« ពួកសាវកបម្រើបេសកកម្មនៅចក្រភពអង់គ្លេស » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« ពួកសាវកបម្រើបេសកកម្មនៅចក្រភពអង់គ្លេស » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែកក្កដា ឆ្នាំ១៨៣៨–ខែកក្កដា ឆ្នាំ១៨៤១
ពួកសាវកបម្រើបេសកកម្មនៅចក្រភពអង់គ្លេស
ការទុកចិត្តលើសេចក្តីសន្យារបស់ព្រះអម្ចាស់
នៅក្នុងវិវរណៈមួយទៅកាន់ យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានហៅពួកសាវកឲ្យបម្រើបេសកកម្មឆ្លងកាត់មហាសមុទ្រទៅកាន់ចក្រភពអង់គ្លេស ។ ទោះបីជាវាមានការលំបាកសម្រាប់យ៉ូសែប ក្នុងការមានសាវកនៅឆ្ងាយដូច្នេះក៏ដោយ តែលោកបានជឿទុកចិត្តលើព្រះអម្ចាស់ ។ វាក៏ជាការលំបាកសម្រាប់ពួកសាវកក្នុងការចាកចេញពីគ្រួសាររបស់ពួកគេផងដែរ ។ ប៉ុន្តែព្រះអម្ចាស់បានសន្យាថានឹងប្រទានពរដល់ពួកគេ ។
ហ៊ីប៊ើរ ស៊ី ឃឹមបឹល និងភរិយារបស់លោក វីលេត មានកូននៅតូចៗ ។ ពួកគេមានទារកដែលមានអាយុត្រឹមតែមួយខែប៉ុណ្ណោះ ។ សមាជិកជាច្រើនក្នុងគ្រួសាររបស់ពួកគេឈឺធ្ងន់ ។
ពួកបរិសុទ្ធ, ១:៤០៥
ព្រិកហាំ យ៉ង់ ក៏ឈឺផងដែរ ហើយគ្រួសាររបស់លោកមានជីវភាពក្រីក្រ ។ ប៉ុន្តែភរិយារបស់ព្រិកហាំ គឺ ម៉ារី អាន បានប្រាប់លោកថា « សូមបងទៅបំពេញបេសកកម្មរបស់បងចុះ ហើយព្រះអម្ចាស់នឹងប្រទានពរដល់បង » ។
ពួកបរិសុទ្ធ, ១:៤០៤–៤០៥
ព្រិកហាំចាប់ផ្តើមធ្វើដំណើរទៅ ប៉ុន្តែនៅពេលដែលលោកបានទៅដល់ផ្ទះរបស់ហ៊ីប៊ើរ នោះលោកធ្លាក់ខ្លួនចុះខ្សោយខ្លាំង ដែលលោកមិនអាចដើរបាន ។ លោកបានស្នាក់នៅជាមួយគ្រួសាររបស់ហ៊ីប៊ើរ រយៈពេលពីរបីថ្ងៃ ។
ពួកបរិសុទ្ធ, ១:៤០៥
ម៉ារី អាន បានមកមើលថែព្រិកហាំ រហូតទាល់តែគាត់ និងហ៊ីប៊ើរមានសុខភាពល្អគ្រប់គ្រាន់ដើម្បីចេញដំណើរទៅ ។ ពួកលោកទាំងពីរមានសុខភាពខ្សោយខ្លាំងណាស់ ប៉ុន្តែពួកលោកមានបំណងចង់ផ្សព្វផ្សាយដំណឹងល្អ ។
ពួកបរិសុទ្ធ, ១:៤០៥
ហ៊ីប៊ើរ និងព្រិកហាំបានលាប្រពន្ធរបស់ពួកលោក ហើយឡើងជិះពីក្រោយរទេះ ។ ពួកលោកមានអារម្មណ៍មិនល្អក្នុងការចាកចេញចោលគ្រួសាររបស់ពួកគេដែលឈឺ និងក្រីក្រ ។ ខណៈដែលរទេះបានបរចេញទៅ នោះហ៊ីប៊ើរបាននិយាយទៅកាន់ព្រិកហាំថា « នេះពិតជាពិបាកខ្លាំងណាស់ » ។ លោកចង់ជួយគ្រួសាររបស់ពួកគេឲ្យមានអារម្មណ៍ក្លាហាន ។ ហ៊ីប៊ើរបានស្នើសុំអ្នកបររទះឲ្យឈប់ ។
ពួកបរិសុទ្ធ, ១:៤០៥–៤០៦
ពីខាងក្នុងផ្ទះ វីលេតបានឮសំឡេងមួយ ។ នាងបានដើរទៅកាន់ទ្វារ ដែលជាកន្លែងដែល ម៉ារី អាន កំពុងឈរ ។ ពួកគេបានមើលឃើញ ព្រិកហាំ និងហ៊ីប៊ើរនៅខាងក្រោយរទេះ ដោះមួករបស់ពួកលោកគ្រវីនៅលើអាកាស ហើយស្រែកថា « ហ៊ូរ៉ា ! ហ៊ូរ៉ា ! ហ៊ូរ៉ា សម្រាប់អ៊ីស្រាអែល ! » ពួកស្ត្រីទាំងនោះបានឆ្លើយតប « លាហើយ ! សូមឲ្យព្រះប្រទានពរដល់បង ! »
ពួកបរិសុទ្ធ, ១:៤០៦
បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់មហាសមុទ្រដ៏វែងឆ្ងាយហ៊ីប៊ើរ និងព្រិកហាំ បានមកដល់ចក្រភពអង់គ្លេស ។ ជាមួយនឹងពួកសាវកផ្សេងទៀត ពួកគេបានបង្រៀនមនុស្សជាច្រើនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មនុស្សជាច្រើនបានទទួលពិធីបុណ្យជ្រមុជទឹក ហើយចូលរួមក្នុងសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។
ពួកបរិសុទ្ធ, ១:៤០៨–៤១១
មនុស្សជាច្រើនដែលបានទទួលពិធីបុណ្យជ្រមុជទឹកនៅចក្រភពអង់គ្លេសបានផ្លាស់ទៅរស់នៅទីក្រុងណៅវូ ដើម្បីជួយសាងសង់ទីក្រុង និងព្រះវិហារបរិសុទ្ធ ។ ព្រះអម្ចាស់បានរក្សាការសន្យារបស់ទ្រង់ថានឹងថែរក្សាក្រុមគ្រួសាររបស់ហ៊ីប៊ើរ និងព្រិកហាំ ខណៈពេលដែលពួកលោកបានបម្រើទ្រង់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
ពួកបរិសុទ្ធ, ១:៤៣៧–៤៣៩