាងលិច ។

ពួកស្ត្រី​នៅក្នុង​ការប្រជុំ​បាន​ដោះ​ស្រោមជើង​របស់ពួកគេ ហើយ​ដាក់វា​នៅក្នុង​រទេះ ។ អ្នកផ្សេងទៀត​បាន​ផ្តល់​អាហារ ភួយ ស្បែកជើង និង​សម្លៀកបំពាក់​របស់ពួកគេ ។ ពីរថ្ងៃក្រោយ​មក បុរស​ជាង ៥០ នាក់ និង​រទេះ​ចំនួន ២០ បាន​ចាកចេញពី​ជ្រលងភ្នំ​ដើម្បី​ទៅ​ជួយ ។

ពួកបរិសុទ្ធ, ២:២៣០

អើរ៉ុន ចាកសុន និង​ពួកបរិសុទ្ធ​ផ្សេងទៀត​កំពុងឆ្លង​ទន្លេ ផ្លេត​ខាងជើង 

ខណៈ​ដែល​គ្រួសារ ចាកសុន បន្ត​ធ្វើដំណើរ នោះ​ព្រិល​បាន​ចាប់ផ្តើម​ធ្លាក់ចុះ ។ អើរ៉ុន​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ។ លោក​ពិបាក​​ក្នុងការធ្វើដំណើរ ។ ពួកបរិសុទ្ធ​ត្រូវ​ឆ្លង​ទន្លេ​ដ៏ត្រជាក់​នេះ ហើយ​ការណ៍នេះ​បាន​ធ្វើឲ្យ​អើរ៉ុន​កាន់តែ​ចុះខ្សោយ ។ យប់​នោះ អើរ៉ុន​បាន​ទទួល​មរណភាព ។ គួរឲ្យ​សោកស្តាយ គ្រួសារ​របស់គាត់​នឹង​ត្រូវ​បន្ត​ដំណើរ​ដោយ​គ្មាន​រូបគាត់ ។

ពួកបរិសុទ្ធ, ២:២៣២–២៣៤

គ្រួសារ ចាកសុន និង​ពួកបរិសុទ្ធ​ផ្សេងទៀត​អូស​រទេះ​របស់​ពួកគេ​នៅក្នុង​ព្រិល 

ព្រឹកថ្ងៃបន្ទាប់ មាន​ព្រិល​ជាច្រើន​ធ្លាក់នៅលើដី ។ គ្រួសារ ចាកសុន និង​ពួកបរិសុទ្ធ​ផ្សេងទៀត​បាន​រុញ និង​អូស​រទេះ​របស់ពួកគេ​កាត់​ព្រិល ។ ពួកគេ​បាន​អធិស្ឋាន​ជារៀងរាល់ថ្ងៃ ថា​ព្រះ​នឹង​ជួយ​ពួកគេ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៦:២៩, ពួកបរិសុទ្ធ, ២:២៣៤–២៣៥

អេលីស្សាប៊ែត ចាកសុន សុបិន​ឃើញ​ស្វាមី​របស់​នាង 

យប់មួយ អេលីស្សាប៊ែត កំពុង​ព្រួយបារម្ភ​អំពី​កូនៗ​របស់នាង ។ ពួកគេ​ឃ្លាន និង​រងា ។ តើ​ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ជ្រលងភ្នំ សលត៍ លេក ដែរឬទេ ? នាង​គេងលក់​ហើយ​សុបិនថា នាង​បាន​ឃើញ​អើរ៉ុន ។ គាត់​បាន​និយាយថា « រីករាយ​ឡើង អេលីស្សាប៊ែត » ។ គាត់​បាន​ប្រាប់​នាងថា ជំនួយ​នឹង​មកដល់ ។

ពួកបរិសុទ្ធ, ២:២៣៥–២៣៦

មនុស្ស​កំពុង​មកដល់​ដើម្បី​ជួយ​ពួកបរិសុទ្ធ 

អើរ៉ុន​និយាយ​ត្រូវ ។ មិនយូរ​ប៉ុន្មាន ពួក​បុរស​មកពី​ទីក្រុង សលត៍ លេក បាន​មកដល់​ជាមួយនឹង​រទេះ​របស់​ពួកគេ ។ ពួកគេ​បាន​ផ្តល់​អាហារ និង​សម្លៀកបំពាក់​ដល់​ពួកបរិសុទ្ធ ។ ពួកបរិសុទ្ធ​បាន​អបអរសាទរ និង​សើច ហើយ​ឱប​ពួកបុរស​ទាំងនោះ ។ ពួកគេ​បាន​ច្រៀង​ទំនុកតម្កើង​មួយ និង​អរគុណ​ព្រះវរបិតាសួគ៌​សម្រាប់​ការឆ្លើយតប​ការអធិស្ឋាន​របស់ពួកគេ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៦:២៨, ពួកបរិសុទ្ធ, ២:២៣៦

ពួកបរិសុទ្ធ​ដែល​ធ្វើដំណើរ នៅទីបំផុត​បាន​មកដល់​ជ្រលងភ្នំ សលត៍ លេក 

នៅពេល​ដែល​ពួកគេ​បាន​ទៅដល់​ជ្រលងភ្នំ នោះ​វាគឺជា​ថ្ងៃអាទិត្យ ។ ព្រិកហាំ យ៉ង់ បាន​ប្រាប់​សមាជិក​នៃ​សាសនាចក្រ​នៅ​ទីក្រុង សលត៍ លេក ថា​ជំនួស​ឲ្យ​ការទៅ​ព្រះវិហារ ពួកគេ​គួរតែ​ទៅ​ស្វាគមន៍​ពួកបរិសុទ្ធ​ដែល​ទើប​បាន​មកដល់ ។ ពួកគេ​បាន​ស្វាគមន៍​ពួកបរិសុទ្ធ​ដែល​កំពុងរងា និង​អស់កម្លាំង ហើយ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់ពួកគេ ។

ពួកបរិសុទ្ធ, ២:២៣៩–២៤០